ប្រវត្តិអ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយអំពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម
2019.05.29
អ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម អ្នកស្រី កៀង សាខន បានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ និងថវិកាផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀង ចម្រៀងកាយវិការ និងល្ខោននិយាយ ដើម្បីជាប្រយោជន៍ សម្រាប់ពលរដ្ឋខ្មែរក្រោម និងពលរដ្ឋទូទៅស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រោម ដែលរងទុក្ខវេទនា ដោយសារតែរដ្ឋាភិបាលវៀតណាម បានគ្រប់គ្រងទឹកដីកំណើតខ្មែរក្រោមក្រោយបារាំងបានកាត់ទឹកដីខ្មែរឲ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់។
តើអ្នកស្រី កៀង សាខន មានប្រវត្តិយ៉ាងណា? មូលហេតុអ្វីបានជាអ្នកស្រីចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រយោជន៍ខ្មែរកម្ពុជាក្រោម?
អ្នកស្រី កៀង សាខន មានកំណើតក្នុងត្រកូលខ្មែរកម្ពុជាក្រោម ប៉ុន្តែអ្នកស្រីកើតនៅខេត្ត បាត់ដំបង។ អ្នកស្រីមានប្រសាសន៍ថា ដំបូងឡើយ អ្នកស្រីមិនសូវដឹងពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមឲ្យជ្រៅជ្រះប៉ុន្មាននោះទេ។ ប៉ុន្តែនៅពេលអ្នកស្រីបានស្ម័គ្រចិត្តបម្រើការងារនៅសមាគមខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ២០០២ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមក អ្នកស្រីបានស្វែងយល់ និងស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម វប្បធម៌ ទំនៀមទម្លាប់ខ្មែរកម្ពុជាក្រោមរហូតអ្នកស្រីចាប់ផ្ដើមផលិតចម្រៀងជុំវិញបញ្ហាប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ហើយចុងក្រោយល្ខោននិយាយពីប្រវត្តិ វីរបុរសលោកឧកញ៉ា សឺន គុយ៖ «សូម្បីតែព្រះសង្ឃនៅពេលឮ គ្រាន់តែឮចម្រៀងនេះភ្លាម លោកឡើងលើពូកលោតថា មិនដែលឮទេ មិនឮទេ។ ហើយជំរុញចិត្តខ្ញុំឲ្យមានចិត្តកាន់តែមានសន្ទុះខ្លាំង ឡើងថែមទៀត។ បងប្អូនខ្លះគាត់ចាក់ស្ដាប់ក្នុងមុង ហ៊ានលួចស្ដាប់មានតែព្រះសង្ឃទេ ដែលហ៊ានលួចស្ដាប់ក្នុងមុង ប៉ុន្តែដល់ពេលស្ដាប់ទៅ យកមកចាក់ខាងក្រៅ ហើយប្រាប់ថា ឈប់ខ្លាចស្ដាប់ហើយ»។
អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីអាចនិពន្ធបទចម្រៀង និងល្ខោននិយាយ តាមរយៈការស្រាវជ្រាវ រួមមានសៀវភៅប្រវត្តិសាស្ត្រ និងការសាកសួរ ពីពលរដ្ឋខ្មែរកម្ពុជាក្រោមផ្ទាល់។ អ្នកស្រីថា ចំណោះដឹង និងការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ហាក់បីដូចជា វាំងននខ្មៅ ដែលបានរហែកធ្វើឲ្យភ្នែកអ្នកស្រីភ្លឺឡើង។ បទចម្រៀងដែលអ្នកស្រីនិពន្ធនោះ មានបទចម្រៀងជាច្រើនបទត្រូវបានពលរដ្ឋគាំទ្រ មានដូចជា បទ "បណ្ដាំស្ត្រីខ្មែរ" បទ "ចុះទឹកក្រពើ ឡើងលើខ្លា" ជាដើម ទទួលបានការពេញនិយមជាខ្លាំង ក្នុងចំណោមចម្រៀងជាង ១០០បទ ដែលអ្នកស្រីចងក្រង និងផលិត។ ចំណែក ចម្រៀងផ្សេងទៀត ដែលអ្នកស្រីផលិត សុទ្ធតែធ្វើឡើងដើម្បីបម្រើជាតិ ពិសេសជាការលើកទឹកចិត្តខ្មែរកម្ពុជាក្រោមឲ្យតស៊ូទាមទារ សិទ្ធិជាម្ចាស់ដើមកំណើតលើទឹកដីជូនតាខ្មែរ។ អ្នកស្រីថា "បណ្ដាំស្ត្រីខ្មែរ" មានអត្ថន័យជ្រាលជ្រៅ ដើម្បីបណ្ដុះគំនិត បុរសខ្មែរកុំឲ្យចាញ់ល្បិចសម្រស់ស្ត្រីវៀតណាម បណ្ដាលឲ្យបាត់បង់ទឹកដីបន្ថែមទៀត ពីព្រោះប្រវត្តិសាស្ត្រចាស់ ដែលបន្សល់ទុកមកពីអតីតកាលបង្ហាញថា វៀតណាមប្រើប្រាស់សម្រស់ស្ត្រីជនជាតិគេ ប្ដូរនឹងយកទឹកដី៖ «អត្ថន័យដែលខ្ញុំបញ្ចេញហ្នឹង ខ្ញុំចង់ផ្ដាំទៅដល់កូនខ្មែរទាំងអស់ ឲ្យប្រុងប្រយ័ត្នឲ្យដឹងថា ការណ៍ដែលយួនធ្វើបានខ្មែរហ្នឹងប៉ុណ្ណា ស្ត្រីខ្មែរបាត់ដីស្ត្រីយួនបាត់តែខ្លួន»។
អ្នកចម្រៀងល្បីៗ មួយចំនួន ដូចជា កញ្ញា ទូច ស៊ុននិច លោក សយ វិវឌ្ឍន៍ និង មិត្ត វណ្ណា បានចូលរួមច្រៀងចម្រៀងខ្មែរកម្ពុជាក្រោមទាំងនោះ។ ស្នាដៃរបស់អ្នកស្រី កៀង សាខន ត្រូវបានសារព័ត៌មាន អនឡាញ (Online) សំឡេងខ្មែរកម្ពុជាក្រោម (Voice of Khmer Kampuchea Krom) ដែលមានអាសយដ្ឋាន VOKK.NET ចុះផ្សាយទាំងស្រុង។
ក្រៅពីការផលិតចម្រៀង និងចម្រៀងកាយវិការ អ្នកស្រី កៀង សាខន ក៏បានផលិតល្ខោននិយាយពីប្រវត្តិវីរបុរសខ្មែរកម្ពុជាក្រោម លោកឧកញ៉ា សឺន គុយ ដែរ។ អ្នកស្រី បានចំណាយរយៈពេលពាក់កណ្ដាលទសវត្សរ៍ក្នុងការផលិតល្ខោននិយាយនេះ ទើបចប់សព្វគ្រប់។ តាមសៀវភៅប្រវត្តិ លោកឧកញ៉ា សឺន គុយ សរសេរថា លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃវៀតណាម។ លោកត្រូវបានវៀតណាមកាត់ទោសប្រហារជីវិតដោយកាត់ក្បាលនៅឆ្នាំ ១៨៤១ ដើម្បីជាថ្នូរឲ្យខ្មែរកម្ពុជាក្រោមអាចអនុវត្ត សាសនា និងវប្បធម៌បាន។
អ្នកស្រី បន្ថែមទៀតថា ការណ៍ដែលអ្នកស្រីធ្វើពលិកម្មពេលវេលា និងថវិកាផ្ទាល់ខ្លួនរយៈពេល ផលិតល្ខោននិយាយទាំងនោះដោយសារតែអ្នកស្រីចង់ឲ្យកូនខ្មែរជំនាន់ក្រោយដឹងពីប្រវត្តិតស៊ូរបស់វីរបុរសខ្មែរក្រោម ដែលបានបូជាជីវិត ដើម្បីជាតិ និងសាសនា៖ «ខ្ញុំមានបំណងឲ្យខ្មែរកណ្តាល និងខ្មែរក្រោមស្វែងយល់ពីវីរបុរសខ្មែរ ដែលបានលះបង់។ លោកឧកញ៉ា សឺន គុយ បានលះបង់»។
