ជនភៀសខ្លួនខ្មែរក្រោមនៅថៃកំពុងជួបប្រទះបញ្ហាជីវភាពដោយសារតែជំងឺកូវីដ
2021.02.28
ជនភៀសខ្លួនខ្មែរក្រោមជាងពីររយនាក់ កំពុងមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែពួកគេមិនអាចចេញក្រៅផ្ទះដើម្បីស្វែងរកការងារធ្វើ ព្រោះជំងឺកូវីដ (Covid-19) កំពុងរាតត្បាតនៅថៃ។ ពួកគេអំពាវនាវឱ្យសប្បុរសជន និងអង្គការសង្គមស៊ីវិលជួយ ប្រសិនមិនដូច្នោះទេពួកគេខ្លះអាចដាច់បាយស្លាប់នៅប្រទេសថៃ។
ជនភៀសខ្លួន អ្នកនាង ស៊ី ខូល ក៏ដូចជនភៀសខ្លួនខ្មែរក្រោមផ្សេងទៀតដែលជាប់ផុងនៅប្រទេសថៃ ស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបីនោះ កំពុងខ្វះខាតប្រាក់ចាយវាយ និងម្ហូបអាហារសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែ ជំងឺកូវីដ កំពុងវាយប្រហារថៃ។ អ្នកនាង ស៊ី ខូល ប្រាប់អាស៊ីសេរីថា អ្នកនាង មិនអាចចេញចេញក្រៅផ្ទះដើម្បីស្វែងរកការងារធ្វើទេ ដោយសារតែ ព្រួយបារម្ភពីការឆ្លងជំងឺ Covid-19 ដ៏កាចសាហាវមួយនេះ៖ «រយៈពេលចុងក្រោយនេះ ខ្ញុំឈឺខ្ញុំឈប់បានទៅធ្វើការ ហើយខ្ញុំខ្លាចជំងឺcovid-19. ជនភៀសខ្លួនគាត់ក៏អត់មានការងារធ្វើដែរ ព្រោះគាត់ទៅបះបន្លែអ៊ីចឹង ថ្ងៃខ្លះមានថ្ងៃខ្លះអត់មាន»។
យ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរក្រោមប្រមាណ ជិត ៧០គ្រួសារ ស្មើនឹងជាងពីររយនាក់ កំពុងជុំសិទ្ធិជ្រកកោននៅប្រទេសទីបី ក្នុងទីក្រុងមួយចំនួននៅប្រទេសថៃ ដោយគេចចេញពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម។ អ្នកនាង ស៊ី ខូល ដែលបានភៀសខ្លួនពីក្នុងកំណើត កំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម បន្ទាប់ពី អ្នកនាងបាន ចេញមុខតវ៉ាសំដែងមតិ ទាមទារសិទ្ធិជនជាតិដើមកំណើត តាមបណ្ដាញសង្គម (Facebook) សព្វថ្ងៃរស់បាន ដោយសារតែអង្គការនៅថៃខ្លះ បានផ្តល់អង្ករសម្រាប់ហូប ជាប្រចាំខែ។ អ្នកនាងថា ទោះបីអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទទួលស្គាល់អ្នកនាង ជាជនភៀសខ្លួនក៏ដោយ ប៉ុន្តែ នាងគ្មានសិទ្ធិរកការងារធ្វើស្របច្បាប់នៅប្រទេសថៃនោះទេ។ នាងបានលួចលាក់ការងារ រហូតដល់ ជំងឺ Covid-19 វាយប្រហារទីក្រុង អ្នកនាងរស់នៅដល់សព្វថ្ងៃនេះ៖ «ខ្ញុំធ្វើការ ក៏ដោយតែចៅកែគេអាណិតអាសូរខ្ញុំដែរ បានជាខ្ញុំអាចធ្វើការងារបាន តែបើគេមិនអាណិតខ្ញុំ ខ្ញុំមិនអាចទៅធ្វើការងារបានទេ ពីព្រោះអីខ្ញុំអត់មានលិខិតឆ្លងដែន អត់មានទិដ្ឋាការ (Visa) ធ្វើការហ្នឹងគេ ទីមួយទៀតដោយសារតែ គេឃើញយើង ជីវភាពយើងពិបាក យើងរកការងារអត់បាន។ ខ្ញុំធ្វើការដោយលួចលាក់»។
ជនភៀសខ្លួនជនជាតិខ្មែរក្រោមជាង ២០០រយនាក់ បន្តជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបីមិនទាន់បានសម្រេច។ ជនភៀសខ្លួនមួយចំនួនអះអាងថា ពួកគេភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅថៃ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមទាំងសិទ្ធិ ដីធ្លី ការបញ្ចេញមតិ ការប្រើប្រាស់បណ្ដាញសង្គម និងសាសនាជាដើម។ អង្គការសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការរង់ចាំការផ្ដល់សិទ្ធិជាជនភៀសខ្លួនទៅរស់នៅប្រទេសទីបីរបស់ខ្មែរក្រោម បណ្ដាលឱ្យពួកគេរងការកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សមាជិកសមាគមជនភៀសខ្លួនខ្មែរក្រោម លោកស្រី យឿង ធីកង ដែលបានភៀសខ្លួនពីស្រុកកំណើតដោយសារតែអាជ្ញាធរវៀតណាមតាមចាប់ ប្រាប់អាស៊ីសេរីថា ជនភៀសខ្លួនខ្មែរក្រោម កំពុងខ្វះខាតការងារធ្វើ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ លោកស្រីថា ខ្មែរក្រោមមិនសូវហ៊ានចេញពីផ្ទះ ដោយសារតែខ្លាចប៉ូលិសថៃចាប់ខ្លួន និងម្យ៉ាងទៀតខ្លាចឆ្លងជំងឺកូវីដ (Covid-19)។ ទោះបីជាយ៉ាងណា មិនទាន់មានជនភៀសខ្លួនខ្មែរក្រោមណាម្នាក់ ឆ្លងជំងឺCovid-19 នៅឡើយទេ។
