សមាគមខ្មែរក្រោមនៅកម្ពុជាគ្រោងដាក់របាយការណ៍ស្ដីពីការរំលោភបំពាន និងរើសអើងជូនរដ្ឋាភិបាល
2020.02.09

សមាគមខ្មែរក្រោមមានមូលដ្ឋាននៅកម្ពុជា គ្រោងនឹងជួបមន្ត្រីរដ្ឋាភិបាលដើម្បីដាក់របាយការណ៍ស្ដីពីការរំលោភបំពាន និងរើសអើងពីសំណាក់ មន្ត្រីរដ្ឋាភិបាលទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជា។ មន្ត្រីសមាគមខ្មែរក្រោមរំពឹងថា កិច្ចសន្ទនារវាងមន្ត្រីសិទ្ធិមនុស្សខ្មែរក្រោម និងតំណាងរដ្ឋាភិបាលនឹងជួយសម្រួលស្ថានភាពរស់នៅ របស់ពលរដ្ឋខ្មែរក្រោម។
មន្ត្រីសមាគមខ្មែរក្រោមថា សំណើជួបមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះ គឺដើម្បីដាក់ភស្តុតាងនៃការរំលោភបំពានពីសំណាក់អាជ្ញាធរមូលដ្ឋាននៅពេលនេះ ដោយសារតែ មន្ត្រីរដ្ឋាភិបាលបានបដិសេធព័ត៌មានក្នុងរបាយការណ៍សមាគមខ្មែរក្រោម ដែលបានសរសេរយ៉ាងលំអិតនៃការរើសអើង និងការធ្វើទុក្ខបុកម្នេញ ពលរដ្ឋខ្មែរក្រោម។ កាលពីចុងខែមករា បណ្ដុំសមាគមខ្មែរកម្ពុជាក្រោមចំនួនបួន នៅកម្ពុជា បង្ហាញរបាយការណ៍ស្ដីពីស្ថានភាពខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាសព្វថ្ងៃ ក្នុងសិក្ខាសាលាមួយ។ របាយការណ៍នោះ រកឃើញថា អាជ្ញាធរនៅថ្នាក់ក្រោមកំពុងឃ្លាំមើល និងបំបិទបំភ័យខ្មែរក្រោមនៅកម្ពុជា ដូចជាតាមស៊ើបអង្កេត ថតរូប សំឡេង សាកសួរ និងរារាំងសកម្មជនខ្មែរក្រោមមិនឱ្យបញ្ចេញមតិជាដើម។ អាជ្ញាធរកម្ពុជា ក៏បន្តរឹតត្បិតមិនឱ្យខ្មែរក្រោមប្រារព្ធពិធីរំលឹកថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម រៀងរាល់ថ្ងៃទី៤ មិថុនា ហើយពលរដ្ឋខ្មែរក្រោមជាច្រើននៅតែគ្មានសិទ្ធិស្របច្បាប់ដើម្បីមានកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដោយសារតែអាជ្ញាធរមូលដ្ឋានមិនទទួលស្គាល់ថា ខ្មែរក្រោម ជាជនជាតិខ្មែរ។ របាយការណ៍ក៏រកឃើញថា ស្ត្រីខ្មែរក្រោមនៅកម្ពុជាប្រមាណ ៩៥ភាគរយមិនចេះអក្សរ។
ក្រោយរបាយការណ៍ត្រូវបានសមាគមខ្មែរក្រោមផ្សព្វផ្សាយជាសាធារណៈរួចមក មន្ត្រីនាំពាក្យគណបក្សកាន់អំណាច និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានច្រានចោលព័ត៌មានក្នុងរបាយការណ៍នោះ ហើយពួកគេ របាយការណ៍មិនឆ្លុះបញ្ចាំងការពិត។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ជាទូទៅពលរដ្ឋខ្មែរក្រោមទទួលបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ស្មើគ្នា៖ «ជាការពិតរដ្ឋាភិបាលមិនដែលរើសអើងបងប្អូនឯណា។ លើកលែងតែបងប្អូនមិនចូលក្នុងភូមិឃុំរបស់ពួកគេ។ បើរស់នៅក្នុងភូមិឃុំទទួលបានការអប់រំ គាំពារពីរដ្ឋាភិបាល»។
