តំណាងខ្មែរក្រោមនៅក្នុងស្រុក និងក្រៅស្រុកគ្រោងសរសេរលិខិត និងជួបមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសំណូមពរឲ្យក្រសួងណែនាំដល់មន្ត្រីអាជ្ញាធរនៅថ្នាក់ក្រោម ទទួលស្គាល់ខ្មែរក្រោមរស់នៅកម្ពុជា ជាពលរដ្ឋខ្មែរស្របច្បាប់។ សំណើសុំនេះ ដោយសារតែខ្មែរក្រោមរស់នៅកម្ពុជាបន្តជួបវិបត្តិ ដោយសារតែអាជ្ញាធរមូលដ្ឋានបន្តមិនផ្ដល់ឯកសារស្របច្បាប់ និងអត្តសញ្ញាណប័ណ្ណជូនពួកគេ ដើម្បីអាចប្រកបការងារ និងលំនៅឋានស្របច្បាប់។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍គ្រោងនឹងធ្វើយុទ្ធនាការដោយឡែកពីគ្នា ដើម្បីធានាថា ពលរដ្ឋខ្មែរក្រោមរស់នៅកម្ពុជាអាចទទួលបានសិទ្ធិ និងផលប្រយោជន៍ផ្សេងៗ ដូចពលរដ្ឋទូទៅដោយគ្មានការរើសអើង។
អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា លោកគ្រោងនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំឲ្យមន្រ្តីទាំងនោះ ឲ្យសម្រួលដល់ខ្មែរក្រោម ដើម្បីពួកគេអាចទទួលបានប័ណ្ណសំគាល់ខ្លួន និងប្លង់ដី។ លោកបន្តថា ខ្មែរក្រោមប្រហែលប្រមាណ ២០គួ្រសារនៅខេត្តកំពង់ឆ្នាំង មិនទាន់ទទួលបានលិខិតសំគាល់ខ្លួននៅឡើយទេ ចំណែកខ្មែរក្រោមប្រមាណជាង ២០គ្រួសារផ្សេងទៀត កំពុងជួបវិបត្តិដីធ្លី និងអាចបាត់បង់ដីធ្លីដោយសារតែអាជ្ញាធរមូលដ្ឋាន ចោទប្រកាន់ពួកគេថា រស់នៅលើដីរដ្ឋ៖ « ឲ្យពួកគាត់ហ្នឹងអនុញ្ញាតឲ្យខ្មែរក្រោមទាំងអស់ហ្នឹងទទួលបានប្ដូរអត្តសញ្ញាណប័ណ្ណហ្នឹង ជាជំហរទីមួយនៅខេត្តកំពង់ឆ្នាំង ហើយនៅខេត្ត តាកែវឲ្យគាត់រួចពីការចោទប្រកាន់របស់តុលាការ ហើយអាចផ្ដល់ដីសម្បទានឲ្យពួកគាត់ » ។
កាលពីចុងខែវិច្ឆិកា លោក សឺន ជុំជួន បានថ្លែងទៅកាន់ កិច្ចប្រជុំគណៈកម្មាធិការ ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)ថា រដ្ឋាភិបាលកម្ពុជា បានខកខានមិនបានបង្កើតយន្តការផ្លូវច្បាប់ ដើម្បីអាចឲ្យពលរដ្ឋខ្មែរក្រោមដែលរស់នៅកម្ពុជា ទទួលបានសិទ្ធិពេញលេញជាពលរដ្ឋខ្មែរនៅឡើយទេ។
លោក សឺន ជុំជួន ថា ថ្វីត្បិតតែ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់បញ្ជាក់ថា ពលរដ្ឋខ្មែរកើតនៅបរទេស អាចមានសញ្ជាតិខ្មែរ ជាស្វ័យប្រវត្តិ ហើយរដ្ឋាភិបាលក៏ធ្លាប់បានទទួលស្គាល់ចំពោះមុខ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនថា ខ្មែរក្រោមមកពីទឹកដីកំណើត គឺជាជនជាតិខ្មែរក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្ន មិនបានអនុវត្តការសន្យាទាំងនោះទេ។
