រាហ៊ូចាប់ច័ន្ទ គឺជាពាក្យដែលពលរដ្ឋខ្មែរទូទៅធ្លាប់បានដឹងបានឮកន្លងមក។ រូបសញ្ញារាហ៊ូចាប់ច័ន្ទ ដែលមានរូបយក្សតំណាងឲ្យរាហ៊ូ ហើយដៃទាំង២ចាប់ព្រះច័ន្ទច្រកបញ្ចូលក្នុងមាត់ ដើម្បីលេបនោះ ក៏ត្រូវបានពលរដ្ឋខ្មែរភាគច្រើនធ្លាប់បានឃើញពីមុនមកដែរ។
ដោយឡែកសម្រាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម រូបរាហ៊ូចាប់ច័ន្ទ សឹងតែត្រូវបានប្រើប្រាស់ជានិមិត្តរូបតំណាងឲ្យខ្មែរកម្ពុជាក្រោមទៅហើយ។
តើរូបសញ្ញារាហ៊ូចាប់ច័ន្ទ មានអត្ថន័យដូចម្តេចសម្រាប់ខ្មែរក្រោមក្នុងពេលបច្ចុប្បន្ន?
រូបសញ្ញារាហ៊ូចាប់ច័ន្ទ ត្រូវបានប្រើប្រាស់ជាទូទៅដោយប្រជាពលរដ្ឋខ្មែរក្រោម មិនថាខ្មែរក្រោមដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម ឬខ្មែរក្រោមដែលរស់នៅក្រៅទឹកដីកម្ពុជាក្រោមឡើយ។
អង្គការសមាគមខ្មែរក្រោមមួយចំនួន បានប្រើប្រាស់រូបរាហ៊ូចាប់ច័ន្ទ ធ្វើជារូបសញ្ញារបស់អង្គការសមាគមពួកគេតែម្តង។ ជាក់ស្តែង សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលជាអង្គការធំបំផុតតំណាងឲ្យខ្មែរក្រោមទូទាំងពិភពលោកនោះ ក៏ប្រើប្រាស់រាហ៊ូចាប់ច័ន្ទ ធ្វើជារូបសញ្ញារបស់ខ្លួនដែរ។
លើសពីនេះ អ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់ទឹកដីកម្ពុជាក្រោម ប្រាកដជាបានឃើញរូបរាហ៊ូចាប់ច័ន្ទ នៅតាមខ្លោងទ្វារចូលទៅកាន់វត្តអារាមនានានៅទីនោះ។
ទាក់ទងនឹងរឿងរាហ៊ូនេះ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា រាហុ ឬហៅម្យ៉ាងទៀតថា រាហ៊ូ គឺជាឈ្មោះរបស់អសុរម្នាក់ ដែលជាកូនប្រុសរបស់វេបចិត្តិអសុរិន្ទ និងនាងសិង្ហិកា។ រាហ៊ូនេះ មានខ្លួនដាច់ពាក់កណ្ដាលដោយសារត្រូវចក្រ ឬកងរបស់ព្រះវិស្ណុ ក្នុងពេលដែលរាហ៊ូកាឡាខ្លួនជាទេវតា ចូលទៅលួចទឹកអម្រឹតផឹក។ ប៉ុន្តែ ទោះជាត្រូវចក្ររបស់ព្រះវិស្ណុ ក៏ដោយ ក៏រាហ៊ូមិនស្លាប់ឡើយ។ វចនានុក្រមសម្ដេច ជួន ណាត ពន្យល់បន្តថា ក្នុងហោរាសាស្ត្រ គេរាប់រាហ៊ូនេះថា ជាទេវតាព្រះគ្រោះទី៨ នៅក្នុងពួកទេវតានព្វគ្រោះ ដែលមានអម្ពរ ឬសំពត់ ឬសម្លៀកបំពាក់ និងពាហនៈសុទ្ធតែខ្មៅ ហើយតែងគ្រប បាំង ចាប់ ឬលេបព្រះអាទិត្យ ឬព្រះច័ន្ទ។ ដូច្នេះហើយ ទើបខ្មែរយើងតែងនិយាយថា រាហ៊ូចាប់ច័ន្ទ ឬច័ន្ទគ្រាស និងសូរ្យគ្រាស ជាដើមនោះ។
ដោយឡែកសម្រាប់អង្គការសមាគមខ្មែរកម្ពុជាក្រោមវិញ ការប្រើប្រាស់រាហ៊ូចាប់ច័ន្ទ ជារូបសញ្ញារបស់ខ្លួន មិនមែនជារឿងចៃដន្យនោះឡើយ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ពន្យល់អំពីបញ្ហានេះនៅលើគេហទំព័ររបស់ខ្លួនថា មូលហេតុដែលសហព័ន្ធខ្មែរកម្ពុជាក្រោម យករូបរាហ៊ូចាប់ច័ន្ទ ធ្វើជារូបសញ្ញារបស់ខ្លួននោះ ដោយសារតែគំនូររាហ៊ូចាប់ច័ន្ទ បានបង្ហាញឲ្យឃើញអំពីព្រះច័ន្ទ ដែលកំពុងត្រូវរងគ្រោះថ្នាក់ ដោយសារត្រូវរាហ៊ូលេបត្របាក់ ប្រៀបបានទៅនឹងទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវបានជនជាតិវៀតណាម លុកលុយដូច្នេះដែរ។
