ឯកអគ្គរដ្ឋទូតផុតអាណត្តិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថា មូលហេតុដែលនាំឱ្យមានការដាក់ចេញនូវនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ គឺដោយសារសហភាពអឺរ៉ុបមានកង្វល់នានាជុំវិញបញ្ហាកម្ពុជា មិនអាចបំពេញបានតាមលក្ខខណ្ឌនៃប្រព័ន្ធ EBA នេះ ជាពិសេស បញ្ហាសិទ្ធិនយោបាយ ដោយសារតែមានការរម្លាយគណបក្សប្រឆាំង និងបញ្ហាដទៃទៀត។
នេះជាបទសម្ភាសន៍ភាគបញ្ចប់របស់លោក មាន ឫទ្ធិ នៃវិទ្យុអាស៊ីសេរី ជាមួយលោក ច្សច អេដហ្គា តាមប្រព័ន្ធវីដេអូស្កេប (Skype) កាលពីថ្ងៃទី២០ សីហា ជុំវិញបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា ក្រោយសហភាពអឺរ៉ុបដាក់ចេញនូវនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
មាន ឫទ្ធិ៖ ខ្ញុំក៏ចង់សាកសួរលោកដែរជុំវិញជំហរផ្លូវការរបស់សហភាពអឺរ៉ុប ទៅលើព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» នៅកម្ពុជា។ ដូចដែលលោកបានជ្រាបរួចហើយ ដោយប្រៀបធៀបទៅនឹងការបោះឆ្នោត «ក្លែងក្លាយ» នៅតាមបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោក ដូចជានៅប្រទេសវេណេហ្ស៊ុយអេឡាអីជាដើមនោះ យើងឃើញថា អ្វីដែលសហភាពអឺរ៉ុបបានឆ្លើយតបនោះ គឺហាក់បីដូចជាមានភាពខុសគ្នាទៅនឹងអ្វី ដែលខ្លួនបានឆ្លើយតបចំពោះបញ្ហានៅកម្ពុជា។ មានភាពខុសប្លែកពីគ្នាគឺនៅត្រង់ថា នៅកម្ពុជា សហភាពអឺរ៉ុបហ្នឹងពុំបានដាក់ចេញនូវច្បាប់រឹតត្បិតទិដ្ឋាការ ឬបង្កកទ្រព្យសម្បត្តិ ដើម្បីដាក់ទណ្ឌកម្មជាក់លាក់នោះទេ ចំពោះក្រុមមន្ត្រីគណបក្សកាន់អំណាចដែលបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» ។ ខ្ញុំចង់ដឹងថា ហេតុអ្វីបានជាសហភាពអឺរ៉ុប ធ្វើការឆ្លើយតបខុសគ្នាយ៉ាងដូច្នេះ ជាពិសេសហ្នឹងពាក់ព័ន្ធនឹងជំហរទាមទារឱ្យមានការបោះឆ្នោតឡើងវិញនោះ បាទ?
ច្សច អេដហ្គា៖ យើងឆ្លើយតបនឹងស្ថានភាពនីមួយៗផ្អែកតាមស្ថានភាពនៃបញ្ហានៅក្នុងប្រទេសនីមួយៗ។ ខ្ញុំពិតជាពុំចង់ធ្វើការប្រៀបធៀបស្ថានភាពនៅកម្ពុជាទៅនឹងស្ថានភាពនៅឯប្រទេសដទៃទៀតនោះទេ ជាពិសេសប្រទេសក្នុងតំបន់ដទៃទៀតដែលខ្ញុំពុំមានជំនាញច្បាស់លាស់នោះ។ ជាថ្មីម្ដងទៀត មូលហេតុដែលនាំឱ្យមានការដាក់ចេញនូវនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះ គឺដោយសារតែមានកង្វល់មួយចំនួនពាក់ព័ន្ធទៅនឹងការមិនអាចបំពេញបានតាមលក្ខខណ្ឌនៃប្រព័ន្ធ EBA នេះ។ កង្វល់ទាំងនោះមួយចំនួន វាពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិនយោបាយ ដោយសារតែមានការរម្លាយគណបក្សប្រឆាំង និងបញ្ហាដទៃទៀត...។ ខ្ញុំគិតថា យើងពិនិត្យមើលលើបញ្ហាអស់ទាំងនេះផ្អែកតាមស្ថានភាពជាក់ស្ដែងរបស់វានីមួយៗដាច់ដោយឡែកពីគ្នា...។ ក៏ប៉ុន្តែ ខ្ញុំមិនគិតថា វាជារឿងចាំបាច់ ក្នុងការទៅប្រៀបធៀបជាមួយនឹងស្ថានភាពក្នុងប្រទេសដទៃទៀត ដែលជំហររបស់សហភាពអឺរ៉ុប មានភាពខុសប្លែកពីគ្នា ហើយមានស្ថានភាពខុសគ្នានោះទេ។
មាន ឫទ្ធិ៖ ក៏ប៉ុន្តែ តើលោកមិនគិតទេថា ដោយសារតែសហភាពអឺរ៉ុបធ្វើដូច្នេះ ប្រទេសដទៃក្នុងតំបន់អាស៊ី អាចនឹងដើរតាមលំនាំអាក្រក់របស់កម្ពុជា រួចហើយនាំគ្នារៀបចំការបោះឆ្នោតក្លែងក្លាយ ដោយសារតែមេដឹកនាំប្រទេសអស់ទាំងនោះគិតថា នឹងមិនមានការដាក់ទណ្ឌកម្មខ្លាំងក្លាប្រឆាំងនឹងពួកគេ ពីសំណាក់សហភាពអឺរ៉ុបនោះទេ?
