អ្នកជំនាញខាងកិច្ចការអន្តរជាតិមើលឃើញថា យុទ្ធសាស្ត្រការពារអធិបតេយ្យ និងឯករាជភាពក្នុងគោលនយោបាយការបរទេសដាក់ចេញដោយរបបក្រុងភ្នំពេញ គឺមិនខុសគ្នាពីអ្វីដែលរបបខ្មែរក្រហម បានយកមកប្រើជាលេសដើម្បីឱ្យពួកគេអាចកាប់សម្លាប់ពលរដ្ឋខ្លួនឯងបានតាមអំពើចិត្តនោះទេ។ លោកថា យុទ្ធសាស្ត្រនេះនឹងរឹតតែធ្វើឱ្យកម្ពុជានៅឯកោពីក្រុមប្រទេសលោកខាងលិចហើយរុញច្រានប្រទេសនេះឱ្យស្ថិតនៅក្រោមការដឹកនាំផ្ដាច់មុខរបស់មហាអំណាចចិនទៅវិញទេ។
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ OccidentalCollege នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ថា សម័យខ្មែរក្រហម ក៏បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិចថា រំលោភអធិបតេយ្យរបស់ខ្លួននោះដែរ។ ជាលទ្ធផល ដោយសារពាក្យថារក្សាឬការពារអធិបតេយ្យនេះ ហើយទើបបណ្ដាលឱ្យរបបនេះក្រោមការដឹកនាំរបស់ ប៉ុល ពត អាចកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯងបានស្រេចតែអំពើចិត្ត។ លោកពន្យល់ថា អធិបតេយ្យ គឺជាសិទ្ធិ និងជាការទទួលខុសត្រូវព្រមគ្នា ក៏ប៉ុន្តែរបបក្រុងភ្នំពេញយល់ថា អធិបតេយ្យនេះត្រឹមតែជាសិទ្ធិប៉ុណ្ណោះហើយបានយកសិទ្ធិនេះមកអនុវត្តដោយគ្មានការទទួលខុសត្រូវឡើយ។ បណ្ឌិត អៀ សុផល បន្តថាការអនុវត្តសិទ្ធិអធិបតេយ្យខ្វះការទទួលខុសត្រូវបែបនេះ គឺពិតជាបច្ច័យអាក្រក់បំផុតមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
បណ្ឌិតអៀ សុផល លើកឡើងយ៉ាងដូច្នេះស្របពេល ដែលរបបក្រុងភ្នំពេញកំពុងតែបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមប្រទេសលោកខាងលិចពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្រោមហេតុផលថា ដើម្បីការពារអធិបតេយ្យរបស់កម្ពុជាកុំឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីដើមខែមីនានេះរបបលោក ហ៊ុន សែនបានដាក់ចេញនូវយុទ្ធសាស្ត្រចម្បងៗ ចំនួន៤ ជុំវិញការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា។ យុទ្ធសាស្ត្រទាំង៤ នោះ រួមមាន ទីមួយការការពារផលប្រយោជន៍គោលរបស់ជាតិពិសេសគឺការការពារឯករាជ្យ និងអធិបតេយ្យ។ ទីពីរធានាថា គោលនយោបាយការបរទេសនៅតែរឹងមាំហើយការងារការទូតបត់បែនបានឆ្លើយតបទៅនឹងសក្ដានុពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមមហាអំណាច។ ទីបី ការលើកកម្ពស់ការទូតសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងការទូតវប្បធម៌ ដើម្បីទទួលបាននូវប្រភពបន្ថែមសម្រាប់កំណើនតាមរយៈការពង្រីកមូលដ្ឋាន ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្ត្រចុងក្រោយ គឺការរួមវិភាគទានដ៏សកម្មក្នុងការបន្តរក្សាសន្តិភាពនិងដោះស្រាយបញ្ហាប្រឈមសកលនានា។ របបនេះ គូសបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានឹងមិនប្ដូរអធិបតេយ្យជាមួយជំនួយជាដាច់ខាត ហើយថា ខ្លួននឹងបន្តការពារសិទ្ធិអធិបតេយ្យក្នុងការធ្វើសេចក្ដីសម្រេចដោយឯករាជ្យ ដើម្បីការពារប្រយោជន៍គោលរបស់ជាតិការពារសន្តិភាពភាពសុខសាន្តរបស់ប្រជាជនប្រឆាំងតបនឹងអ្វីមួយ ដែលរបបនេះហៅថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