លោកស្រី យឿង ធីកង សំណូមពរឱ្យសប្បុរសជន និងអង្គការសង្គមស៊ីវិលជួយដល់ជនភៀសខ្លួនខ្មែរក្រោម ដើម្បីធានាថា ពួកមិនស្លាប់ដោយសារតែអត់បាយ៖ «ជាចុងក្រោយនេះ ខ្ញុំសូមឱ្យបងប្អូនជួយ បងប្អូនជួយនៅប្រទេសថៃផង ពីព្រោះអី សព្វថ្ងៃនេះ ពួកគាត់ ទាំងខ្ញុំអីនេះ ពិតជាពិបាកណាស់ ជាពិសេសថ្លៃផ្ទះ គេមិនដែលខានមិនយកមួយខែណាទេ គេត្រូវតែទាមទារយកគ្រប់ខែអ៊ីចឹង។ សូមឱ្យបងប្អូនជួយដល់ជនភៀសខ្លួននៅប្រទេសថៃផង»។
សព្វថ្ងៃនេះ ជនភៀសខ្លួនខ្មែរក្រោម ជាច្រើននាក់ នៅមិនទាន់ទទួលបាន សិទ្ធិជាជនភៀសខ្លួននៅឡើយ ទោះបីអ្នកខ្លះបានដាក់ពាក្យសុំសិទ្ធិជ្រកកោនជិត ១០ឆ្នាំមកហើយក្តី។ ពួកគាត់កំពុងរស់តែលតោល មិនមានសង្ឃឹមទៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួនខ្មែរក្រោមនេះ សង្គមស៊ីវិលដែលមានមូលដ្ឋាននៅអាមេរិក(USA) កំពុងស្វែងរកវិធីជួយដោះស្រាយវិបត្តិ ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធកំពុងតស៊ូមតិនឹងប្រទេសមួយចំនួនដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងនោះទទួលយក ជនភៀសខ្លួនខ្មែរក្រោមទៅរស់នៅប្រទេសទីបី៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹងបានទាក់ទងអង្គការសហប្រជាជាតិ នៅទីក្រុងបាងកក ប្រទេសស្វីស និងសហគមន៍អន្តរជាតិ រួមទាំងប្រទេសមួយចំនួនទៀតនៅលើសកលលោកនេះ ដើម្បីជួយធ្វើអន្តរាគមន៍ដើម្បីជួយពលរដ្ឋខ្មែរក្រោម មករស់នៅប្រទេសទីបី»។
កាលពីចាប់ផ្ដើមនៃជំងឺ Covid-19 ពីឆ្នាំ ២០២០ សហព័ន្ធខ្មែរកម្ពុជាក្រោមធ្លាប់បានប្រមូលថវិកាប្រមាណ មួយម៉ឺនដុល្លារ ជួយដល់ជនភៀសខ្លួនខ្មែរក្រោម។ ព្រះភក្ខុ សឺង យ៉ឹងរតនា អំពាវនាវ ដល់សមាជិកសហព័ន្ធនិងសប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភដល់ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងរងទុក្ខវេទនានៅប្រទេសថៃ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម និងជនភៀសខ្លួនខ្មែរក្រោមមិនសូវទទួលបានបានចាប់អារម្មណ៍ពីប្រទេសដែលទទួលយកជនភៀសខ្លួននោះទេ។ លោកថា មានប្រទេសតែមួយចំនួនតូចតែប៉ុណ្ណោះ បានពិចារណាផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេ ដែលជាហេតុបណ្ដាលឱ្យពួកគេជួបប្រទះបញ្ហាមិនចេះចប់មិនចេះហើយ ហើយក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់មន្ត្រីពុករលួយខ្លះ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែថៃ ទទួលបានប្រាក់ខែតិច ជាងប្រាក់ខែគោលជាដើម។ លោកស្នើឱ្យអាជ្ញាធរថៃផ្តល់ការការពារ ដល់ជនភៀសខ្លួនខ្មែរក្រោមនៅថៃទាំងនោះ ជាជាងចាត់ទុកពួកគេជាពលករខុសច្បាប់ ដែលងាយនឹងត្រូវអាជ្ញាធរចាប់ និងឃុំខ្លួន។ វៀតណាមបានគ្រប់គ្រងខ្មែរទឹកដីខ្មែរកម្ពុជាក្រោម អស់រយៈពេល ៧២ឆ្នាំហើយចាប់តាំងពីបារាំងបានកាត់ទឹកដីខ្មែរក្រោមទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩មក។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីកម្ពុជាក្រោមមក វៀតណាមបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម និងចង់ប្រែក្លាយជនជាតិខ្មែរក្រោមឱ្យទៅជាជនជាតិវៀតណាម ប៉ុន្តែការខំប្រឹងប្រែងរបស់វៀតណាមមិនបានជោគជ័យ រហូតដល់មានការតស៊ូប្រឆាំងរបស់ពលរដ្ឋខ្មែរក្រោម រហូតដល់ខ្មែរក្រោមមួយចំនួនត្រូវបង្ខំចិត្តរត់ចោលស្រុកកំណើត។ បច្ចុប្បន្ន ខ្មែរកម្ពុជាក្រោមនៅលើទឹកដីកំណើត និងនៅក្រៅប្រទេសកំពុងធ្វើយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។