នាទី​កិច្ចការ​អន្តរជាតិ​ប្រចាំ​សប្ដាហ៍​៖ សម្ភាស​លោក អ៊ិន ចាន់នី ករណី​លាង​លុយ​កខ្វក់ (ភាគ១)

ដោយ មាន ឫទ្ធិ
2019-03-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត អ៊ិន ចាន់នី អភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA BANK PLC)
បណ្ឌិត អ៊ិន ចាន់នី អភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA BANK PLC)
Photo courtesy of In Channy's Facebook

ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ពិភពលោក ឬ​ហៅថា ក្រុមការងារ​ចំណាត់​ការ​ហិរញ្ញវត្ថុ FATF ជាថ្មី​ម្ដង​ទៀត បាន​ដាក់​បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជី «​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ចំនួន ១២ នៅ​លើ​ពិភពលោក ដែល​មាន​កង្វះខាត​ជា​យុទ្ធសាស្ត្រ ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​។ ស្ថាប័ន FATF ផ្ដល់​ហេតុផល​ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​ទៅ​នឹង​ការ​លាក់បាំង​ហិរញ្ញវត្ថុ​បាន​មក​ពី​ប្រភព​ខុសច្បាប់​នានា។ ការ​ដាក់​បញ្ចូល​ជាថ្មី​ម្តង​ទៀត​នេះ ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ស្ថិ​តក្នុង​បញ្ជី​នៃ​ការ​ឃ្លាំមើល​ពិសេស​ពី​សំណាក់​ស្ថាប័ន FATF

អ្នក​ជំនាញ​ខាង​វិស័យ​ធនាគារ​ឯកជន បណ្ឌិត អ៊ិន ចាន់នី យល់ថា នេះ​មិនមែន​ជា​រឿង​ថ្មីថ្មោង​ទេ សម្រាប់​កម្ពុជា ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី «​ប្រផេះ​» របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​របស់​ពិភពលោក​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ។ បណ្ឌិត អ៊ិន ចាន់នី មិន​យល់ស្រប​ទៅ​នឹង​កង្វល់​មួយ​ចំនួន ដែល​ថា ហេតុការណ៍​នេះ អាច​បណ្ដាល​ឱ្យ​កម្ពុជា​ទទួលរង​នូវ​ការបាត់បង់​ទំនុក​ចិត្ត ការកាត់បន្ថយ​លំហូរ​ហិរញ្ញវត្ថុ វិនិយោគទុន និង​ពាណិជ្ជកម្ម​អន្តរជាតិ ជាដើម​នោះ​ទេ ដោយសារ​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា ឆ្លងកាត់​យន្តការ​ត្រួត​ពិនិត្យ​តាមដាន​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ហ្មត់ចត់​បំផុត​។ លោក​ថា វិស័យ​ឯកជន​នឹង​មិន​បណ្ដែតបណ្ដោយ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី «​ខ្មៅ​» របស់​ស្ថាប័ន​នេះ​ឡើយ ព្រោះថា​វិស័យ​ឯកជន​ត្រូវការ​ការ​រីកចម្រើន​ជានិច្ច និង​កំពុង​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាប់ ដើម្បី​ឱ្យ​រួច​ផុត​ពី​ចំណាត់ថ្នាក់​មិនល្អ​នេះ។

នេះ​ជា​បទសម្ភាសន៍​ភាគ​ទី ១ រវាង​លោក មាន ឫទ្ធិ និង​បណ្ឌិត អ៊ិន ចាន់នី អភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA BANK PLC) ជុំវិញ​ការយល់ឃើញ​របស់​លោក លើ​ករណី​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ពិភពលោក ដាក់បញ្ចូល​កម្ពុជា​ក្នុង​បញ្ជី «​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ងាយ​រងគ្រោះ​នឹង​អំពើ​លាង​លុយកខ្វក់​នេះ ដូចតទៅ៖

មាន ឫទ្ធិ៖ ការ​ដាក់​ក្នុង​បញ្ជី​ឃ្លាំមើល​ពិសេស ក្នុងចំណោម ១២ ប្រទេស​នេះ មានន័យ​ដូចម្តេច​ដែរ​សម្រាប់​ប្រទេស​ខ្មែរ​យើង ព្រោះ​មានការ​លើក​ឡើង​ថា កម្ពុជា​ពុំ​ទាន់​បាន​ចាត់​វិធានការណ៍ ឬក៏​មាន​កង្វះខាត​ផ្នែក​យុទ្ធសាស្ត្រ​ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាងលុយ​កខ្វក់​? តើ​បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​អ្វីខ្លះ?