ឆ្លើយតបនឹងការដាក់ចេញនូវយុទ្ធសាស្ត្រនេះអ្នកជំនាញខាងកិច្ចការបរទេសរូបនេះពន្យល់ថា ការប្រើប្រាស់ពាក្យថា ការពារអធិបតេយ្យពីសំណាក់របបលោក ហ៊ុន សែន គឺគ្រាន់តែជាលេសមួយតែប៉ុណ្ណោះ។ បណ្ឌិត អៀ សុផល ថា ការអនុវត្តយុទ្ធសាស្ត្រនេះនឹងធ្វើឱ្យកម្ពុជាកាន់តែឯកោពីប្រទេសលោកខាងលិចហើយរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលក្រោមការដឹកនាំផ្ដាច់មុខរបស់ចិន។ លោកថា នយោបាយការបរទេសកម្ពុជាបច្ចុប្បន្នគ្មានភាពបត់បែនអ្វីដូចរបបនេះអះអាងនោះទេ ព្រោះថា របបក្រុងភ្នំពេញបានពឹងផ្អែកមហាអំណាចចិនហួសឆ្ងាយពី ៥០% ដែលប្រទេសមួយ ត្រូវរក្សាតុល្យភាពជាមួយដៃគូទំនាក់ទំនងបរទេសរបស់ខ្លួន។ លោកថា ជារឿងគួរឱ្យសោកស្ដាយដែលរបបក្រុងភ្នំពេញផ្អៀងទៅរកមហាអំណាចចិនដល់ទៅជាង ១៥០% នោះ។
បន្ថែមពីលើនេះលោកផ្ដល់ជាឧទាហរណ៍ដោយប្រៀបធៀបការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺទៅនឹងករណីជម្លោះគ្រួសារមួយ ដែលស្វាមីយកលុយគ្រួសារទៅលេងល្បែងស៊ីចាយផឹកស្រាស្រវឹងរួចត្រឡប់មកផ្ទះវិញវាយធ្វើបាបភរិយាខ្លួនហើយត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ ករណីនេះ លោក ប្រៀបប្រដូចស្វាមីទៅនឹងរបបក្រុងភ្នំពេញ ហើយអាជ្ញាធរទៅនឹងសហភាពអឺរ៉ុប។ លោកថា ការណ៍ដែលស្វាមីប្រកាសថា ខ្លួនមានសិទ្ធិវាយធ្វើបាបភរិយា ដោយសារតែខ្លួនមានសិទ្ធិគ្រប់គ្រងលើភរិយានេះឬថា ជាសិទ្ធិអធិបតេយ្យនេះ គឺជាគំនិតដ៏ខុសឆ្គងមួយ ដែលតាមការពិតស្វាមីត្រូវមានការទទួលខុសត្រូវក្នុងការការពារភរិយារបស់ខ្លួន។ បណ្ឌិត អៀ សុផល ថា ចៀសជាងកែប្រែស្ថានភាពរបស់ខ្លួនស្វាមីក្នុងឧទាហរណ៍នេះបែរជាទទូចសុំការពារសិទ្ធិរបស់ខ្លួនក្នុងការវាយដំភរិយា និងថា ខ្លួនមិនសមនឹងត្រូវបានចាប់ដាក់ពន្ធនាគារនោះទេតែគួរទទួលបានលុយដើម្បីយកទៅបន្តលេងល្បែងបន្ថែមទៀតទៅវិញ។
នៅមុននិងក្រោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មដកហូតប្រព័ន្ធរបស់ខ្លួននេះ មន្ត្រីគ្រប់ជាន់ថ្នាក់នៃរបបលោកហ៊ុនសែនតែងបានលាបពណ៌ក្រុមប្រឆាំងថា ធ្វើការបម្រើឱ្យនយោបាយប្រទេសលោកខាងលិចប្រឆាំងផលពលរដ្ឋខ្មែរទូទៅក្នុងស្រុកដោយបបួលគ្នាឱ្យបរទេសផ្ដាច់ជំនួយ។ របបនេះថែមទាំងឈានទៅចោទទង្វើរបស់សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចក្នុងការដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះថា ជាការរំលោភអធិបតេយ្យរបស់ខ្លួន និងជាការអនុវត្តស្តង់ដារពីរ ដែលរបបនេះយល់ថា ជារឿងអយុត្តិធម៌មកលើកម្ពុជា ដែលជាប្រទេសតូចតាចខណៈប្រទេសដទៃទៀត ដែលមានការរំលោភសិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យពិតប្រាកដអន់ជាងកម្ពុជាទៅទៀតក្រុមប្រទេសលោកខាងលិចទាំងនេះមិនបានអើពើ។
