មូលហេតុ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចូល​រួម​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

ចាប់​តាំង​ពី​មាន​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ចូល​រួម​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ជា​ហូរហែ។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ បាន​បង្ហាញ​វត្តមាន​សឹង​មិន​លស់​ពេល ឲ្យ​តែ​មាន​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ តើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​ចង់​ទាមទារ​អ្វី? តើ​ពួក​គេ​មាន​ក្តី​សង្ឃឹម​បែប​ណា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ក្លាយ​ជា​បក្ស​កាន់​អំណាច​មែន​នោះ?
ដោយ យាង សុជាមេត្តា
2013.12.18
ខ្មែរ​ក្រោម បាតុកម្ម​សង្គ្រោះ​ជាតិ ៦១០ ព្រះសង្ឃ និង​ខ្មែរ​កម្ពុជា​ក្រោម ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។
Photo: RFA

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តែង​បាន​បង្ហាញ​វត្តមាន​ក្នុង​បាតុកម្ម​អហិង្សា​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច​គ្នា​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​ឯ​ទៀត ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​នោះ ទាមទារ​ចង់​ឲ្យ​មាន​យុត្តិធម៌​ការ​បោះ​ឆ្នោត។ លើស​ពី​នេះ ពួក​គេ​គិត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត បាន​កាន់​អំណាច​មែន​នោះ គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​ជួយ​ធ្វើ​អោយ​ស្ថានភាព​ជីវិត​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។ ពួក​គេ​ក៏​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​មាន​វិធាន​ការ​ជួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម​ផង​ដែរ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង ព្រះនាម ថាច់ ថាវរី បាន​ឲ្យ​ដឹង​នៅ​ពេល​ដែល​ព្រះអង្គ​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា ការ​ដែល​ព្រះអង្គ​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​បាតុកម្ម​អហិង្សា​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​នោះ ដោយសារ​ព្រះអង្គ​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​នៅ​មាន​ភាព​អយុត្តិធម៌​ជាច្រើន។ ម្យ៉ាង​ទៀត ព្រះអង្គ​បាន​មើល​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ច្រើន​ផ្សេង​ទៀត ដូច​ជា​ការ​ជិះ​ជាន់​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល និង​ការ​ទន្ទ្រាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ។

ព្រះតេជព្រះគុណ ថាវរី មាន​ថេរ​ដីកា​បន្ថែម​ថា ក្រៅ​តែ​ពី​ចូល​រួម​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ព្រះអង្គ​ក៏​ចង់​ស្វែង​រក​យុត្តិធម៌​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ។ ព្រះតេជព្រះគុណ​ថា អាជ្ញាធរ​រដ្ឋាភិបាល​សព្វថ្ងៃ​នៅ​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ ហើយ​នៅ​កន្លែង​ខ្លះ​ទៀត ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​លាប​ពណ៌​ថា ជា​ជនជាតិ​វៀតណាម ទៀត​ផង។ សម្រាប់​ព្រះតេជព្រះគុណ ថាវរី នេះ គឺ​ជា​ការ​រើស​អើង​មួយ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។

ព្រះតេជព្រះគុណ ថាច់ ថាវរី៖ «ការ​រើស​អើង​នេះ មិន​មែន​ការ​រើស​អើង​មិន​ឲ្យ​នៅ មិន​ឲ្យ​អី​ទេ ការ​រើស​អើង​នេះ ដូច​ជា​ការ​ធ្វើ​ក្រដាស​ស្នាម បញ្ជី​កំណើត​ហ្នឹង​អត់​បាន​ទេ គឺ​ពិបាក​ធ្វើ​តែ​ម្តង ហើយ​អាត្មា​ចូល​រួម​ក្នុង​ឱកាស​នេះ ដើម្បី​ជា​ការ​សម្ដែង​មួយ​ថា អាត្មា​ក៏​ជា​កូន​ខ្មែរ​មួយ​រូប ក៏​មាន​ឆន្ទៈ​មនសិការ​ខ្មែរ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ដែរ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​នៅ​ក្នុង​អាណត្តិ​ហ្នឹង ចំពោះ​ខ្មែរ​ក្រោម យើង​គិត​ថា ប្រាកដ​ជា​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ខ្មែរ​ដូច​គ្នា ដោយសារ​តែ​គេ​មិន​រើស​អើង​ដាក់​យើង​ខ្មែរ​លើ​ខ្មែរ​ក្រោម​ទេ យើង​គិត​ថា យើង​នឹង​មាន​ការ​អធ្យាស្រ័យ​ជាង​មុន»

