បញ្ហា​ប្រឈម​របស់​ស្ត្រី​សមាជិក​គណបក្ស​ប្រឆាំង ដែល​ត្រូវ​អាជ្ញាធរ​លុប​ចោល​លិខិត​ឆ្លងដែន

0:00 / 0:00

ស្ត្រី​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ២រូប​កំពុង​ជួប​ការ​លំបាក ក្នុង​ការ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ នៅ​ក្រោយ​ពេល ដែល​លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់​ត្រូវ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​លុប​ចោល។ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ច្បារ​មន អ្នកស្រី គុណ ម៉ាច និង​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា នៅ​ឃុំ​ត្រែង​ត្រយឹង ស្ថិត​ក្នុង​ចំណោម​មន្រ្តី និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ២៧នាក់ ដែល​ត្រូវ​ក្រសួង​ការ​បរទេស​សម្រេច​លុប​ចោល​លិខិត​ឆ្លង​ដែន​កាល​ពី​ពេល​ថ្មីៗ នេះ។ ពួក​គេ​នៅ​តែ​ប្រកាន់​ថា ពួក​គេ​គ្មាន​កំហុស និង​ថា​ចំណាត់​ការ​របស់​អាជ្ញាធរ​គឺ​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង ដែល​មិន​គួរ​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។

ស្រ្តី​ជា​សមាជិក​បក្ស​ប្រឆាំង ២រូប គឺ​កញ្ញា កឹម តុលា និង​អ្នកស្រី គុណ ម៉ាច លើក​ឡើង​ថា​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​លិខិតឆ្លង​ដែន​លែង​មាន​សុពលភាព​ត​ទៅ​ទៀត ស្រប​ពេល​ពួក​គេ​កំពុង​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​បាន​ជួប​ការ​លំបាក​មួយ​កម្រិត​រួច​ហើយ​នោះ។

កញ្ញា កឹម តុលា រៀបរាប់​ថា ទាំង​ការ​ស្នាក់ និង​ធ្វើ​ដំណើរ នាង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​បារម្ភ​ខ្លាច​ត្រូវ​ប៉ូលិស​ចាប់ខ្លួន៖ « សព្វថ្ងៃ​ដែល​ពួក​ខ្ញុំ​ស្នាក់​នៅ​ទី​នេះ​ជួប​គ្នា ៥នាក់​ដែល​កំពុង​តែ​ជួប​គ្នា​រាល់​ថ្ងៃ ដែល​គេ​ដក​សុពលភាព​ប៉ាសស្ព័រ ( លិខិត​ឆ្លង​ដែន ) ដែរ​កំពុង​តែ​លំបាក​ហើយ ជា​ពិសេស នៅ​ក្នុង​តែ​បន្ទប់​តូច​មួយ មិន​ហ៊ាន​ចេញ​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ជិតៗ ហ្នឹង​ទាល់​តែ​ជា​កន្លែង ដែល​យើង​ធ្លាប់​ដឹង​ពី​ស្ថានការណ៍​ដែរ​បាន​ហ៊ាន​ទៅ។ តែ​បើ​កន្លែង​ណា ដែល​ខ្ញុំ​អត់​ធ្លាប់​ទៅ​ពួក​ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ ព្រោះ​ដោយសារ​ខ្លាច​សុវត្ថិភាព​ខ្លួន​ឯង​ដោយសារ​យើង​អត់​មាន​លិខិត​ឆ្លង​ដែន​នៅ​ដៃ»

ក្នុង​វ័យ ៣៣ឆ្នាំ កឹម តុលា ធ្លាប់​ជា​មេឃុំ​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ខែ​សីហា​ឆ្នាំ២០១៨ ក្រោយ​មាន​ដីកា​ពី​តុលាការ​ខេត្ត ឱ្យ​ចូល​ទៅ​បំភ្លឺ​ករណី​ពួក​គេ​នាំគ្នា​ជួប​ប្រជុំ​បង្ហាញ​ការ​គាំទ្រ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ។