លោក សឺន ជុំជួន បញ្ជាក់ថា ដោយសារតែរដ្ឋាភិបាលកម្ពុជាខ្វះខាត ឆន្ទៈដើម្បីទទួលស្គាល់ខ្មែរក្រោមជាជនជាតិខ្មែរនេះហើយ ទើបបានបណ្ដាលឲ្យអាជ្ញាធរមូលដ្ឋានមិនទទួលស្គាល់ខ្មែរក្រោមថា ជាជនជាតិខ្មែរ។ លោកថា កត្តានេះហើយ បណ្ដាលឲ្យអាជ្ញាធរមិនផ្ដល់ ប័ណ្ណកម្មសិទ្ធិដីធ្លី និងអត្តសញ្ញាណប័ណ្ណជាដើម៖ «ជារួមទៅស្ថានភាព សំខាន់ដែលយើងកំពុងតែធ្វើការតស៊ូមតិនោះ គឺចំណុចទីមួយគឺ វាពាក់ព័ន្ធទៅនឹងអត្តសញ្ញាណកម្មហ្នឹង វាមានបញ្ហាជាច្រើននៅតាមបណ្ដាខេត្តមួយចំនួន ដោយសារតែករណីពួកគាត់ហ្នឹង អត់មានឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពួកគាត់ យើងកំពុងតស៊ូមតិនឹងរដ្ឋាភិបាល បញ្ហាមួយទៀតគឺ ពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី ឬការទទួលបានសិទ្ធិលំនៅឋានជាដើម»។
ចំណែក ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់អាស៊ីសេរីថា លោកគ្រោងនឹងដឹកនាំប្រតិភូមួយក្រុមទៅជួបមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្វែងរកវិធីណា ជំរុញឲ្យក្រសួងជួយសម្របសម្រួលដល់ខ្មែរក្រោមឲ្យទទួលបានសិទ្ធិពេញលេញដូចពលរដ្ឋខ្មែរ៖ «សូមសំណូមពរទៅរដ្ឋាភិបាលខ្មែរ មេត្តាជួយអនុគ្រោះដល់ខ្មែរក្រោមផង ពិបាកណាស់គ្មានអត្តសញ្ញាណប័ណ្ណដូចរស់នៅខុសច្បាប់»។
សំណើរបស់តំណាងខ្មែរក្រោមពេលនេះ ស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង ផ្ដល់ដី ៤០ហិកតារ ដល់ជនជាតិវៀតណាម ដើម្បីតាំងទីលំនៅសមរម្យ និងស្របច្បាប់នៅលើដីខ្មែរ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង អះអាងថា ការផ្ដល់ដីឲ្យជនអន្តោប្រវេសន៍នេះ ឈរលើ លើគោលការណ៍សិទ្ធិមនុស្ស។
ទោះបីយ៉ាងណា អាជ្ញាធរហាក់មិនប្រកាន់គោលការណ៍សិទ្ធិមនុស្សដល់ខ្មែរក្រោមនៅឡើយទេ។ ពលរដ្ឋខ្មែរក្រោមម្នាក់ អះអាងថា អាជ្ញាធរបន្តបដិសេធមិនធ្វើលិខិតស្នាម និងលិខិតសំគាល់ខ្លួនឲ្យលោកទេ ពីព្រោះលោកជាខ្មែរក្រោម៖ «ខ្ញុំនៅខេត្តសៀមរាបគេថា ខ្ញុំយួន។ ខ្ញុំសារភាពថា ខ្ញុំជាខ្មែរ។ ខ្ញុំសុំមេប៉ុស្តិ៍ធ្វើអត្តសញ្ញាណប័ណ្ណ គេថាទាល់តែខ្ញុំយួនទើបគេធ្វើឲ្យ»។
លោកថា លោកបារម្ភពីវាសនាអនាគតរបស់លោកទៅថ្ងៃក្រោយ ដោយសារតែលោកគ្មានអ្វីជាសំអាង ជាពលរដ្ឋខ្មែរមួយរូប៖ «ខ្ញុំសូមអំពាវនាវឲ្យទទួលស្គាល់ខ្ញុំជាខ្មែរផង»។
របាយការណ៍ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បញ្ជាក់ថា បច្ចុប្បន្ន ខ្មែរក្រោមរស់នៅកម្ពុជាមាន ចំនួនជាង ១លាននាក់ ហើយ ប្រមាណ ពី ២០ភាគរយ ទៅ ៣០ភាគរយមិនទាន់មាន លិខិតស្នាមស្នាក់នៅកម្ពុជាត្រឹមត្រូវនៅឡើយទេ។
ពលរដ្ឋខ្មែរក្រោមជាច្រើននាក់ បានភៀសខ្លួនមករស់នៅលើទឹកដីកម្ពុជា ដោយសារតែពួកគេមិនអាចទ្រាំបាននឹងការគាបសង្កត់របស់អាជ្ញាធរវៀតណាម លើសិទ្ធិសេរីភាព និងសាសនា។ ពលរដ្ឋខ្មែរក្រោមខ្លះទៀត ក៏បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣ ផងដែរ ដោយសារតែមិនអាចរស់នៅស្រុកខ្មែរបាន។
ទោះបីអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់បញ្ជាក់ថា ពលរដ្ឋខ្មែរកើតនៅបរទេស អាចមានសញ្ជាតិខ្មែរ ជាពិសេសខ្មែរក្រោមអាចមានសិទ្ធិស្វ័យប្រវត្តិជាខ្មែរក៏ដោយ មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថា អាជ្ញាធរកម្ពុជាទទួលខ្មែរក្រោមជាពលរដ្ឋខ្មែរ លុះត្រាតែមានឯកសារបញ្ជាក់គ្រប់គ្រាន់ រួមមានដូចជា ឪពុកម្ដាយពួកគេត្រូវតែជាខ្មែរ មានសំបុត្រកំណើត និងទីកន្លែងកំណើតនៅកម្ពុជា៖ «ចាប់ផ្ដើមពីអត្រានុកូលដ្ឋាន បញ្ជីជាតិ ទីកន្លែង និងអត្តសញ្ញាណប័ណ្ណ។ ហើយកាលណាយើងប្រើពាក្យខ្មែរកម្ពុជាហ្នឹង ខ្មែរក្រោមត្រូវតែគោរពច្បាប់»។
លោក ផៃ ស៊ីផាន បដិសេធមិនស្ដាប់សំណើរបស់ខ្មែរក្រោមនោះទេ ដោយលោកអះអាងថា សមត្ថកិច្ចកម្ពុជា ត្រូវតែគោរពច្បាប់ មិនអាចយល់យោគខ្មែរក្រោមបាននោះទេ៖ «ការបង្ខំឲ្យសមត្ថកិច្ចធ្វើអ្វីតាមខ្មែរកម្ពុជាក្រោមនោះដែលប្រាសចាកពីច្បាប់ខ្មែរ គឺមិនអាចធ្វើទៅបានទេ»។
ឆ្លើយតបទៅនឹងសំដីរបស់ លោក ផៃ ស៊ីផាននេះ លោក សឺន ជុំជួន មានប្រសាសន៍ថា មានប្រវត្តិសាស្ត្រជាសាក្សីស្រាប់ និងមានលិខិតបទដ្ឋានជាច្រើនបញ្ជាក់ថា ខ្មែរក្រោមជាខ្មែរទោះបី ខ្មែរក្រោមខ្លះមិនបានកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ៖ «ប៉ុន្តែគាត់មានកំណើតជាខ្មែរ។ ជាជនជាតិខ្មែរ ជាឈាមជ័រខ្មែរ ។ អ៊ីចឹងសូមឲ្យលោក ផៃ ស៊ីផាន ហ្នឹងទៅមើលលិខិតអតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង គាត់សរសេរទៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៥ ច្បាស់ណាស់ថា ខ្មែរក្រោមនៅពេលមកកម្ពុជា ជាពលរដ្ឋកម្ពុជា។"
ខ្មែរកម្ពុជាក្រោមទើបបានប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់ទឹកដី កាលពីខែមិថុនាកន្លងទៅ ហើយបច្ចុប្បន្នខ្មែរក្រោមនៅក្នុងស្រុក និងក្រៅស្រុក កំពុងបន្តយុទ្ធនាការស្វែងរកសិទ្ធិសម្រេចវាសនាដោយខ្លួនឯងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
