មន្ត្រីបក្សកាន់អំណាចគាំទ្រខ្មែរក្រោមធ្វើពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម
2016.06.02
មន្ត្រីគណបក្សប្រជាជនកម្ពុជា គាំទ្រខ្មែរក្រោមធ្វើពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ដែលរដ្ឋាភិបាលអាណានិគមបារាំង បានកាត់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមចង់ឲ្យរដ្ឋាភិបាល យកថ្ងៃទី៤ មិថុនា ធ្វើជាទិវាជាតិសម្រាប់ឲ្យពលរដ្ឋខ្មែរចងចាំ។
នេះជារឿងកម្រដែលមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ចេញមុខថ្លែងគាំទ្រចំពោះការប្រារព្ធខួបរំឭកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ព្រោះថា កន្លងមកគណបក្សប្រជាជនកម្ពុជា មិនដែលបានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងពិធីបុណ្យរំឭកខួបបាត់បង់ទឹកដីនោះទេ បើទោះជាមានការអញ្ជើញសឹងតែរាល់ឆ្នាំពីខ្មែរក្រោមក៏ដោយ។
នៅថ្ងៃទី៤ មិថុនា ឆ្នាំនេះ គឺជាខួបលើកទី ៦៧ឆ្នាំ ដែលដែនដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំង កាត់ចេញពីកម្ពុជា ប្រគល់ទៅឲ្យវៀតណាម គ្រប់គ្រងរហូតមកដល់ពេលបច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម តែងធ្វើពិធីរំឭកខួបដើម្បីឲ្យពលរដ្ឋខ្មែរចងចាំ និងដើម្បីរំឭកដល់បុព្វបុរសខ្មែរដែលបានបូជាជីវិត ដើម្បីការពារទឹកដី។ នៅឆ្នាំនេះ ពិធីនឹងត្រូវគេរៀបចំឡើងក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ដែលស្ថិតនៅត្រើយខាងកើតទន្លេ ទល់មុខព្រះបរមរាជវាំង។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍នៅថ្ងៃទី១ មិថុនា ថា វាជារឿងល្អដែលពលរដ្ឋខ្មែរ និងខ្មែរក្រោម រៀបចំឲ្យមានពិធីចងចាំថ្ងៃបាត់បង់ទឹកដីនេះឡើង។ លោក សុខ ឥសាន ដែលចាត់ទុកការបាត់បង់ទឹកដីកម្ពុជាក្រោម ថាជារឿងសោកស្ដាយខ្លាំងមួយនោះ មានប្រសាសន៍ថា លោកមានការខកចិត្តដែលមិនគួរណារដ្ឋាភិបាលបារាំង សម្រេចចិត្តប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងទាល់តែសោះ។ លោក សុខ ឥសាន ចាត់ទុកទង្វើរបស់បារាំង កាត់ទឹកដីខ្មែរទៅឲ្យវៀតណាម គ្រប់គ្រង ថាជាការមិនបានពិនិត្យមើលប្រវត្តិសាស្ត្រដែលតាំងពីដើមមក ដែនដីកម្ពុជាក្រោម គឺជារបស់កម្ពុជា៖ «គំនិតខ្ញុំ ខ្ញុំថាជាថ្ងៃល្អហើយដែលបងប្អូនចងចាំ។ ហ្នឹងក្នុងប្រវត្តិសាស្ត្រទេ ប៉ុន្តែខ្ញុំថាកុំយកថ្ងៃល្អនេះបរិហារកេរ្តិ៍អ្នកនេះអ្នកនោះ ថាធ្វើបាត់បង់ទឹកដី បាត់កោះត្រល់អីនោះ វាគឺជាការហែកហួរគ្នាឯងក្នុងរង្វង់ខ្មែរ និងខ្មែរទេ។ វាអត់វាមានប្រយោជន៍អីទេ ពីព្រោះអ្នកប្រគល់ផ្សេង ឯអ្នកសោកស្ដាយៗទាំងអស់គ្នា។ ដូច្នេះអ្នកសោកស្ដាយទាំងអស់ មិនគួរហែកហួរគ្នាដាក់ទោសកំហុសទៅលើអ្នកនេះអ្នកនោះទេ»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ឲ្យដឹងថា នៅក្នុងពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំនេះ គឺដូចឆ្នាំមុនៗដែរ នឹងមានការយាងចូលរួមជាអធិបតីរបស់ព្រះរាជតំណាងព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់ ពង្សនារី មុនីពង្ស។ ក្រៅពីនោះ ខ្មែរក្រោមក៏អញ្ជើញតំណាងមកពីគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលរួម។ ប៉ុន្តែកន្លងមក តំណាងគណបក្សប្រជាជនកម្ពុជា មិនដែលចូលរួមម្តងណាឡើយ។ ប្រការនេះ ធ្វើឲ្យគេសង្ស័យថា អាចមកពីគណបក្សប្រជាជនកម្ពុជា ខ្លាចប្រទេសវៀតណាម អន់ចិត្ត ឬខឹងសម្បានឹងខ្លួន ព្រោះថាគឺវៀតណាម នេះឯង ដែលបានជួយជ្រោមជ្រែងឲ្យគណបក្សប្រជាជនកម្ពុជា ឡើងកាន់អំណាចនៅកម្ពុជា កាលពីឆ្នាំ១៩៧៩។