តុលា​រំលឹក​ថា នាង​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ២០០៥ ហើយ​ក្រោយ​មក​បន្ត​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ជាប់​ឆ្នោត​ជា​មេឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៣។ កញ្ញា​ថា ពេល​នោះ​នាង​ដឹង​ថា ​បំណង​របស់​នាង​ដែល​ចង់​ធ្វើ​ការងារ​នៅ​សហគមន៍ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នោះ​កំពុង​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ។ ប៉ុន្តែ​នាង​ថា ក្ដី​ប្រាថ្នា​នោះ​បាន​រលាយ​បាត់​នៅ​ពេល ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ​រម្លាយ​ចោល។ លើស​ពី​នេះ​រូប​នាង​ក៏​ត្រូវ​តាម​យាយី​រហូត​មិន​អាច​នៅ​ស្រុក​បាន។ បើ​ទោះ​ជា​យ៉ាង​ណា​នាង​ថា នេះ​ជាអ្វី​ដែល​នាង​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ហើយ​ថា​វា​នឹង​កើត​ឡើង​ទៅ​លើ​សមាជិក​គណបក្ស​ប្រឆាំង​មិនថា​ស្រី ឬ​ប្រុស​ឡើយ៖ « កើត​ឡើង​នូវ​បញ្ហា​ទាំង​នេះ​ខ្ញុំគិតថា ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ពួក​ខ្ញុំ ដែល​ត្រូវ​គេ​ផ្ដាច់​លិខិត​ឆ្លង​ដែន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ។ ការ​សម្រេច​ចិត្ត​របស់​ពួក​ខ្ញុំ គឺ​បាន​សម្រេច​តាំង​ពី​ពេល​ដែល​ឈាន​ជើង​ចូល​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ​ម្លេះ»

កឹម តុលា កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ក្នុង​ខេត្ត​ក្រចេះ។ នាង​មាន​បង​ប្អូន​បង្កើត ១២នាក់ ហើយ​នាង​ជា​កូន​ទី១១។ ក្នុង​គ្រួសារ​នេះ​ពុំ​ធ្លាប់​មាន​នរណា​ម្នាក់​ចូលរួម​កិច្ចការ​នយោបាយ​ទេ គឺ​មាន​តែ​នាង​ម្នាក់​គត់។ ក្រៅ​ពី​តួនាទី​ជា​មេឃុំ តុលា មាន​មុខ​របរ​ជា​អ្នក​ជួល​តុ​ការ លក់ដូរ​បោះ​ដុំ​គ្រឿង​ទេស និង​ជី​កសិកម្ម បន្ទាប់​ពី​នាង​នឹង​បង​ស្រី​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​ឃុំ​ត្រែង​ត្រយឹង​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។

បើ​ទោះ​ជា​យ៉ាង​ណា តុលា នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា នឹង​វិល​ទៅ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដែល​នាង​រស់​នៅ ដ្បិត​នាង​នៅ​តែ​មើល​ឃើញ​ថា សង្គម​បច្ចុប្បន្ន​នៅ​តែ​មាន​អំពើ​អយុត្តិធម៌ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ពលរដ្ឋ អំពើ​ពុក​រលួយ និង​ការ​រើសអើង​កើត​ឡើង ហើយ​បញ្ហា​ទាំង​នេះ​ក៏​ជា​ហេតុផល ដែល​កញ្ញា​បាន​សម្រេច​ចូលរួម​ការងារ​ជាមួយ​គណបក្ស​ប្រឆាំង៖ « របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន រយៈ​ពេល​ជាង ៣០ឆ្នាំ​មក​នេះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខ្លួន​ឯង​រីក​ចម្រើន​ក្នុង​ករណី​ណា​មួយ​ឱ្យ​បាន​សម​ប្រកប​ទេ ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច​អី​ផ្សេងៗ។ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អី​ផ្សេងៗ ក៏​មិន​បាន​ល្អ​ប្រសើរ​សម្រាប់​ឱ្យ​ពួក​ខ្ញុំ​បាន​ស្រណុក​ចិត្ត​ទេ។ ជាពិសេស ថ្មីៗ នេះ​ដែរ រួម​ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​គឺ​ឃើញ​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត គឺ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផ្នែក​ដី​ធ្លី និង​បំពាន​លើ​ពលរដ្ឋ​ខ្លួន​ឯង​ធ្វើ​អោយ​ពលរដ្ឋ​រង​គ្រោះ​ពិបាក​វេទនា ភាពក្រីក្រ​សេដ្ឋកិច្ច​អី​ផ្សេងៗ ក៏​រដ្ឋាភិបាល​មិន​បាន​ទទួល​ខុស​ត្រូវ​ឱ្យ​បាន​ច្បាស់លាស់ ពិសេស គឺ​យើង​ឃើញ​ភាព​អយុត្តិធម៌​នេះ​ហើយ»

ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា បាន​សម្រេច​លុប​ចោល​លិខិត​ឆ្លង​ដែន​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន ២៧នាក់ ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គេច​ចេញ​ពី​ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។ ក្នុង​ចំណោម​អ្នក​ទាំង ២៧នាក់​នោះ​មាន​ស្រ្តី​ចំនួន​៦​នាក់ ដែល​រួម​មាន ក្រុមប្រឹក្សា​ខេត្ត ប៉ៃលិន អ្នកស្រី វ៉ែន តារា អ្នកស្រី យក់ នាង សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ កញ្ញា សៅ ឧសភា និង​កញ្ញា ងឹម គាថា ជា​សកម្មជន​បក្ស​ក្នុង​ខេត្ត​ព្រះសីហនុ រួម​នឹង​អ្នកស្រី គុណ ម៉ាច និង​កញ្ញា កឹម តុលា។

កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​កន្លង​ទៅ ក្រសួង​ការ​បរទេស​នៃ​ដដែល​នេះ ក៏​បាន​លុប​លិខិត​ឆ្លង​ដែន របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ១២រូប​ដែរ ក្នុង​នោះ មាន​អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី ជា​ដើម។

លិខិត​ឆ្លង​ដែន​ជា​ឯកសារ​ផ្លូវ​ច្បាប់​តែ​មួយ​គត់ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សម្រាប់​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស។

ចំណែក​អ្នក​ស្រី គុណ ម៉ាច ក៏​មិន​ខុស​គ្នា​ពី​កញ្ញា កឹម តុលា និង​ស្រ្តី​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដែល​ត្រូវ​លុប​ចោល​លិខិត​ឆ្លង​ដែន​នេះ​ដែរ គឺ​ជួប​ការ​លំបាក​ថែម​មួយ​កម្រិត​ទៀត ក្នុង​នាម​អ្នក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​គេ។ អ្នកស្រី​ថា នេះ​ជា​អំពើ​អយុត្តិធម៌ ចំពោះ​ស្រ្តី ដែល​ហ៊ាន​ចេញ​មុខ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង៖ « ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម គឺ​ឋិត​នៅ​លើ​មាត់​របស់​លោក ហ៊ុន សែន។ ខ្ញុំ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​យើង​ផ្លាស់​ប្ដូរ​ក្លាយ​ជា​ប្រទេស​សេរី មាន​លទ្ធិ​ប្រជាធិបតេយ្យ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​កុំ​ឱ្យ​មាន​ការ​ផ្ដាច់ការ»

ចំណែក​អ្នកស្រី គុណ ម៉ាច មាន​វ័យ ៤៩ឆ្នាំ បាន​ភៀស​ខ្លួន​ចោល​គ្រួសារ កូន និង​ចៅ ក៏​ព្រោះ​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ក្រោយ​បាន​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់»។ លោក​ថា ប្រសិន​បើ​សកម្មជន​ទាំង​នេះ ចង់​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ឡើង​វិញ ត្រូវ​តែ​វិល​ចូល​កម្ពុជា ហើយ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ជា​មុន​សិន៖ « ឱ្យ​គាត់​ចូល​មក​ក្នុង​ប្រទេស​ហើយ​ប្រឈម​នូវ​ផ្លូវច្បាប់​របស់​ប្រទេស​សិន​ទៅ ហើយ​នីតិវិធី​បន្ត​នឹង​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ជាក់​ស្ដែង »

ឆ្លើយតប​នឹង​ការអះអាង​នេះ កញ្ញា កឹម តុលា បញ្ជាក់​ថា រូប​នាង​ផ្ទាល់​នឹង​វិល​ទៅ​កម្ពុជា​វិញ​ជា​មិន​ខាន​ទេ ប៉ុន្តែ​មិន​មែន​ជា​ការ​ចូល​ទៅ​ទទួល​កំហុស ឬ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ ដ្បិត​ពួក​នាង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​សោះ គឺ​គ្រាន់​តែ​មាន​ទស្សនៈ​នយោបាយ​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ៖ « មិន​មែន​ឱ្យ​នៅ​តែ​អ៊ីចឹង ហើយ​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង ឬ​ក៏​ធ្វើ​បាប​ពួក​ខ្ញុំ ដែល​ជា​អ្នក​គាំទ្រ ឬ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បែប​ហ្នឹង​ទេ ព្រោះ​នេះ​ជារូបភាព​មួយ ឬ​ជាចេតនា​របស់​លោក ហ៊ុន សែន​ ដែល​មាន​ចរិត​អន់​មែន​ទែន​ដោយ​ធ្វើ​បាប​គូ​បដិបក្ខ​ដោយ​បែប​នេះ គឺ​ខ្ញុំ​ទទួល​មិន​បាន​ទេ​ព្រោះ​វា​ជា​ភាព​អយុត្តិធម៌​មែន​ទែន»

សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​បង្កើន​ចំនួន​ស្ត្រី នៅ​ក្នុង​វិស័យ​នយោបាយ មើល​ឃើញ​ថា ការ​ធ្វើ​ទុក​បុក​ម្នេញ​ស្ត្រី​ជា​សមាជិក​គណបក្ស​ប្រឆាំង​បែប​នេះ​ពិត​ជា​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ក្មេង​ស្ត្រី​ផ្សេងទៀត​នៅ​ក្នុង​សង្គម។ នាយិកា​អង្គការ សីលកា កញ្ញា សេង រាសី ពន្យល់​ថា វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ចំណោម​ពលរដ្ឋ​ដោយសារ​តែ​ការ​លាប​ពណ៌​គ្នា​របស់​អ្នក​នយោបាយ៖ « អ៊ីចឹង​ទៅ​នៅ​ពេល​ដែល​គាត់​ធ្វើ​អី​មួយ​គាត់​បារម្ភ​ថា ខ្លួន​ឯង​ហ្នឹង​អាច​ត្រូវ​បាន​គេ​លាប​ពណ៌​ផ្សេងៗ គ្នា។ នៅ​ពេល​មនុស្ស​បារម្ភ​ច្រើន​អត់​អាច​បង្ហាញ​សក្ដានុពល​បាន​ទេ ហើយ​បញ្ហា​ហ្នឹង​វា​ជះ​ឥទ្ធិពល​ខ្លាំង​សម្រាប់​ស្ត្រី ដោយសារ​តែ​ឱកាស​របស់​គាត់​មិន​សូវ​មាន។ អ៊ីចឹង​នៅ​ពេល​ដែល​ឱកាស​មិន​សូវ​មាន​ហើយ​មិន​ហ៊ាន​បញ្ចេញ​សក្ដានុពល​ទៀត វា​ធ្វើ​ចន្លោះ​កាន់​តែ​តូច​ទៅៗ សម្រាប់​ពួក​គាត់។ ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​វា​អាច​យឺត គឺ​មាន​ដំណើរ​ការ​យឺត»

កញ្ញា បន្ត​ថា ក្នុង​ស្ថានភាព​នេះ​ចាំបាច់​ណាស់ ដែល​ពលរដ្ឋ​ត្រូវ​តែ​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ជា​ពលរដ្ឋ​សកម្ម ដើម្បី​ដាក់​សម្ពាធ​ឱ្យ​អ្នក​នយោបាយ​ងាក​មក​គិតគូរ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ទៅ​តាម​លំនាំ​នៃ សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ចំពោះ មេឃុំ ត្រែង​ត្រយឹង​កញ្ញា កឹម តុលា លើក​ឡើង​ថា បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែប​នេះ​ក្ដី​កញ្ញា​មិន​បោះ​បង់​គោលដៅ​ឡើយ គឺ​នៅ​តែ​រក្សា​ជំហរ​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​មាន​ក្មេង​ស្រី​ជា​ច្រើន​ទៀត​ហ៊ាន​ចេញ​មុខ​ចូលរួម​កិច្ចការ​នយោបាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។ កញ្ញា​មិន​ភ្លេច​លើក​ឧទាហរណ៍​ការ​តស៊ូ​របស់​យុវជន យុវតី​នៅ​ទីក្រុង​ហុងកុង ដែល​ហ៊ាន​លះបង់ ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ៖ « ខ្ញុំ​សំណូមពរ​ដល់​បង​ប្អូន​ខ្មែរ​យក​ហុងកុង​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​តស៊ូ ទាមទារ​ឱ្យ​ប្រទេស​យើង​មាន​លទ្ធិ​ប្រជាធិបតេយ្យ ទាមទារ​សិទ្ធិមនុស្ស ដែល​ជា​សិទ្ធិ​របស់​យើង ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួនឯង​ហ្នឹង គឺ​យើង​ត្រូវ​ហ៊ាន​លះបង់​ហើយ​ចូលរួម​ទាំង​អស់​គ្នា »

នៅ​ក្នុង​ដំណាក់​កាល​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ និង​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ជាប់​ខ្លួន​បែប​នេះ​ក្រុម​ស្ត្រី​សមាជិក​គណបក្ស​ប្រឆាំង​រំពឹង​ថា នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឆាប់ៗ ដើម្បី​ឱ្យ​កម្ពុជា​បាន​ត្រឡប់​ទៅ​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