ច្សច អេដហ្គា៖ ដូចដែលខ្ញុំបាននិយាយហើយអ៊ីចឹង យើងពិនិត្យមើលទៅលើប្រទេសនីមួយៗ និងស្ថានភាពនីមួយៗ ផ្អែកតាមរឿងរ៉ាវជាក់ស្ដែងរបស់វារៀងៗ ខ្លួន។ នៅពេលដែលយើងមានកង្វល់ស្រដៀងគ្នា ចំពោះបញ្ហានៅប្រទេសដទៃ នោះយើងនឹងស្វែងរកដំណោះស្រាយ តាមរយៈកិច្ចពិភាក្សា និងការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល ឬមួយក៏ក្នុងករណីខ្លះទៀត តាមរយៈការចាត់វិធានការណ៍ផ្សេងៗតាមការចាំបាច់។ ប៉ុន្តែ ដូចដែលខ្ញុំបាននិយាយរួចហើយអ៊ីចឹង វាមិនជួយច្រើននោះទេ ក្នុងការព្យាយាមធ្វើការប្រៀបធៀបស្ថានភាពនេះ ទៅនឹងប្រទេសដទៃនោះ បាទ!
មាន ឫទ្ធិ៖ សំណួរចុងក្រោយរបស់ខ្ញុំ តើលោកមានពាក្យពេចន៍ ឬក៏សារអ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយខ្មែរដែរឬទេ?
ច្សច អេដហ្គា៖ អ្វីដែលខ្ញុំចង់និយាយនោះគឺថា សម្រាប់ខ្ញុំ នេះគឺជាលើកទីពីរហើយដែលខ្ញុំមកបំពេញការងារនៅកម្ពុជា។ កាលពីជិត ២០ឆ្នាំមុន ខ្ញុំបានបំពេញការងារនៅទីនេះ ធ្វើជាឯកអគ្គរាជទូតអង់គ្លេស។ វាជាក្ដីសោមនស្សមួយសម្រាប់ខ្ញុំ ដែលបានមកធ្វើការនៅទីនេះម្ដងទៀត ហើយដែលបានឃើញពីអ្វីដែលបានវិវឌ្ឍជាវិជ្ជមាននៅទីនេះ ជាពិសេសនោះ គឺខ្ញុំចង់សំដៅទៅលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម។ មានភាពខុសប្លែកគ្នាខ្លាំង។ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនោះ គឺពិតជាអាចជួយដល់កម្រិតនៃការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយនូវផលប៉ះពាល់ដោយសារតែភាពក្រីក្រ។ ហេតុការណ៍នេះ បានជួយជំរុញឱ្យមានលទ្ធភាពទទួលបានការអប់រំ និងលទ្ធភាពទទួលបានសេវាថែទាំសុខភាព ទូលំទូលាយជាងមុន។ ក៏ប៉ុន្តែ នៅមានរឿងរ៉ាវត្រូវធ្វើច្រើនទៀតនៅក្នុងវិស័យដទៃទៀត...។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវការអភិវឌ្ឍមួយ ដែលអាចទៅដល់មនុស្សគ្រប់គ្នា ជាពិសេសក្រុមប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលងាយទទួលការរងគ្រោះ។
មាន ឫទ្ធិ៖ បាទ! សូមអរគុណលោកឯកអគ្គរដ្ឋទូត ច្សច អេដហ្គា ដែលបានចំណាយពេលផ្ដល់បទសម្ភាសន៍នេះជាមួយអាស៊ីសេរី។
ច្សច អេដហ្គា៖ បាទ! សូមអរគុណលោកដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