មកដល់ចំណុចនេះ លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើលិខិតអញ្ជើញរបស់ខ្មែរក្រោម បានមកដល់ដៃគណបក្សប្រជាជនកម្ពុជា ហើយឬយ៉ាងណានោះទេ? ប៉ុន្តែលោកបញ្ជាក់ថា បើមានការចាត់តាំងរបស់ថ្នាក់ដឹកនាំបក្ស ឲ្យលោក ឬតំណាងផ្សេងទៀតចូលរួម លោកប្រាកដជាចូលរួម៖ «ខ្ញុំអត់ដឹងទេ ក៏ប៉ុន្តែបើចាត់តាំងចំខ្ញុំ ខ្ញុំនឹងទៅ ចំឯកឧត្តមណា ដាច់ខាតឯកឧត្តមនោះត្រូវតែគោរពតាមការចាត់តាំង។ គណបក្សប្រជាជន គឺថាជាគណបក្សមានវិន័យគោរពមេគោរពកើយត្រឹមត្រូវ»។
បើទោះជារួមចំណែកឈឺចាប់នឹងការបាត់បង់ទឹកដីកម្ពុជាក្រោម ក្តី ប៉ុន្តែលោក សុខ ឥសាន ហាក់មិនមានសង្ឃឹមឡើយថា ទឹកដីនេះ កម្ពុជា អាចប្តឹងផ្តល់យកមកវិញតាមផ្លូវច្បាប់ ព្រោះលោកថា ទឹកដីនេះត្រូវបានប្រទេសវៀតណាម កាន់កាប់រួចហើយ។
កន្លងមក ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា រឿងទាមទារយកទឹកដីកម្ពុជាក្រោម មកវិញ ឬយ៉ាងណានោះ វាមិនមែនជាការងារសម្រាប់ខ្មែរក្រោមតែឯងទេ ព្រោះលោកថា ម្ចាស់ទឹកដីកម្ពុជាក្រោម គឺពលរដ្ឋខ្មែរទាំងមូល ហើយរដ្ឋាភិបាលដែលជាម៉ែជាឪរបស់ពលរដ្ឋខ្មែរ គឺជាអ្នកមានកាតព្វកិច្ចគិតគូរពីរឿងប្តឹងផ្តល់នេះ។
រឿងទាមទារយកទឹកដីជារឿងមួយ តែរឿងចំពោះមុខដែលអង្គការ-សមាគមខ្មែរកម្ពុជាក្រោម តែងទទូចចង់ឲ្យរដ្ឋាភិបាលធ្វើនោះ គឺយកថ្ងៃទី៤ មិថុនា ធ្វើជាថ្ងៃចងចាំ និងជាបុណ្យជាតិ ដើម្បីឲ្យពលរដ្ឋ ពិសេសកូនខ្មែរជំនាន់ក្រោយដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះ។ កន្លងមក ខ្មែរក្រោមក៏ធ្លាប់ស្នើបញ្ហានេះទៅរដ្ឋាភិបាលដែរ តែមិនត្រូវបានរដ្ឋាភិបាលយកមកពិចារណាឡើយ។ លើសពីនេះ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ចង់ឲ្យរដ្ឋាភិបាលជាអ្នកចេញមុខរៀបចំពិធីរំឭកខួបនេះដោយខ្លួនឯង គឺមិនត្រូវពឹងតែលើខ្មែរក្រោម ឬពលរដ្ឋនោះទេ។
លោក ថាច់ សេដ្ឋា ដែលចាត់ទុកការប្រារព្ធថ្ងៃរំឭកខួបបាត់បង់ទឹកដី ថាមានសារសំខាន់ដើម្បីឲ្យកូនខ្មែរចងចាំមេរៀនជូរចត់ និងចៀសវាងដើរតាមគន្លងប្រវត្តិសាស្ត្រចាស់នោះ សង្ឃឹមថា គណបក្សកាន់អំណាច នឹងបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមពិធីនៅឆ្នាំនេះ៖ «យើងចង់ឲ្យមានការចងចាំថា ការបាត់បង់ទឹកដីរបស់យើងនៅពេលណា ដោយរបៀបណា ដើម្បីកុំឲ្យប្រវត្តិសាស្ត្រដដែលៗវិលមករកយើងតទៅទៀត។ អ៊ីចឹងហើយបានយើងនឹកឃើញថា ត្រូវតែឲ្យមានការចងចាំ បើមិនចងចាំទេ វាអាចភ្លេច។ ម្យ៉ាងយើងឃើញថា ស្រុកខ្មែរយើងមិនដែលបានធ្វើពិធីអីសម្រាប់រំឭកវីរបុរសវីរសមណៈក្នុងការតស៊ូពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ»។
ស្របពេលដែលខ្មែរក្រោមនៅកម្ពុជា កំពុងត្រៀមលក្ខណៈរៀបចំពិធីរំឭកខួប ៦៧ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ខ្មែរក្រោមនៅឯនាយសមុទ្រ ដូចជានៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនៅទ្វីបអឺរ៉ុប ជាដើម ក៏កំពុងត្រៀមខ្លួនដើម្បីជួបជុំគ្នាប្រារព្ធទិវានេះដែរ។ ដោយឡែកសម្រាប់ពលរដ្ឋខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម ឯណោះ ពួកគេមិនត្រូវបានអាជ្ញាធរវៀតណាម អនុញ្ញាតឲ្យប្រារព្ធពិធីនេះឡើយ៕