សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​តុលាការ​វៀតណាម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កសិករ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020.12.08
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​តុលាការ​វៀតណាម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កសិករ​ខ្មែរ​ក្រោម កសិករ​ខ្មែរ​ក្រោម ៤នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នៅ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ខែ​ដល់​ជិត ៣ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ។
រូប៖ ខ្មែរ​នៅ​កម្ពុជាក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្កោលទោស​តុលាការ​វៀតណាម ដែល​បាន​កាត់​ទោស​កសិករ​ខ្មែរ​ក្រោម​ចំនួន ៤នាក់ឲ្យជាប់ពន្ធនាគារ ចាប់ពី៦ខែ ទៅដល់ ជិត​បី​ឆ្នាំ ដោយ​ចោទ​ប្រកាន់​កសិករ​ខ្មែរ​ក្រោម​ទាំង​នោះ​ថា បាន​ប្រើប្រាស់​ហិង្សា​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​វៀតណាម កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ សាលក្រម​តុលាការ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា និង​ប៉ះទង្គិច​នឹង​អាជ្ញាធរ​វៀតណាម ពេល​អាជ្ញាធរ​ចុះ​មក​រឹបអូស​ដី​ខ្មែរ​ក្រោម ដែល​ពួក​គេ​បាន​ធ្វើស្រែ​ចម្ការ តាំង​ពី​ដូនតា​មក ដោយ​គ្មាន​សំណង។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៤នាក់ ដែល​កំពុង​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ជា​កសិករ​ក្រីក្រ ត្រូវ​ការ​ដី​ស្រែ ដើម្បី​បង្កបង្កើន​ផល ចិញ្ចឹម​ជីវិត ក្នុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ សំណើ​របស់​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ដោយសារ​តែ​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ថ្ងៃ​ទី ៣ ខែធ្នូ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជនរងគ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ​ចំនួន ៤នាក់ ឲ្យ​ជាប់ពន្ធនាគារ ពី ៦ ខែ​ទៅ ២ឆ្នាំ​កន្លះ ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ។ សវនាការ​កាត់​ទោស​ខ្មែរ​ក្រោម​នេះ ត្រូវ​បាន​ទូរទស្សន៍​វៀតណាម ផ្សាយ​ជា​សាធារណៈ។ ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ សមត្ថកិច្ច​វៀតណាម​មិន​ទាន់​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​បួន​នាក់ ដាក់​ពន្ធនាគារ​នៅ​ឡើយ​ទេ មក​ទល់​នឹង​ថ្ងៃ​ទី៧ ធ្នូ​នេះ។ តុលាការ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​បួន​នាក់​នោះ នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រយៈ​ពេល​ពីរ​សប្ដាហ៍ ដើម្បី​ប្ដឹង​ទាស់​នឹង​សាលក្រម​ទៅ​តុលាការ​ជាន់​ខ្ពស់​វៀតណាម។​

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​រៀបចំ​ឯកសារ ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ និង ក្រសួង​ការ​បរទេស​អាមេរិក និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទម្លាក់​ទោល​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ម្ចាស់​ដី​ស្រែ​ស្រប​ច្បាប់ និង​កុំ​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ ដោយសារ​តែ​ពលរដ្ឋ​ក្រោម គ្រាន់​តែ​ការពារ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដើម្បី​ចិញ្ចឹម​ជីវិត៖ «ការ​ពិត​ទៅ​ការ​កាត់​ទោស​នេះ ជា​អំពើ​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​ដីធ្លី។ អាជ្ញាធរ​វៀតណាម​ចោទ​ថា ខ្មែរ​ក្រោម​ប្រើ​អំពើ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច។ ពួក​គាត់​ទាមទារ​ដីធ្លី​ពី​ដូនតា បែរ​ជា​អាជ្ញាធរ​វៀតណាម ទៅ​រឹបអូស​ដី​ពី​ពួក​គាត់ ហើយ​ចោទ​ពួក​គាត់​ទៀត»

