សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​កម្មវិធី​ព័ត៌មាន​ដើម្បី​ផ្ដល់​ព័ត៌មាន​ពិត​ពី​ក្នុង​និង​ក្រៅ​ប្រទេស

ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។
ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។ (Provided)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​បង្កើត​កម្មវិធី​ព័ត៌មាន​ថ្មី មួយ​ទៀត ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម (Facebook) ដែល​មាន​ឈ្មោះថា “​អរុណ​សួស្ដី​កម្ពុជា​ក្រោម​” ផ្សាយ​រាល់ថ្ងៃ អាទិត្យ នៅ​ម៉ោង ៧​ព្រឹក ម៉ោង​នៅ​កម្ពុជា​ក្រោម​។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​ដឹង​ថា កម្មវិធី​នេះ នឹង​ក្លាយ​ជា​ចន្លុះ​បំភ្លឺ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ឱ្យ​ប្រជាជាតិ​ខ្មែរ​ក្រោម​គ្រប់រូប បាន​យល់ដឹង​និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។

កម្មវិធី​នេះ នឹង​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទំព័រ​ហ្វេសប៊ុក សំឡេង​ខ្មែរ​កម្ពុជា​ក្រោម (Voice of Khmer Krom ) រយៈពេល​មួយ​ម៉ោង ក្នុង​មួយ​សប្ដាហ៍​។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា រយៈពេល ៧០​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​វៀតណាម ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងនោះ គ្មាន​សិទ្ធិ​សេរីភាព ទទួល​បាន​ព័ត៌មាន​ពិត និង​ឯករាជ្យ​នោះ​ទេ​។ ព្រះអង្គ​បន្ត​​ថា កម្មវិធី​ថ្មី​នេះ បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ ព័ត៌មាន​ស្ដីពី​កម្ពុជា​ក្រោម​ឱ្យ​មាន​ប្រសិទ្ធភាព៖ «លក្ខណៈ​ពិសេស​នោះ​គឺ​មាន​បងប្អូន​យើង​នៅ​គ្រប់​ប្រទេស​ដើម្បី​រាយការណ៍​អំពី​សកម្មភាព​របស់​សហព័ន្ធ​ធ្វើតាម​ប្រទេស និង​តំបន់​។ ជាពិសេស​ព្រឹត្តិការណ៍​កើតឡើង​ថ្មីៗ​នៅ​កម្ពុជា​ក្រោម យើង​យក​ព័ត៌មាន​ទាន់​ហេតុការណ៍»។

ការ​បង្កើត​នូវ​កម្មវិធី​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ទើបបាន​កោះ​ហៅ យុវតី​ខ្មែរ​ក្រោម​ម្នាក់ ចោទប្រកាន់​ពី​បទ​ចែកចាយ​ព័ត៌មាន ពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស​។ អាជ្ញាធរ​វៀតណាម​បាន​រឹបអូស​យក​ទូរស័ព្ធ និង ព្រមាន​យុវតី​នោះ មិន​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រៅ​ស្រុក​បន្ត​ទៀត​។ កាលពី​មិថុនា យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​ព្រមាន​កុំ​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ប្រារព្ធ​ធ្វើ​ខួប​៧០ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​។ កន្លងមក រដ្ឋាភិបាល​​វៀតណាម ក៏បាន​ចាប់​ព្រះសង្ឃ​ជាច្រើន​អង្គ ដាក់​ពន្ធនាគារ ដោយសារតែ​ព្រះសង្ឃ​បាន​ផ្ដល់​ព័ត៌មាន​ពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះអង្គ សឺង យ៉ឹងរតនា ព្រះ​ចៅអធិការ វត្ត​ខេមររង្សី នៅ​ទីក្រុង ហូស្សេ (San Jose) មាន​ថេរ​ដីកា​បន្ត​ទៀត តាមរយៈ​កម្មវិធី អរុណ​សួស្តី​ខ្មែរ​ក្រោម​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​អាច​ស្វែងយល់​ព័ត៌មាន​ពិត ហើយ​អាច​កែប្រែ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​ឱ្យ​ប្រសើរ​ឡើង​ជាង​មុន៖ «អរុណសួស្តី​កម្ពុជា​ក្រោម​ហ្នឹង ទី​មួយ​គឺ ព័ត៌មាន​ទាន់​ហេតុការណ៍ និង​ព្រឹត្តិការណ៍​ថ្មី​ដែល​កើតឡើង​នៅ​កម្ពុជា និង​ក្រៅ​ប្រទេស​។ ធ្វើ​យ៉ាងណា​ឱ្យ​បងប្អូន​យល់​ពី​ទិសដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម»។

បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើត​វិទ្យុ​ផ្សាយ​តាម​បណ្ដាញ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​និង​សារព័ត៌មាន​ផ្សាយ​តាម​អ៊ឺនធឺណិត ដើម្បី​ផ្ដល់​ព័ត៌មាន​សំខាន់ៗ មួយ​ចំនួន រួមមាន ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស វប្បធម៌ សាសនា ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ​ទៅដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ដែល​វៀតណាម​គ្រប់គ្រង​។

វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ដែល​មាន​អាសយដ្ឋាន www.VOKK.Net និង​សារព័ត៌មាន​ព្រៃនគរ ដែល​មាន​អាសយដ្ឋាន www.preynokornews.blogspot.com កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ពាំនាំ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ឺនធឺណិតទៅ​ឱ្យ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការត្រួតត្រា​របស់​របប​កុម្មុយនិស្ត​វៀតណាម ហើយ​ដែល​កំពុង​រឹតត្បិត​សេរីភាព​ផ្នែក​សារព័ត៌មាន​យ៉ាង​ខ្លាំង​នោះ​។ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០២ ចំណែក​ឯ​សារព័ត៌មាន​ព្រៃនគរ​ត្រូវ​បាន​បង្កើត ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ​២០០៨​។ សារព័ត៌មាន​ទាំងពីរ​នេះ មាន​មូលដ្ឋាន​នៅ​ទីក្រុង សានហូសេ (San Jose) រដ្ឋ​កាលីហ្វរនីញ៉ា (California) និង​មាន​បុគ្គលិក ៦​នាក់ ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក។ បុគ្គលិក​ទាំងនោះ ធ្វើការ​ងារ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ។

កាលពី​ខែ មិថុនា កន្លង​ទៅ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភពលោក បាន​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី ៧០​ឆ្នាំ ដែល​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​ក្រោម​ទាំង​ខុសច្បាប់ ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​រហូត​មក​ទល់​ពេល​នេះ​។ សហព័ន្ធ​ខ្មែរ​ក្រោម បាន​ជ្រើសរើស​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​នេះ ធ្វើ​យុទ្ធនា​ការស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​អនាគត​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ស្រាវជ្រាវ និង​សិក្សា​ពី​ប្រទេស​មួយ​ចំនួន​ដែល​ទើប​ទទួល​បាន​ឯករាជ្យ ដើម្បី​យក​បទពិសោធន៍ និង​រៀន​សូត្រ​តាម។

ព្រះអង្គ សឺង យ៉ឹងរតនា សំណូមពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់​ជួយ​តាមដាន​ស្ដាប់ និង​ទស្សនា កម្មវិធី “​អរុណ​សួស្តី​កម្ពុជា​ក្រោម​” ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត​ពី​សកម្មភាព​តស៊ូ​របស់​សហព័ន្ធ​នៅ​លើ​ឆាក​អន្តរជាតិ និង​ពី​ស្ថានភាព​ខ្មែរ​ក្រោម ដែល​ព្រះសង្ឃ​អះអាង​ថា កំពុងតែ​រង​ទុក្ខ​វេទនា នៅ​លើ​ទឹកដី​កំណើត​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។