អ្នកស្រី កៀង សាខន កើតនៅឆ្នាំ ១៩៥០ ក្នុងត្រកូលខ្មែរកម្ពុជាក្រោម នៅខេត្តបាត់ដំបង។ អ្នកស្រី ធ្លាប់បម្រើការនៅមន្ទីរពេទ្យយោធានៅខេត្តបាត់ដំបង ក្នុងរដ្ឋាភិបាលលោក លន់ នល់។ អ្នកស្រីអាចរស់រានមានជីវិតក្នុងរបបប្រល័យពូជសាសន៍នោះ ដោយសារតែអ្នកស្រីលាក់អត្តសញ្ញាណមិនឲ្យខ្មែរក្រហមដឹងថា អ្នកស្រីជាខ្មែរកម្ពុជាក្រោម។ អ្នកស្រី និងក្រុមគ្រួសារបានរួចផុតពីការសម្លាប់រង្គាលក្នុងសម័យខ្មែរក្រហម បានភៀសខ្លួនមករស់នៅអាមេរិក ដោយតស៊ូចិញ្ចឹមកូន ៤នាក់ ក្រោយលែងលះស្វាមីមក។ បច្ចុប្បន្នអ្នកស្រីចូលនិវត្តន៍ ហើយរស់នៅទីក្រុង ឡុងប៊ិច (Long Beach) រដ្ឋ (California)។ អ្នកស្រីមិនមែនត្រឹមតែចេះនិពន្ធចម្រៀងមួយមុខប៉ុណ្ណោះទេ អ្នកស្រីក៏ធ្លាប់បម្រើការងារនៅវិទ្យុ និងទូរទស្សន៍សហគមន៍ នៅទីក្រុង ឡុងប៊ិច ដែរ។ អ្នកស្រីបម្រើការងារភាគច្រើន ផ្នែកតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនយកប្រាក់កម្រៃឡើយ។ សម្រាប់ខ្មែរកម្ពុជាក្រោម និងសហគមន៍ខ្មែរកម្ពុជាក្រោមចាត់ទុកស្នាដៃរបស់អ្នកស្រី កៀង សាខន ថា ជាស្នាដៃមិនអាចកាត់ថ្លៃបាន។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រាប់អាស៊ីសេរីថា ចម្រៀងដែល អ្នកស្រី កៀង សាខន និពន្ធមានលក្ខណៈជាតិនិយម ត្រូវបានពលរដ្ឋខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរទូទៅគាំទ្រ និងពេញនិយម។ លោកថា ខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោមមានមោទនភាព ដែលនាទីខ្មែរកម្ពុជាក្រោមមានសមត្ថភាព និងស្នាដៃនិពន្ធបទចម្រៀង និងល្ខោននិយាយ។ ស្នាដៃរបស់អ្នកស្រី បានផ្លាស់ប្ដូរទស្សនៈរបស់ខ្មែរកម្ពុជាក្រោមឲ្យរឹតតែស្រឡាញ់ទឹកដី និងស្នេហាជាតិបន្ថែមទៀត៖ «សិល្បៈចម្រៀងនេះមានឥទ្ធិពលច្រើនណាស់ ខាងផ្នែកសង្គ្រាមចិត្តសាស្ត្រ ដើម្បីជួយបងប្អូនខ្មែរកម្ពុជាក្រោម ដែលរងគ្រោះដោយសារយួន»។
អ្នកស្រី កៀង សាខន មានប្រសាសន៍បន្តថា អ្នកស្រីមិនទាន់បញ្ចប់ បេសកកម្មជួយពលរដ្ឋខ្មែរកម្ពុជាក្រោមឲ្យដឹងប្រវត្តិសាស្ត្រ និងការទាមទារសិទ្ធិជាជនជាតិដើមពីវៀតណាមនៅឡើយទេ។ ក្ដីប្រាថ្នារបស់អ្នកស្រីចុងក្រោយ គឺប្រែក្លាយល្ខោននិយាយពីប្រវត្តិរបស់លោក ឧកញ៉ា សឺង គុយ ឲ្យក្លាយជាភាពយន្តវីដេអូឯកសារសម្រាប់ពលរដ្ឋខ្មែរកម្ពុជាជំនាន់ក្រោយ។ អ្នកស្រីអំពាវនាវថាប្រសិនបើមានសប្បុរសជនដែលមានប្រាក់ ហើយមានបំណងចង់បង្កើតខ្សែភាពយន្តនោះ អ្នកស្រីនឹងចូលរួមសហការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រនេះឡើង៖ «ប្រសិនបើប្រទេសយើងមានការផ្លាស់ប្ដូរ ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំនៅរស់»។
អ្នកស្រី កៀង សាខន បន្ថែមទៀតថា អ្វីដែលអ្នកស្រី ឈឺចាប់បំផុតក្នុងជីវិតនេះ គឺការបាត់បង់ទឹកដី ជាទ្រព្យសម្បត្តិរបស់ខ្មែរ ហើយតាមរយៈបទចម្រៀង ដែលអ្នកស្រីនិពន្ធនេះ អ្នកស្រីសង្ឃឹមថា គំនិតខ្មែរស្នេហាជាតិនឹងពុះកញ្ជ្រោលឡើង ការពារទឹកដីឲ្យបានគង់វង្សទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។