ផ្ទុយទៅវិញរបបនេះមិនបានពន្យល់ថា ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះសុទ្ធតែមានដាក់ភ្ជាប់នូវលក្ខខណ្ឌច្បាស់លាស់អំពីការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនិងថាការផ្ដល់ឱ្យនេះជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះក្រុមប្រទេសក្រីក្រ ឬមានការអភិវឌ្ឍតិចតួចឱ្យរួចផុតពីភាពក្រីក្រនោះ។ ម្យ៉ាងវិញទៀត ខុសពីប្រទេសដទៃទៀតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១ តម្រូវឱ្យមានការតាមឃ្លាំមើលពីប្រទេសសមាជិកចំនួន១៨ ដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដែលរួមមានមហាអំណាចធំៗ ដូចជា សហរដ្ឋអាមេរិកបារាំង អង់គ្លេស កាណាដាអូស្ត្រាលី ជាដើម។ មាត្រា៣ នៃ កិច្ចព្រមព្រៀងនេះស្ដីពីអធិបតេយ្យ ឯករាជ្យបូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាចែងថា ភាគីឯទៀត ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះសន្យាបង្កើន និងលើកទឹកចិត្តដល់ការគោរព និងអនុវត្តតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីជាពិសេសទប់ស្កាត់កុំឱ្យមានការរំលោភសិទ្ធិមនុស្សឡើងវិញ។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនេះក៏តម្រូវឱ្យមានការបន្តតាមដានដោយដិតដល់ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ។
របបនេះ ក៏មិនបានលើកឡើងមួយម៉ាត់ឡើយ និងធ្វើជាកាបំភ្លេចចោលទាំងស្រុងនូវរឿង ដែលខ្លួនបានបង្កើតដើមចមនៃបញ្ហា។ ដើមចមនោះ គឺគ្មានអ្វីក្រៅពីការរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សតាមរយៈការរៀបចំព្រឹត្តិការណ៍ឆ្នោតក្លែងក្លាយក្រោយរម្លាយបក្សប្រឆាំងនិងប្លន់អាសនៈបក្ខនេះតំណាងឱ្យឆន្ទៈពលរដ្ឋខ្មែរជាងពាក់កណ្ដាលនគរ និងការជម្នះបង្កើតរដ្ឋាភិបាលថ្មីខ្វះការទទួលស្គាល់ពីភាពស្របច្បាប់ពីសហគមន៍អន្តរជាតិនោះ។ បន្ថែមពីនេះ របបនេះក៏បានបើកការបង្ក្រាប និងធ្វើទុក្ខបុកម្នេញយ៉ាងចាស់ដៃមកលើអង្គការសង្គមស៊ីវិលបណ្ដាញផ្សព្វផ្សាយឯករាជ្យ និងសំឡេងរិះគន់ដទៃ។ បណ្ឌិត អៀ សុផល ថា ទីផ្សាររបស់មហាអំណាចចិន និងប្រទេសកុម្មុយនិស្តដទៃមិនអាចទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាបាននោះទេ ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនមែននាពេលខាងមុខនេះ។ លោកថា ប្រទេសកុម្មុយនិស្តទាំងនោះក៏មានកម្មកររោងចក្រកាត់ដេររបស់ខ្លួន ដើម្បីចិញ្ចឹមនោះដែរ ហើយប្រទេសទាំងនោះមិនត្រូវការទិញសំលៀកបំពាក់ពីកម្ពុជានោះទេ។ លោកថា ក្រុមអ្នកទទួលទិញសំលៀកបំពាក់ទាំងនោះមិនមែនដើម្បីយកទៅលក់ឱ្យចិននោះទេតែពួកគេទុកយកទៅលក់នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
កម្ពុជានឹងត្រូវខាតបង់ជិត ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកលុបចោលប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន។ នេះមិនទាន់រាប់បញ្ចូលបន្ថែមពីលើបន្ទុកខាតបង់ពីការតម្រូវឱ្យបង់ពន្ធអង្ករទៅអឺរ៉ុបក្នុងមួយឆ្នាំមិនតិចជាង ៥០លានដុល្លារអាមេរិកការខាតបង់ការអនុគ្រោះពន្ធជាមួយអង់គ្លេស ប្រសិនបើប្រទេសនេះដកខ្លួនចេញពីសហភាពអឺរ៉ុប ដែលអាចនឹងធ្វើឱ្យពលរដ្ឋខ្មែររាប់លាននាក់រអិលធ្លាក់ខ្លួនក្រវិញយ៉ាងឆាប់រហ័សនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។