អ៊ិន ចាន់នី៖ តាម​ពិត​ទៅ​វា​មិន​ដូច្នោះ​ទេ លោក! បើ​យើង​គិត​ទៅ ថា​តើ​មាន​អ្វី​ដែល​អាច​ចោទ​ថា ប្រទេស​យើង​ជា​ប្រទេស​លាង​លុយ​នោះ វា​មិន​ពិត​ដូច្នោះ​ទេ​។ យើង​មើល​ការណ៍​ដែល​សម្រាប់​សេវា International Remittance ឬ​គេ​ហៅ​ការ​ផ្ញើ​ប្រាក់​ជា​អន្តរជាតិ គឺ​មានតែ​ធ្វើ​ទៅតាម​ប្រព័ន្ធ​ធនាគារ​ទេ។ ហើយ​ធនាគារ​ទាំងអស់​ហ្នឹង តែង​មាន filter ដូច​តម្រង​នៃ​ច្បាប់​អ៊ីចឹង។ បើ​ប្រទេស​យើង​គេ​ហៅថា អង្គភាព​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ ដែល​ជា​អាជ្ញាធរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ យើង​មាន​ច្បាប់​មួយ​យ៉ាង​ហ្មត់ចត់ តឹងតែង​ជាទីបំផុត នេះ​ទីមួយ​។ ហើយ​ទី​ពីរ គ្រប់​ស្ថាប័ន​ធនាគារ​ទាំងអស់​ដែល​មាន​ដៃគូ ហៅថា International Corresponding Bank ដៃគូ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​អន្តរជាតិ។

ដៃគូ​របស់​យើង ដូច​យើង​ដឹង​ហើយ​ថា ការផ្ទេរ​លុយ​អន្តរជាតិ​ហ្នឹង ត្រូវតែ​ឆ្លងកាត់​តាម​សហរដ្ឋអាមេរិក ទីក្រុង​ញ៉ូវយ៉ក ដែល​ប្រើ​រូបិយ​ប័ណ្ណ​លុយ US ដុល្លារ។ យើង​មាន​ដៃគូ​បរទេស​ដែល ជា Bank របស់​ដៃគូ​យើង​នៅ​សហរដ្ឋអាមេរិក​ហ្នឹង សម្រាប់​គាំទ្រ​ទៅលើ​ការផ្ទេរ​លុយ​ជា​អន្តរជាតិ​។ ម្នាក់ៗ​ហ្នឹង នៅ​ក្រោម​ច្បាប់​មួយ គេ​ហៅថា KYC គឺ​ស្គាល់​អតិថិជន​របស់​យើង​ឱ្យ​បាន​ច្បាស់ និង​ស្គាល់​អតិថិជន​របស់​អតិថិជន​របស់​យើង​។ នេះ បានន័យ​ថា ប្រព័ន្ធ​ហ្នឹង​គឺ​ច្បាស់លាស់​មែនទែន​។ គឺថា​មិន​អាច​នរណា​ម្នាក់ ធ្វើ​រំលង​លើ​ច្បាប់​នេះ​បានទេ​។ ព្រោះ​យើង​កាន់​អាជ្ញាប័ណ្ណ​ដែល​ប្រគល់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឱ្យ​យើង​ធ្វើ​ប្រតិបត្តិការ​នេះ​។ ប្រតិបត្តិការ​របស់​អាជីវកម្ម​ធនាគារ​នេះ គេ​កំណត់​បី គឺ​ទីមួយ​យើង​អាច​ប្រមូល​ប្រាក់​សន្សំ​។ ទី​ពីរ​គឺ​យើង​អាច​ធ្វើ​ឥណទាន ហើយ​ទី​បី​គឺ​ផ្ដល់​មធ្យោបាយ​ទូទាត់ ដែល​មធ្យោបាយ​ទូទាត់​នេះ គឺ​មាន​ការ​ទូទាត់​ជា​អន្តរជាតិ​។ បើ​មាន​នរណា​ម្នាក់​រំលោភ​រឿង​ហ្នឹង គឺ​យើង​ត្រូវ​បាត់​អាជីព​ហើយ​។​នេះ ចំពោះ​ច្បាប់​របស់​ប្រទេស​យើង​ទី​មួយ​។ ទី​ពីរ ដែល​ខ្ញុំ​និយាយ​ពី​អង្គភាព​សម្អាត​សាច់ប្រាក់​ហ្នឹង គឺ​មាន​វិធានការណ៍​យ៉ាង​ហ្មត់ចត់​ច្បាស់លាស់​ណាស់ សម្រាប់​ធ្វើ​អធិការកិច្ច​ទៅ​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ធនាគារហ្នឹង យ៉ាង​ទៀងទាត់​ទៅទៀត។

