យុវជនខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមបន្តពាក់អាវយឺត ដែលមានពាក្យថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជនខ្មែរក្រោម ពីបទក្បត់ជាតិ ដោយសារតែពួកគេ ពាក់អាវយឺតនេះ។
យុវជនខ្មែរក្រោម ដែលសកម្មធ្វើការងារសង្គម និងតស៊ូទាមទារសិទ្ធិជនជាតិដើម កំពុងប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំណូមពរដល់យុវជន និងពលរដ្ឋខ្មែរក្រោមទូទៅបន្តពាក់អាវយឺត ដែលមានអក្សរថា អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ជាបន្តទៀត ពីព្រោះទង្វើនេះ ធ្វើឡើងដោយស្របច្បាប់វៀតណាម និងអន្តរជាតិ។
យុវជន ថាច់ កឿង ដែលបានប្រើប្រាស់បណ្ដាញសង្គមធ្វើយុទ្ធនាការពន្យល់ខ្មែរក្រោម ឲ្យប្រើប្រាស់សិទ្ធិសំដែងមតិ តាមរយៈការពាក់អាវយឺតនោះ ប្រាប់វិទ្យុអាស៊ីសេរីថា វៀតណាម កំពុងគំរាមកំហែងខ្មែរក្រោមមិនឲ្យងើបឡើងទាមទារសិទ្ធិជនជាតិដើម។ យ៉ាងហោចណាស់ យុវជនខ្មែរក្រោមម្នាក់ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បាន រឹបអូសយកអាវយឺត ពេលលោកកំពុងធ្វើការងារ ក្រោមហេតុផលថា ការពាក់អាវយឺតនេះ ជាអំពើក្បត់ជាតិ។ យុវជន ថាច់ កឿង បន្តថា វៀតណាមកំពុងព្រួយបារម្ភពីការងើបឡើងតស៊ូមតិរបស់ពលរដ្ឋខ្មែរក្រោម ដោយសារតែបច្ចុប្បន្នពួកគេខ្លះបានយល់ដឹងច្បាប់ពីសិទ្ធិជនជាតិដើម ទើបវៀតណាមចង់បង្ក្រាបយុវជនខ្មែរក្រោមឲ្យបានមុន៖ « ពីព្រោះយុវជនខ្មែរកម្ពុជាក្រោមហ្នឹងត្រូវដឹងសិទ្ធិ យើងជាជនជាតិដើម។ យើងត្រូវតែដឹងសិទ្ធិរបស់យើង ដូចជា សិទ្ធិអន្តរជាតិ។ ដូច្នោះ ត្រូវឲ្យគាត់ពាក់ ដើម្បីឲ្យគាត់ដឹងសិទ្ធិ»។
កាលពីពេលថ្មីៗ នេះ យុវជនខ្មែរក្រោមបាននាំគ្នាបោះពុម្ពអាវយឺតដោយដាក់អក្សរថា អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ហើយបានដើរចែកចាយឲ្យពលរដ្ឋខ្មែរក្រោមដោយឥតគិតថ្លៃ។ យុវជន និងពលរដ្ឋខ្មែរក្រោម ពេញចិត្តនឹងការតស៊ូមតិអហិង្សា ហើយបាននាំគ្នាពាក់អាវយឺត ហើយបង្ហោះតាមបណ្ដាញសង្គម។ យុវជន ថាច់ កឿង ថា ការពាក់អាវយឺត មិនមែនជាទង្វើក្បត់ជាតិនោះទេ គឺពួកគេចង់ឲ្យមានការគោរពសិទ្ធិជនជាតិដើម តែប៉ុណ្ណោះ៖« និយាយរួមមកអាវយុវជនខ្មែរពាក់ហ្នឹង គ្មានខុសច្បាប់ទេ។ នគរបាលវៀតណាមហ្នឹង គេខ្លាចយើងដឹងប្រវត្តិសាស្ត្រ។ ខ្លាចយើងដឹងសិទ្ធិជនជាតិដើម ដូច្នោះ គេមិនចង់ឲ្យយើងដឹង»។