ក្រៅ​តែ​ពី​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ចំពោះ​ស្ថានភាព​ខ្មែរ​ក្រោម​នៅ​កម្ពុជា ព្រះតេជព្រះគុណ​ក៏​មាន​ក្តី​សង្ឃឹម​ថា គណបក្ស​មួយ​នេះ​អាច​ជួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន ប្រសិន​បើ​បក្ស​ប្រឆាំង​មួយ​នេះ​ក្លាយ​ជា​បក្ស​កាន់​អំណាច។ ព្រះតេជព្រះគុណ ថាវរី មិន​ហ៊ាន​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​ពី​វៀតណាម វិញ​បាន​នោះ​ទេ តែ​ព្រះអង្គ​រំពឹង​ថា យ៉ាង​ហោច​ណាស់ គណបក្ស​មួយ​នេះ​អាច​ហ៊ាន​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ការ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ផ្សេងៗ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ លើស​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ផ្តល់​សេរីភាព​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា រៀប​ចំ​កម្មវិធី​ជួប​ជុំ​ផ្សេងៗ ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​ពុំ​សូវ​បាន​អនុញ្ញាត។

ព្រះតេជព្រះគុណ ថាច់ ថាវរី៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ផ្តល់​ឲ្យ​សម្រាប់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម អាច​ធ្វើ​បុណ្យ​ខួប​រំលឹក​ទឹក​ដី​ក៏​ដូច​ជា​បុណ្យ​ជាតិ​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​ផង​ដែរ យើង​មើល​សព្វថ្ងៃ ប្រជាជន ឬ​ក៏​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សុំ​កន្លែង​ដើម្បី​ប្រារព្ធ​ទិវា​ថ្ងៃ​៤ ខែ​៦ ដើម្បី​រំលឹក​ខួប​មួយ​ដែល​មាន​ការ​ឈឺ​ចាប់ ដែល​បារាំង កាត់​ទឹក​​ដី​អោយ​វៀតណាម ហ្នឹង ក៏​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ​រាល់​ថ្ងៃ​នេះ»

ជាទូទៅ ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ការ​យល់​ឃើញ​មួយ​ថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ហើយ​ពេល​ខ្លះ រដ្ឋាភិបាល​កម្ពុជា ហាក់​យក​ចិត្ត​ទុក​ដាក់​តិចតួច​នៅ​ពេល​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​ពួក​គេ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ខ្មែរ​ក្រោម​ជួប​ប្រទះ។ នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគ​ច្រើន ផ្ញើ​ក្តី​សង្ឃឹម​លើ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ សួន កុសល សព្វថ្ងៃ​រស់​នៅ​ភ្នំពេញ ដែល​សុំ​លាក់​ឈ្មោះ​ខេត្ត​កំណើត​របស់​ខ្លួន​នៅ​កម្ពុជា​ក្រោម បាន​ពោល​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កាន់​អំណាច​នៅ​កម្ពុជា មែន​នោះ លោក​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខ្វល់​ខ្វាយ​ចំពោះ​ស្ថានភាព​រស់​នៅ​របស់​ខ្មែរ​ក្រោម​ទាំង​នៅ​កម្ពុជា និង​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម។

លោក សួន កុសល៖ «គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​ស្ទួយ និង​យក​ចិត្ត​ទុក​ដាក់​មិន​ដូច​ជា​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ទេ គេ​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ខ្មែរ​ក្រោម​ប៉ុន្មាន​ទេ ហេតុ​ដូច្នោះ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ឈ្នះ​ដាច់​ខាត​ហ្នឹង គឺ​ខ្មែរ​កម្ពុជា​ក្រោម នឹង​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ភាព​ជា​មនុស្ស​ជាតិ​ដូច​គេ​លើ​ពិភពលោក​អ៊ីចឹង​ដែរ ដូច្នោះ​ខ្មែរ​កម្ពុជា​ក្រោម យើង​គ្មាន​គណបក្ស​ណា​ជា​ទី​សង្ឃឹម​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ហើយ»

ខុស​ពី​ព្រះតេជព្រះគុណ ថាច់ ថាវរី និង​លោក សួន កុសល ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ថាច់ ឡីម។ លោក​មាន​ស្រុក​កំណើត​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ហើយ​សព្វថ្ងៃ​មាន​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា លោក​ចូល​រួម​បាតុកម្ម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​លោក​ខ្លាច​ទឹក​ដី​កម្ពុជា បច្ចុប្បន្ន ត្រូវ​ជនជាតិ​វៀតណាម ទន្ទ្រាន​យក​ដូច​ដែន​ដី​កម្ពុជា​ក្រោម។