ដៃគូ​បរទេស​យើង​ទៀត មិន​អនុញ្ញាត​ដាច់ខាត​។ អ៊ីចឹង​បាន​ខ្ញុំ​ប្រើ​ពាក្យ​ថា Impossible មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ Bank ធ្វើ​អាជីវកម្ម​ផ្ទេរ​លុយ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ។ នេះ​មានន័យថា បើ​យើង​ផ្ទេរ​មិន​ត្រឹមត្រូវ ដៃគូ​យើង​ឯណោះ នៅ​សហរដ្ឋអាមេរិក នៅ​បរទេស​ហ្នឹង នឹង​រង​ពិន័យ។ យើង​ដឹង​ហើយ ច្បាប់​ពិន័យ​នៅ​សហរដ្ឋអាមេរិក មិន​តិច​ជាង ៥០០ លាន​ទេ មួយៗ សម្រាប់​មួយ Case ៗ រហូតដល់​រាប់ពាន់​លាន​ឯណោះ​។ អ៊ីចឹង​ដៃ​គូ​អន្តរជាតិ​នេះ មិន​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​ដាច់ខាត​។ បើសិនជា​យើង​ហ៊ាន​ធ្វើ ទីមួយ គឺ​គេ​ត្រូវ​ទទួលទោស​ខ្លួន​គេ។ ទី​ពីរ​គឺ​យើង​ខ្លួនឯង នៅ​ក្នុង​ស្រុក​នេះ គឺ​បាត់ ១ ភាគ ៣ នៃ​ប្រតិបត្តិ​ការដែល​យើង​អាច​ធ្វើ​បាន ដូច​ខ្ញុំ​រៀបរាប់​មុន​នេះ​អ៊ីចឹង​។ អាជ្ញាប័ណ្ណ​របស់​យើង​ឱ្យ​ធ្វើ​រឿង​បី​ហ្នឹង​។ កាលណា​អត់​ឱ្យ​ផ្ទេរ​លុយ​អន្តរជាតិ គឺ​យើង​ត្រូវ​បាត់ ១ ភាគ ៣ បាត់​ទៅ​ហើយ​។ នេះ​ចំពោះ​អន្តរជាត។ ចំពោះ​ប្រទេស​យើង ធនាគារ​ជាតិ នឹង​ដក​អាជ្ញាប័ណ្ណ​យើង​ដោយ​ស្វ័យប្រវត្តិ បើ​យើង​ហ៊ាន​រំលោភ​ករណី​នេះ។ អ៊ីចឹង បានជា​ខ្ញុំ​ចង់​បញ្ជាក់​ថា ព័ត៌មាន​ដែល​និយាយ​អំពី​បញ្ហា​ដាក់​ចូល​បញ្ជី ប្រផេះ​នេះ រឿង​ហ្នឹង​បើ​និយាយ​អំពី​ផែនការ​សកម្មភាព វា​គឺជា​សកម្មភាព​ដែល​កំពុងតែ​ធ្វើ។

មាន ឫទ្ធិ៖ មួយវិញទៀត យើង​ឃើញ​ថា កាលពី​ឆ្នាំ​២០១៥ ហ្នឹង ប្រទេស​ខ្មែរ​យើង​ក៏​ធ្លាប់​ជាប់​ក្នុង​ចំណាត់ថ្នាក់ ប្រផេះ របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយកខ្វក់​អន្តរជាតិ FATF នេះ​។ ក៏ប៉ុន្តែ ក្រោយមក​ក៏​មាន​ការលើកលែង​ចោល​វិញ មានន័យថា ដក​ចេញពី​បញ្ជី​ប្រផេះ​នេះ​វិញ​។ ក៏ប៉ុន្តែ ឥឡូវនេះ ២០១៩ នេះ កម្ពុជា​យើង​ធ្លាក់​ចូល​ក្នុង​បញ្ជី​ឃ្លាំមើល​ដដែល​វិញ​។ តើ​នេះ មិនមែន​មានន័យថា ជា​ការ​ធាក់​ថយក្រោយ ឬ​ជំហាន​ថយក្រោយ​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាងលុយ​កខ្វក់​ដែរ​ឬ​ទេ?