ក្រៅតែពីប្រើប្រាស់រូបរាហ៊ូចាប់ច័ន្ទ ដើម្បីពន្យល់អំពីទឹកដីកម្ពុជាក្រោម ដែលត្រូវជនជាតិវៀតណាម លេបត្របាក់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ប្រើប្រាស់រូបសញ្ញាមួយនេះ ដើម្បីអប់រំខ្មែរក្រោមមិនឲ្យអស់សង្ឃឹមចំពោះទឹកដីរបស់ខ្លួន ដែលត្រូវបរទេសឈ្លានពាននេះ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ពន្យល់បន្តថា រាហ៊ូចាប់ច័ន្ទ ប្រៀបបានដូចជាព្រះច័ន្ទគ្រាស គឺវាមិនឋិតឋេរចីរកាលឡើយ។ យ៉ាងណាមិញ ខ្មែរកម្ពុជាក្រោម ក៏ដូច្នេះដែរ មានន័យថា ទុក្ខវេទនាដែលខ្មែរក្រោមកំពុងទទួលរងគ្រោះសព្វថ្ងៃ នឹងត្រូវបានផុតរលត់ជាស្ថាពរក្នុងពេលអនាគតជាមិនខាន ប្រៀបបានដូចព្រះច័ន្ទ ដែលបានព្យាយាមរើបម្រះផុតពីក្រញាំដៃរាហ៊ូយ៉ាងដូច្នេះដែរ។
ក្រៅតែពីសហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃមានទីស្នាក់ការនៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ជាមួយសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងបណ្ដាញសារព័ត៌មានព្រៃនគរ ដែលភាគច្រើនផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជាក្រោមនោះ សុទ្ធតែប្រើប្រាស់រាហ៊ូចាប់ច័ន្ទ ជារូបសញ្ញារបស់ខ្លួន។
ត្រង់ចំណុចនេះ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ ពន្យល់បន្ថែមថា សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានបង្កើតឡើងក្រោមការរួបរួមរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមនានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ លោកបន្តថា ដោយសារសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ បានប្រើប្រាស់រូបសញ្ញារាហ៊ូចាប់ច័ន្ទ ជានិមិត្តសញ្ញារបស់ខ្លួន ដូច្នេះនៅពេលដែលខ្មែរក្រោមរួបរួមអង្គការសមាគមពួកគេទៅជាសហព័ន្ធវិញនោះ គឺសហព័ន្ធថ្មីនេះត្រូវយករូបសញ្ញាដើម ធ្វើជានិមិត្តសញ្ញារបស់ខ្លួន៖ «បើនិយាយពីអត្ថន័យនៃរាហ៊ូចាប់ច័ន្ទវិញ គឺរាហ៊ូ គឺជាសញ្ញាថា ជាជនមានអំណាច ហើយដល់ព្រះច័ន្ទ គឺចាត់ទុកថាជាជនរងគ្រោះ ដែលកំពុងត្រូវបានរាហ៊ូលេបត្របាក់។ ដូច្នេះ គឺបានន័យថា រូបព្រះច័ន្ទដែលត្រូវរាហ៊ូលេបត្របាក់នេះ គឺជានិមិត្តសញ្ញានៃទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវជនអ្នកមានអំណាច ឬជនអ្នកកំណាច គឺវៀតណាម ហ្នឹងឯង កំពុងតែលេប»។