លោក ថាច់ ឡីម៖ «ឈាម​ខ្ញុំ​ឈាម​តា សឺន គុយ យើង​មិន​ខុស​គ្នា​ទេ យើង​សព្វថ្ងៃ​នៅ​កម្ពុជា កណ្ដាល​នេះ វា​មិន​ខុស​ពី​កម្ពុជា​ក្រោម ទេ ខ្ញុំ​បាត់​បង់​ទឹក​ដី​ខ្ញុំ ២១​ខេត្ត​នៅ​កម្ពុជា​ក្រោម។ ឥឡូវ​នៅ​សល់ ២៤​ខេត្ត​ក្រុង​នេះ បើ​យើង​មិន​ខំ​ថែ​រក្សា ២៤​ខេត្ត​ក្រុង​នេះ​ទេ គង់​បាត់​បង់​ដូច​ទឹក​ដី​ចម្ប៉ា ដូច​ទឹក​ដី​កម្ពុជា​ក្រោម ខ្ញុំ​ឈឺ​ចាប់ ហើយ​ខ្ញុំ ខ្ញុំ​មក​មិន​ដែល​ខាន​មួយ​ថ្ងៃ​ណា ថ្ងៃ​បាតុកម្ម​ថ្ងៃ​ណា​ខ្ញុំ​មក​ថ្ងៃ​ហ្នឹង ថ្ងៃ​មក​ដំបូង​ខ្ញុំ​សន្លប់​តើ ខ្ញុំ​ដួល ខ្ញុំ​ងងឹត​មុខ ខ្ញុំ​នៅ​តែ​មក​ទៀត នៅ​ដើរ​ហែ​ជាមួយ​ឯកឧត្តម ដើរ​រាល់​តែ​ថ្ងៃ​ហ្នឹង ដើរ​ទៅ​ដើរ​មក ខ្ញុំ​ចង់​សម្ដែង​ទឹក​ចិត្ត​ខ្ញុំ​ថា ខ្ញុំ​នឹង​ស្រឡាញ់​ជាតិ ស្រឡាញ់​បូរណភាព​ទឹក​ដី​របស់​ខ្ញុំ ជាតិ​របស់​ខ្ញុំ»

ចំណែក​ស្ត្រី​ខ្មែរ​ក្រោម​ឈ្មោះ ដែន សំបូរ មក​ពី​ខេត្ត​រោងដំរី ជាប់​ព្រំ​ប្រទល់​ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជា បាន​កត់​សម្គាល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹក​នាំ​ប្រទេស​យូរ​ឆ្នាំ​មក​ហើយ តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ក្រ។ អ្នកស្រី​ថា ក្នុង​នាម​ជា​ពលរដ្ឋ អ្នកស្រី​មាន​សិទ្ធិ​ជ្រើស​រើស​មេ​ដឹក​នាំ​ដែល​ល្អ និង​គិតគូរ​ពី​រឿង​ជាតិ។ លើស​ពី​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ព្រួយ​បារម្ភ​នោះ គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ៩៩​ឆ្នាំ។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា ដូច​ទឹក​ដី​កម្ពុជា​ក្រោម។

អ្នកស្រី ដែន សំបូរ៖ «ពួក​ខ្ញុំ​ភ័យ​ខ្លាច បង​ប្អូន​នៅ​ស្រុក​ខ្មែរ​ភ័យ​ខ្លាច​មិន​ភ័យ ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ខ្មែរ​ខ្ញុំ​កម្ពុជា​ក្រោម ខ្ញុំ​ភ័យ​ឡើង​ម៉ា​ចង់​លស់​ព្រលឹង ពីព្រោះ​ខ្ញុំ​ខ្មែរ​កម្ពុជា​ក្រោម សូម្បី​តែ​លេខ​មិន​ចេះ​ផង កុំ​ថា​ឡើយ​អក្សរ ហើយ​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​មិន​បាន​រៀន​សូត្រ​អ៊ីចឹង ខ្ញុំ​ឈឺ​ចាប់​សម្បើម​ណាស់ មិន​ត្រឹម​ថា​តែ​ខ្ញុំ​ទេ កូន​ចៅ​បង​ប្អូន​ខ្ញុំ​ទាំងអស់​អត់​មាន​អ្នក​ណា​ចេះ​អក្សរ​ខ្មែរ​ទេ អ៊ីចឹង​ខ្ញុំ​ខ្មែរ​ទោះ​បី​នៅ​ណា​ក៏​ខ្ញុំ​ជា​ខ្មែរ​ដែរ អ៊ីចឹង​ខ្ញុំ​ត្រូវ​ស្រឡាញ់​ខ្មែរ​ដូច​គ្នា គ្មាន​នរណា​ស្រឡាញ់​យើង​ខ្មែរ​ដូច​គ្នា​ចេះ​ស្រឡាញ់​គ្នា​ទេ បើ​យើង​ចេះ​ស្រឡាញ់​គ្នា ចេះ​ចាប់​ដៃ​គ្នា ចេះ​ពង្រឹង គ្មាន​នរណា​ហ៊ាន​មើល​ងាយ ហើយ​ក៏​ហ៊ាន​ឈ្លាន​ពាន​យើង​ដែរ ទេវតា​បង្កើត​យើង​មក​ចែក​ដី​ចែក​ធ្លី​ឲ្យ​រៀង​ខ្លួន​ហើយ បើ​យើង​មិន​ចេះ​ថែ​រក្សា​ជា​រឿង​របស់​យើង កុំ​បន្ទោស​ទេវតា​ឲ្យ​សោះ»

អ្នកស្រី សំបូរ សង្ឃឹម​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កាន់​អំណាច គណបក្ស​សង្គ្រោះ​ជាតិ អាច​ជួយ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម រស់​នៅ​មាន​សិទ្ធិ​សេរីភាព និង​បាន​សិក្សា​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ​បាន​ពេញ​លេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។