អ៊ិន ចាន់នី៖ ក្នុង​រឿង​នេះ កាលពី​ឆ្នាំ ២០១៥ ហ្នឹង គេ​បាន Comments ឱ្យ​យើង​មាន​ច្បាប់ គឺ​សម្រាប់​ដាក់ទោស​ពិន័យ​ចំ​ពោះ​អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ក្នុង​រឿង​ហ្នឹង​។ ហើយ​ស្រុក​យើង​បាន​ធ្វើ​ច្បាប់​ហ្នឹងហើយ​តាម​ខ្ញុំ​ដឹង​។ អ្វី​ដែល​គេ​លើកឡើង​នោះ គឺថា មាន​ច្បាប់​ហើយ ទាល់តែ​មានការ​កាត់ទោស ការវិនិច្ឆ័យ​ទោស​ពី​បទ​អ៊ីចឹង​ទៀត​។ តែ​ដំណាក់កាល​នេះ គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​បន្ត។ វា​មិនមែន​ជា​រឿង​ត្រូវ​ធ្វើ​តែម្ដង​ហើយ​ចប់​នោះ​ទេ​។ តាម​ធម្មតា នៅ​ក្នុង​ការ​ឃ្លាំមើល ឧបមា​ថា គេ​ដាក់​ក្នុង​ការ​ឃ្លាំមើល គេ​មក​មើល​ថា​តើ​យើង​បាន Improve អ្វីខ្លះ​? យើង Improve ហើយ​។ ប៉ុន្តែ គ្រាន់តែ​ថា Improve ហ្នឹង មិនបាន​ទៅតាម​ល្បឿន​ដែល​អ្នក​ចង់បាន ឱ្យ​លឿន​រហ័ស​នោះ​ទេ ពីព្រោះ​វា​មានរឿង​ច្រើន​ត្រូវ​ធ្វើ​។ តែ​មិនមែន​ជា​រឿង​ធាក់​ថយ​ទេ ព្រោះ​យើង​តាំង​ពី​ដើម​មក​នៅ​ក្នុង បញ្ជី​ប្រផេះ​នេះ​។ វា​មិនមែន​ជា​រឿង​អី​ធ្ងន់​នោះ​ទេ​។ ប៉ុន្តែ យើង​ត្រូវ​មាន​វិធានការណ៍​ដើម្បី​ធ្វើការ​កែ​លម្អ ដើម្បី​វិល​ទៅ​រក​ចំណាត់ថ្នាក់​ធម្មតា​វិញ​។ ខ្ញុំ​និយាយ​នេះ គឺ​នៅ​ក្នុង​វិស័យ​ឯកជន​សុទ្ធសាធ ព្រោះ​ខ្ញុំ​នៅ​ក្នុង​វិស័យ​ហ្នឹង ហើយ​ខ្ញុំ​យល់​ការងារ​ហ្នឹង​ច្បាស់​។ អ៊ីចឹង​បាន​ខ្ញុំ​ចង់​បញ្ជាក់​ហ្នឹង មិនមែន​ក្នុង​ន័យ​ការពារ​វិស័យ​ឯកជន​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ពិត​។ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ គឺ​មិន​អាច​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បានទេ គឺ​យើង​ត្រូវតែ​គោរព​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ជា​មូលដ្ឋាន​នេះឯង។