លោក តាំង សារៈ អះអាងថា បើទោះជាលោកកើតនៅកម្ពុជាក្រោម ធ្លាប់បានបួសរៀនក៏ដោយ ប៉ុន្តែលោកសារភាពថា ពេលនោះលោកមិនបានដឹងអំពីអត្ថន័យដែលខ្មែរក្រោមប្រើប្រាស់រូបរាហ៊ូចាប់ច័ន្ទ នៅតាមវត្តអារាមនៅកម្ពុជាក្រោមឡើយ ហើយលោកគិតថា ខ្មែរក្រោមភាគច្រើន ក៏មិនសូវបានដឹងអំពីអត្ថន័យនេះដែរពីមុនមក៖ «គឺគ្រាន់តែឃើញរូបរាហ៊ូជារូបមានអំណាចមានអីអ៊ីចឹងហើយ គឺថាដាក់តាំងតាមខ្លោងទ្វារវត្តធ្វើអីហ្នឹង គឺថាទៅជាគ្រឿងលំអ តែមកដល់ពេលបច្ចុប្បន្ននេះ គឺខ្មែរកម្ពុជាក្រោមមួយភាគធំហើយបានយល់ ដោយសារការពន្យល់ពីសហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹង ធ្វើឲ្យគាត់យល់ យល់ថារូបនេះវាមានពីមុនមក ប៉ុន្តែមិនយល់អត្ថន័យ ប៉ុន្តែដល់ឥឡូវ ពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ដូចជាសមាគមខ្មែរកម្ពុជាក្រោមនានា យករូបហ្នឹងមកធ្វើជានិមិត្តសញ្ញា គឺវាត្រឹមត្រូវស្របទៅតាមសភាពការណ៍របស់ខ្មែរកម្ពុជាក្រោមហ្នឹងតែម្តង»។
យ៉ាងណាក៏ដោយ លោក តាំង សារៈ ថ្លែងថា រូបរាហ៊ូចាប់ច័ន្ទ មិនមែនទើបត្រូវបានប្រើប្រាស់នៅពេលថ្មីៗនេះឡើយ។ លោកថា វត្តនៅកម្ពុជាក្រោមមួយចំនួន ដែលត្រូវបានកសាងតាំងពីសម័យនគរភ្នំ ឬសម័យចេនឡា គឺមានដាក់តាំងរូបនេះជាហូរហែមក៖ «វាមាននៅក្នុងពុទ្ធប្រវត្តិដែរ រឿងរាហ៊ូនេះ គឺរាហ៊ូអសុរិន្ទ គឺរាហ៊ូដែលមានមាឌធំអីហ្នឹង គឺថានៅតាមពុទ្ធប្រវត្តិក៏មានដែរ អ៊ីចឹងហើយ គឺការប្រើមុនដំបូងហ្នឹង គឺប្រើទៅតាមពុទ្ធប្រវត្តិហ្នឹងឯង ហើយមិនបានជានាំគ្នាគិតគូរដល់អត្ថន័យនៃទឹកដីកម្ពុជាក្រោម ដែលត្រូវយួន មកលេបត្របាក់អីហ្នឹង គឺអត់បានគិតគូរដល់ទេ ទើបតែឥឡូវទេ បាននាំគ្នាភ្ញាក់រឭកដូចខ្ញុំជម្រាបខាងដើមអ៊ីចឹង»។
ក្រៅពីរូបរាហ៊ូចាប់ច័ន្ទ ខ្មែរក្រោមក្នុងពេលបច្ចុប្បន្ននេះ មានរូបតំណាងអត្តសញ្ញាណរបស់ខ្លួនផ្ទាល់ នោះ គឺទង់ជាតិខ្មែរកម្ពុជាក្រោម ដែលមានពណ៌ខៀវ លឿង ក្រហម តំណាងឲ្យសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការស្រឡាញ់សន្តិភាព និងយុត្តិធម៌ ព្រមទាំងភាពអង់អាចក្លាហានរបស់វីរសមណៈ និងវីរបុរសខ្មែរក្រោម។ ទង់ដែលមានប្រភពចេញពីទង់ព្រះពុទ្ធសាសនានេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយក្រោយមក ត្រូវបានទទួលស្គាល់ដោយអង្គការតំណាងប្រជាជាតិ គ្មានអ្នកតំណាងនៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូ.អិន.ភី.អូ (UNPO) នៅឆ្នាំ២០១១ នៅពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកស្ថាប័នអន្តរជាតិមួយនេះ។ ក្នុងពេលបច្ចុប្បន្ន ទង់ជាតិខ្មែរក្រោម ត្រូវបានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រើប្រាស់ជាទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។