កាលពី​ថ្ងៃ​ទី៥ ខែ​ឧសភា អាជ្ញាធរ​វៀតណាម រួម​មាន ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់ ​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ១០០ហិកតារ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ប្រើប្រាស់​ស្ថិត​ក្នុង ខេត្ត​ក្រមួន​ស។ អាជ្ញាធរ​វៀតណាម​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម បណ្ដាល​ឲ្យ​ក្រុម​ពលរដ្ឋ​ខ្មែរ​ក្រោម ​តប​ត​វិញ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស​ធ្ងន់​និង​ស្រាល ក្នុង​ការ​បង្ក្រាប​របស់​វៀតណាម។ អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ក្រុម​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា​ បាន​រស់នៅ​លើ​ដី​រដ្ឋ​ ​ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​អះអាង​ផ្ទុយ​វិញ​ថា ពួក​គេ​បាន​អាស្រ័យផល​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិនព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ​។ ក្រោយ​ផ្ទុះ​ការ​តវ៉ា​ហិង្សា​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ដី​ឲ្យ​ខ្មែរ​ក្រោម​ផ្សេង​ទៀត ដាក់​ពន្ធនាគារ​ជា​ច្រើន​ខែ ទើប​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី៣ ធ្នូ តុលាការ​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៣ឆ្នាំ​វិញ។

បច្ចុប្បន្ន​ខ្មែរ​ក្រោម​ទាំង​បួន​នាក់ កំពុង​ស្វែងរក​មេធាវី ការពារ​ក្ដី​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម តុលាការ​ជាន់​ក្រោម។

ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ម្ចាស់​លើ​ដី​មាន​ជម្លោះ​លោក ស៊ីង ដំ ឱ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី៥ ខែធ្នូ​ថា លោក​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២ឆ្នាំ ៣ខែ។ លោក​ថា លោក​ហួស​ចិត្ត​ដែល​វៀតណាម​មិន​ដោះ​ស្រាយ​វិបត្តិ​ជម្លោះ​ដីធ្លី ប៉ុន្តែ​ចាប់​ខ្មែរ​ក្រោម​ដាក់​គុក​វិញ៖ «តុលាការដាក់ទោសជ្រុលពេកដីទឹករដ្ឋមិនដោះស្រាយឱ្យប្រជាជនតែមដាក់ទោសអ៊ីចឹង»

ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​មាន​ជំនឿ​ថា តុលាការ​វៀតណាម​នឹង​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្មែរ​ក្រោម​បាន​នោះ​ទេ ដោយសារតែ​វៀតណាម​រើសអើង​នឹង​ខ្មែរ​ក្រោម៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិន​រំពឹង​ថា ទៅ​លើ​អាជ្ញាធរ ឬ​តុលាការ​វៀតណាម​ទម្លាក់​បទ​ចោទ​នោះ​ចោល​ទេ ពី​ព្រោះ​ថា ​ បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ណា​កាត់​ទោស​ហើយ គឺ​កាត់​ទោស​ហើយ»

ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏​ស្នើ​ដល់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រង​ទុក្ខ​ដោយ​អយុត្តិធម៌។ ព្រះអង្គ​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​វៀតណាម ក៏​ធ្លាប់​ស្នើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយបញ្ហា​ពលរដ្ឋ​វៀតណាម នៅ​កម្ពុជា ដូច្នោះ​រដ្ឋាភិបាល​ខ្មែរ​ក៏​មាន​សិទ្ធិ​ស្នើ​ដូច​គ្នា​ដែរ។

សំណើ​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ទៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អើពើ ធ្វើ​ដឹង​ឮ​នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ការ​ផ្ដន្ទាទោស​ខ្មែរ​ក្រោម ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម ដូច្នោះ​រដ្ឋាភិបាល​ខ្មែរ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុង​វៀតណាម​ឡើយ។

អាជ្ញាធរ​វៀតណាម មិន​ត្រឹម​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​កសិករ​ខ្មែរ​ក្រោម​នោះ​ទេ ប៉ុន្តែ​កាល​ពី​ចុង​ខែ​វិច្ឆិកា​មុន​នេះ ក៏​បាន​កោះ​ហៅ​យុវជន​ខ្មែរ​ក្រោម​បី​រូប ដែល​ហ៊ាន​ជួយ​ឈឺ​ឆ្អាល​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេងទៀត និង​ហ៊ាន​និយាយ​ការ​ពិត​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។ ពួក​គេ​ត្រូវ​អាជ្ញាធរ​វៀតណាម ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ ដោយសារ​តែ​ភាព​ក្លាហាន​របស់​ពួក​គេ។ ខ្មែរ​ក្រោម​ទើប​ប្រារព្ធ​ខួប​លើក​ទី ៧១ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ដី កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ពួក​គេ​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត​ដោយ​អហិង្សា​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។