មាន ឫទ្ធិ៖ នេះ​មាន​ន័យ​ថា ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ប្រផេះ របស់​ស្ថាប័ន FATF នេះ មិនមែន​ជា​ការណ៍​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ប្រព័ន្ធ ឬក៏​បង្កើត​ជា​បញ្ហា ឬ​ផល​ប៉ះពាល់​អ្វីមួយ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឬ​ធនាគារ​របស់​កម្ពុជា​នោះ​ទេ? អាច​មាន​ទេ ទៅ​ថ្ងៃមុខ ប្រសិនបើ​យើង​មិនបាន​បំពេញ​តាម​កាតព្វកិច្ច​កែ​លម្អ ឬ​តាម​ការ​ឃ្លាំមើល​របស់​គេ គេ​សង្កេតឃើញ​មាន​បញ្ហា​អី យើង​ធ្លាក់​ចូល​ក្នុង​បញ្ជី «​ខ្មៅ​» តែម្ដង ដូច​ប្រទេស​អ៊ីរ៉ង់ ឬ​ប្រទេស​កូរ៉េខាងជើង ដែល​បញ្ជី​ខ្មៅ​នេះ ហាម​មិន​ឱ្យ​កម្ពុជា​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ជា​អន្តរជាតិ ដែរ​ឬទេ​បាទ?

អ៊ិន ចាន់នី៖ ប្រទេស​យើង​មិន​គាំទ្រ​ដាច់ខាត ចំពោះ​ប្រតិបត្តិការ​លាង​លុយ​កខ្វក់​នោះ​។ ខ្ញុំ​គិត​ថា ថ្នាក់ដឹកនាំ ជាពិសេស​អាជ្ញាធរ​រូបិយវត្ថុ​ជាតិ អាជ្ញាធរ​ធនាគារ​ជាតិ ហើយ​នឹង​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង គឺ​លោក​មាន​ផែនការ​សកម្មភាព​យ៉ាង​ហ្មត់ចត់​។ ព្រោះ​យើង​មានការ​រីកចម្រើន​លូតលាស់​សេដ្ឋកិច្ច​របស់​យើង គួរ​ឱ្យ​ពេញចិត្ត​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​។ ខ្ញុំ​គិត​ថា ម្នាក់ៗ​មិនមែន​គិត​ថា បើក​ឱ្យ​មាន​ភាព Negative នេះ​ទេ​។ គឺ​អត់​មែន​អ៊ីចឹង​ទេ គឺ​ម្នាក់ៗ​ខំប្រឹង​ណាស់​។ អ៊ីចឹង ប្រទេស​យើង​មិន​អាច​ទៅ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​បានទេ ព្រោះ​ក្នុង​វិស័យ​ឯកជន យើង​ត្រូវការ​លូតលាស់ យើង​ត្រូវការ​សេដ្ឋកិច្ច​របស់​យើង​រឹងមាំ ហើយ​យើង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាប់ ដើម្បី​ឱ្យ​យើង​រួច​ពី​បញ្ជី​ប្រផេះ​នេះ​។ យើង​កំពុងតែ​ធ្វើ​ហើយ​។ តាមពិត​ប្រទេស​យើង​កំពុងតែ​អនុវត្ត ព្រោះ​យើង​កំពុងតែ​ការពារ​ទាំងអស់​គ្នា​។ ខ្ញុំ​ចង់​បញ្ជាក់​អ៊ីចឹង យើង​មិន​បណ្ដោយ​ឱ្យ​យើង​ចូល​ក្នុង​បញ្ជី​ខ្មៅ​ដាច់ខាត។

មាន ឫទ្ធិ៖ ចុះ​មានការ​លើកឡើង​ពី​អ្នក​ជំនាញ​មួយ​ចំនួន​ថា ការ​ដាក់​ចូល​ក្នុង​បញ្ជី ប្រផេះ របស់​ស្ថាប័ន FATF នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានការ​លំបាក​ស្តារ​មុខមាត់ មានន័យថា មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ទី​ពីរ​ហ្នឹង ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម ឬ​លំហូរ​ហិរញ្ញវត្ថុ ជា​លក្ខណៈ​អន្តរជាតិ ការ​វិនិយោគ​ដោយ​សុចរិត​ភាព​ហ្នឹង នឹង​ត្រូវ​បាត់បង់​។ តើ​ការ​លើកឡើង​នេះ​យ៉ាងម៉េច​ដែរ​បាទ?