លោក សុខ ឥសាន ក៏ចោទប្រកាន់ចំពោះអ្នកលើកឡើងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងយកចិត្តទុក្ខដាក់ និងស្រឡាញ់ ពលរដ្ឋផ្សេងមានដូចជា ជនជាតិវៀតណាម ជាងខ្មែរក្រោម។ លោកថា ការចោទប្រកាន់នេះ ជាការចោទប្រកាន់នយោបាយ។ ប៉ុន្តែទោះបីលោក សុខ ឥសាន លើកឡើងដូច្នោះក៏ដោយ រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានផ្តល់ដីសម្បទានសង្គមកិច្ចដល់វៀតណាមដែលធ្លាប់រស់នៅលើបឹងទន្លេសាប ៤០ ហិកតារ ស្របពេលដែលពលរដ្ឋខ្មែរជាច្រើនគ្រួសារ គ្មានផ្ទះសម្បែង និងដីធ្លីរស់នៅ។ ទោះបីយ៉ាងណា លោក សុខ ឥសាន សំណូមពរដល់ខ្មែរក្រោម ដែលទើបផ្លាស់ប្ដូរលំនៅឋាន ត្រូវទៅទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះឈ្មោះទទួលបានប័ណ្ណគ្រួសារ និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ។
ដោយឡែក អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ក៏ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានគោលការណ៍រើសអើងនឹងខ្មែរក្រោមនោះទេ។ លោកទទួលស្គាល់ថា ខ្មែរក្រោមជាខ្មែរ៖ «គាត់ជាខ្មែរ ខ្មែរក្រោមចេះនិយាយខ្មែរជាស្រេចហើយ»។
ក៏ប៉ុន្តែកាលពីពេលកន្លងមក មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា អាជ្ញាធរមិនទទួលស្គាល់ខ្មែរក្រោមថា ជាខ្មែរទេ លុះត្រាតែពួកគេ មានឯកសារបញ្ជាក់គ្រប់គ្រាន់ រួមមានដូចជា ឪពុកម្ដាយពួកគេត្រូវតែជាខ្មែរ មានសំបុត្រកំណើត និងទីកន្លែងកំណើតនៅកម្ពុជា។ លោកបន្តទៀតថា រដ្ឋាភិបាលគ្មានការយោគយល់ចំពោះពលរដ្ឋខ្មែរក្រោមនោះទេ។ លោក ផៃ ស៊ីផាន ក៏ធ្លាប់អះអាងដែរថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សបង្កឡើងដោយអាជ្ញាធរវៀតណាមទៅលើពលរដ្ឋខ្មែរក្រោមបាននោះទេ ដោយសារលោកចាត់ទុកថា ខ្មែរក្រោម ជាជនជាតិវៀតណាម។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ បង្កឱ្យពលរដ្ឋខ្មែរក្រោម ខកចិត្តយ៉ាងខ្លាំង ដោយសារតែ ទឹកដីខ្មែរក្រោមត្រូវបានបារាំងកាត់ឱ្យវៀតណាមទាំងខុសច្បាប់ កាលពីឆ្នាំ ១៩៤៩ ទើបតែមានរយៈពេល ៧០ឆ្នាំតែប៉ុណ្ណោះ។
អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មិនទាន់អាចទទួលយកការបកស្រាយពីសំណាក់មន្ត្រីបក្សកាន់អំណាច និងសមត្ថកិច្ច បាននៅឡើយទេ ដោយសារតែលោកមានភស្តុតាងនៃការរើសអើង និងធ្វើទុក្ខបុកម្នេញច្រើនលើសលប់៖ «តាមធម្មតាយើងជាអ្នកធ្វើការងារផ្ទាល់ជាមួយខ្មែរក្រោម អ្វីដែលយើងនិយាយមានការស្រាវជ្រាវ។ យើងកំពុងត្រៀមរបាយការណ៍ដាក់ទៅរដ្ឋាភិបាលផងដែរ»។
មិនមែនតែសមាគមខ្មែរក្រោមនៅកម្ពុជាដែលមើលឃើញថា ខ្មែរកម្ពុជាក្រោមកំពុងតែរងការធ្វើទុក្ខបុកម្នេញ។ កាលពីខែសីហា ឆ្នាំ ២០១៩ គណៈកម្មាធិការដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ បានស្នើដល់ភាគីកម្ពុជា ដោះស្រាយបញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណដល់ខ្មែរក្រោម ដើម្បីពួកគេអាចទទួលបានការទទួលស្គាល់សញ្ជាតិរបស់ពួកគេ និងអនុញ្ញាតឱ្យខ្មែរក្រោម ដាក់ឈ្មោះ និងទីកន្លែងកំណើតពិតប្រាកដនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់ពួកគេ។ គណៈកម្មាធិការនេះ ក៏ស្នើដល់កម្ពុជាឱ្យធានាថា ខ្មែរក្រោមមានសិទ្ធិស្មើគ្នាចំពោះសិទ្ធិដីធ្លី ការងារ អប់រំ សេវាកម្មសង្គមកិច្ចជាដើម៕