ចាប់តាំងពីពិភពលោក ជាប់ដោះស្រាយវិបត្តិ ជំងឺកូវីដ១៩ មក អាជ្ញាធរវៀតណាមបានចាប់ផ្ដើមធ្វើសកម្មភាព បង្ក្រាបលើការទាមទារសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោមដែរ។ កាលពីពេលថ្មីនេះៗ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានហៅយុវជនខ្មែរក្រោមម្នាក់ទៅសម្លុត ហើយប្រើប្រាស់អំពើហិង្សាលើយុវជននោះ បន្ទាប់ពីលោកបានចែកចាយព័ត៌មានវិទ្យុអាស៊ីសេរី និងព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបន្ត។ វៀតណាមក៏បានផាកពិន័យយុវជនខ្មែរក្រោម រឿងប្រមូលថវិកាកសាងសាលាឆទាន ដើម្បីឲ្យខ្មែរក្រោមគោរព សាសនា ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមបួននាក់ ដាក់ពន្ធនាគារ រឿងផ្សព្វផ្សាយប្រវត្តិសាស្ត្របាត់បង់ទឹកដីខ្មែរក្រោម និងទាមទារដីស្រែពីការរឹបអូសរបស់វៀតណាមជាដើម។
សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោមប្រមាណ ៧លាននាក់ កំពុងរស់លើតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាទឹកដីកំណើត។ ខ្មែរក្រោមភាគច្រើនប្រកបរបបកសិកម្ម ប៉ុន្តែពួកគេកំពុងរងផលប៉ះពាល់ ដោយសារតែ វិសមភាពសង្គម និងរឹបអូសដីធ្លីកសិកម្មពីសំណាក់វៀតណាម។ វៀតណាមក៏បានហាមឃាត់ខ្មែរក្រោម មិនឲ្យមានសិទ្ធិបោះពុម្ព រឹតត្បិតការអនុវត្តសាសនា និងការចុះឈ្មោះ អង្គការសង្គមស៊ីវិលជាដើម។ ទោះបីវៀតណាម បានអនុម័តទទួលយកសេចក្ដីប្រកាសសកលអង្គការសហប្រជាជាតិស្ដីពីជនជាតិដើមកក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ បានរំលោភសេចក្ដីប្រកាសសកលនេះដែរ។
សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើមធានាថា ជនជាតិដើម មានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង កំណត់វាសនានយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអភិវឌ្ឍន៍។ ពួកគេអាច ប្រើប្រាស់សិទ្ធិបង្កើតរដ្ឋាភិបាលស្វយ័តដោះស្រាយបញ្ហាផ្ទៃក្នុង និងហិរញ្ញវត្ថុ។
ពាក់ព័ន្ធការមិនគោរពសិទ្ធិជនជាតិដើមនេះ យុវជនខ្មែរក្រោមអះអាងថា ជាមូលហេតុចំណងបណ្ដាលឲ្យពួកគេ ធ្វើការតស៊ូមតិ ដោយបោះពុម្ពអាវយឺតចែកជូនឲ្យពលរដ្ឋខ្មែរក្រោមប្រើប្រាស់ដោយឥតគិតថ្លៃ។ យុវជន តោ ហ្វាងជឿង ប្រាប់អាស៊ីសេរីថា លោក និងយុវជនខ្មែរក្រោមផ្សេងទៀតនឹងបន្ត យុទ្ធនាការចែកជូនអាវយឺតដល់ពលរដ្ឋខ្មែរក្រោមបន្តទៀត៖ « យុទ្ធនាការបន្តទៀតហ្នឹង យើងនឹងជំរុញលើកទឹកចិត្តឲ្យយុវជនយើងហ្នឹងកុំឲ្យភ័យខ្លាចរដ្ឋាភិបាលគេមកគំរាមសម្លុត»។
អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម។ មកទល់ខែមិថុនាខាងមុខនេះ ខ្មែរក្រោមបានបាត់បង់ទឹកដីរយៈពេល ៧៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។