អ៊ិន ចាន់នី៖ ខ្ញុំ​សូម​បញ្ជាក់​ថា​រឿង​នេះ មិនមែន​ជា​រឿង​ថ្មី​ដែល​ទើបនឹង​កើតឡើង​ក្នុង​ឆ្នាំ ២០១៩ នេះ​ទេ​។ ខ្ញុំ​ចង់​បញ្ជាក់​ថា ជា​រឿង​ដែល​កើតឡើង ២០១៥ និង​ ២០១៦ ដូច​លោក​បាន​លើកឡើង​អ៊ីចឹង​។ ប៉ុន្តែ​គ្រាន់តែ​ក្រុម​ដែល​មក​ពិនិត្យមើល​ហ្នឹង ជា​រៀងរាល់​ឆ្នាំ​គាត់​មក​ពិនិត្យមើល​។ ដៃគូ​ពិភាក្សា​របស់​គាត់ គឺ​អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​ហ្នឹងហើយ​។ គ្រាន់តែ​គាត់​ឃើញ​ថា ការ Improve ការលូតលាស់​ហ្នឹង នៅ​តិច មិន​ទៅតាម​ចិត្ត​ដែល​គាត់​ចង់បាន​។ អ៊ីចឹង ខាង​សេវា​ផ្នែក​វិស័យ​ដទៃៗ​ដែល​គាត់​បារម្ភ​ថា មានការ​លំបាក​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ទៅវិញ​ថា ឆន្ទៈ​របស់​អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ គឺ​គេ​មិន​បណ្ដោយ​ឱ្យ​ប្រទេស​យើង​ធ្លាក់​ទៅ​ក្នុង​ការ​លំបាក​អ៊ីចឹង​ទេ ពីព្រោះ​គេ​ខំប្រឹង​ធ្វើការ​កែ​លម្អ​ឱ្យ​វា​ប្រសើរ​ឡើង។

មាន ឫទ្ធិ​៖ ចុះ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ដែរ​ថា ការ​ដាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​នេះ គឺ​ដោយសារ​មានការ​សង្ស័យ​ពី​រឿង​លំហូរ​វិនិយោគទុន​របស់​ក្រុមហ៊ុន​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​លើ​វិស័យ​កាស៊ីណូ និង​វិស័យ​ធនាគារ ក៏ដូចជា​អចលនទ្រព្យ​អី​ជាដើម ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ថា ខាង​កម្ពុជា​ហ្នឹង​មិនបាន​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រភព​សាច់ប្រាក់​ទាំងអស់​នោះ​ទេ។ ការណ៍​នេះ អាច​ជា​ការ​​លាង​លុយ​កខ្វក់​... តើ​ការណ៍​នេះ​យ៉ាងម៉េច​ដែរ​បាទ?

អ៊ិន ចាន់នី​៖ មិន​ដូច្នោះ​ទេ​លោក គ្រាន់តែ​ក្នុង​វិស័យ​ដទៃ ខ្ញុំ​ដូច​ចាំ​រឿង​ដែល​ខ្ញុំ​បញ្ជាក់​ខាងដើម​អ៊ីចឹង​ថា លុយ យើង​ហៅថា​ជា​រូបិយ​ប័ណ្ណ US ដុល្លារ ការ​ទូទាត់​មក​ហ្នឹង គឺ​ត្រូវតែ​ឆ្លង​ទីក្រុង​ញ៉ូវយ៉​ក មិន​អាច​មាន​មូលនិធិ​ណា​ដែល​ធ្វើ​ក្រៅពី​តាមរយៈ​ធនាគារ​ទេ ព្រោះ​មិន​អាច​ដឹក​លុយ​មក​តាម​ឡាន មក​តាម​កប៉ាល់​អី​ទេ​។ គឺ​ត្រូវតែ​មក​តាម​ប្រព័ន្ធ​ធនាគារ។ អ៊ីចឹង​កាលណា​មក​តាម​ប្រព័ន្ធ​ធនាគារ​គឺ​ច្បាស់លាស់​។ គ្មាន​នរណា​អាច​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បាន​នោះ​ទេ ពីព្រោះ​លុយ ដុល្លារ​ជា​លុយ​សហរដ្ឋអាមេរិក ឆ្លងតាម Bank សហរដ្ឋអាមេរិក មក​កម្ពុជា​យើង​។ ដូច្នេះ មិន​អាច​មាន​វិស័យ​ណា​ទេ សូម្បីតែ​វិស័យ​អចលនទ្រព្យ​ហ្នឹង ការ​ទិញដូរ​ហ្នឹង ក៏​តាម​ប្រព័ន្ធ​ធនាគារ​ដែរ ហើយ​ការ​បង្វែរ​លុយ​មក​ក៏​តាម​ប្រព័ន្ធ​ធនាគារ​ដែរ​។ ដូច្នេះ មិន​អាច​មានការ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល