ក្រុម​កម្មការិនី​​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​រក្សា EBA បើ​​​ពិត​ជា​គិតគូរ​ពី​សុខទុក្ខ​របស់​ពួកគេ

0:00 / 0:00

កម្មការិនី​ជាច្រើន​នាក់​នៅតែ​ទទូច​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរ​គំនិត​ធ្វើ​យ៉ាងណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​»​ឬ​ហៅ​កាត់​ថា EBAប្រសិនបើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ ពិតជា​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មការិនី​ពិតប្រាកដ​មែន​នោះ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី៧ ខែ​មករា នៅតែ​ប្រកាន់​ជំហរ​ថា​កម្ពុជា​នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅតាម​លក្ខខណ្ឌ​របស់​ស​ហ​ភាព​អឺរ៉ុប​ឡើយ បើ​ទោះ​បី​ជា​ពេលវេលា​នៃ​ការសម្រេច​ជា​ចុងក្រោយ​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ខែ​កុម្ភៈ​កាន់តែ​ខិត​ជិត​មក​ដល់។

កម្មការិនី​ជាច្រើន​នាក់​បង្ហាញ​ទស្សនៈ​ស្រដៀងៗ​គ្នា​ថា ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពួកគេ​តទៅទៀត​។ ពួកគេ​ដែល​តែង​ឃើញ​លោក ហ៊ុន សែន ចុះ​ជួប​ក្រុម​កម្មករ និង​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់​យកចិត្តទុកដាក់​ដល់​កម្មករ​នោះ ចង់​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ ងាក​មក​គិតគូរ​ពី​ផលប្រយោជន៍​កម្មករ​ឱ្យ​បាន​ពិតប្រាកដ​ឡើងវិញ។

កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រD&W លោកស្រី ម៉ែន ចាន់ណា ប្រាប់​អាស៊ីសេរី​ថា កន្លង​ទៅ​លោក ហ៊ុន សែន តែង​ចុះ​ជួប​កម្មករ បង្ហាញ​ការ​យក​ចិត្តទុកដាក់ ចែក​លុយ​ដល់​ពួកគេ ចែក​អំណោយ និង​ផ្ដល់​ជំនួយ​ផ្សេងៗ​ទៀត​។ ចន្ថា​យល់ថា លោកនាយក​រដ្ឋមន្ត្រី​គួរតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​បែប​នោះ​ទៀត​ជាមួយ​កម្មករ​នៅ​ក្នុង​សំណុំរឿង​អ៊ីប៊ីអេ ដើម្បី​រក្សា​ការងារ​ឱ្យ​កម្មករ ដែល​ភាគច្រើន​ជា​ស្ត្រី​៖ «បើ​តាម​នៅ​ក្នុង​ចិត្ត និយាយ​ពី​ក្នុង​ចិត្ត​យើង​វិញ ចង់បាន​ឱ្យ​មាន​ការ​ងារ​ធ្វើ​អ៊ីចឹង បើ​និយាយ​ពី​សម្ដេច​វិញ​គឺ​ចង់​ឱ្យ​សម្ដេច​ជួយ កុំឱ្យ​ការងារ​យើង​បាត់បង់​អ៊ីចឹង​ណាស់ នៅ​ចង់បាន​ការងារ ព្រោះ​មានការ​ងារ​ធ្វើ​យើង​ក៏បាន​ប្រាក់កាស​ជីវភាព​គ្រួសារ​យើង​ក៏​វា​បាន​គ្រប់គ្រាន់ ពេល​ដែល​យើង​បាន​ថែម​ម៉ោង​ថែម​អី​ក៏​វា​រាង​គ្រាន់បើ»។

ចាន់ណា ស្ត្រី​មេម៉ាយ​មាន​កូន​ម្នាក់​ក្នុង​បន្ទុក ហើយ​នាង​ថែមទាំង​ត្រូវ​ទទួលខុសត្រូវ​ចិញ្ចឹម​ម្ដាយ​ចាស់ជរា។

កម្មករ​ម្នាក់ទៀត​លោកស្រី អៀម បូនី និយាយ​ថា ការពិត​មិន​ខុស​ពី​អ្វី ដែល​លោក ហ៊ុន សែន លើកឡើង​ទេ គឺ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​មុខទំនិញ​នាំចេញ​ពី​កម្ពុជា​នឹង​មិន​ប៉ះពាល់​ដល់​ក្រុម​មេដឹកនាំ​ប្រទេស ព្រមទាំង​លោក ហ៊ុន សែន ទេ ប៉ុន្តែ​បញ្ហា​នេះ​ប៉ះពាល់​ដល់​អ្នក​ក្រីក្រ ដែល​រួមមាន​កម្មករ ក្រុម​គ្រួសារ​ពួកគេ និង​អ្នក​ដែល​មាន​មុខរបរ​អាស្រ័យ​ជាមួយ​ក្រុម​កម្មករ​។ បើ​ទោះ​ជា​យ៉ាងណា បូនី ក៏​នៅតែ​ចង់​ឱ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ឱ្យ​បាន​ដិតដល់ ដើម្បី​រក្សា EBA៖ «គួរតែ​រក្សា​វា​ទៅ ព្រោះ​វា​អាច​ថា មាន​ទំនាក់ទំនង​ល្អជា​មួយ​បរទេស​គាត់​អាច​មើល​ឃើញ​ផល​វិជ្ជមាន​ពី​ខាងយើង ដើម្បី​ឱ្យ​យើង​ទទួល​បាន​ការងារ​ធ្វើ​។​និយាយ​រួម​ទៅ គឺ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​ច្រើន។ គ្រាន់តែ​កន្លែង​ខ្ញុំ​ធ្វើការ​មួយ​នឹង​មាន ​៤ ទៅ​៥​ពាន់​នាក់ តើ​ទៅ​រក​ការងារ​នៅឯណា​ ? អ្នក​ដែល​អត់​ការងារ​ធ្វើ​ឥឡូវនេះ​កំពុងតែ​តែលតោល»។

ការ​លើកឡើង​របស់​ក្រុម​កម្មការិនី​នេះ​គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​៤១​ឆ្នាំ នៃ​ថ្ងៃ​៧ មករា ថា លោក​នឹង​មិន​ព្រម​ធ្វើ​តាម​សំណើ​សហគមន៍​អន្តរជាតិ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ។ លោក ហ៊ុន សែន ថែមទាំង​បាន​ចោទ​អ្នក​ទាមទារ​ទៅវិញ​ថា បាន​បង្ខំ​ឱ្យ​របប​លោក​មិន​អាច​អនុវត្ត​ច្បាប់​ជាតិ ដែល​របប​ក្រុងភ្នំពេញ​បាន​តាក់តែង​ឡើង។ លោក ហ៊ុន សែន លើកឡើង​ថា របប​លោក​កំពុងតែ​គោរព ថែរក្សា និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​រាល់ថ្ងៃ ដោយ​ឥត​ឈប់ឈរ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន៖ «ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ ដែល​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ បាន​លើក​ឡើង ដដែលៗ អំពី​ការ​ស្ដារ​ឡើងវិញ នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ ខ្ញុំ​សង្ឃឹមថា មជ្ឈដ្ឋាន​ទាំងនោះ នឹង​ពិចារណា​ឱ្យ​ត្រឹមត្រូវ ចំពោះ​ការវិវត្តន៍​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិ និង​ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា នូវ​មាគ៌ា​សម្រាប់​ការអភិវឌ្ឍន៍​របស់​ខ្លួន ដែល​ស្រប​ទៅ​នឹង​ប្រវត្តិសាស្ត្រ ស្ថានភាព សង្គម វប្បធម៌ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន»។

​កាលពី​ថ្ងៃ​ទី​៣ ខែ មករា កន្លង​ទៅ​សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន បាន​ដាក់​លិខិត ដែល​មាន​ស្នាម​មេដៃ​កម្មករ​-​កម្មការិនី​ជាង ១​ពាន់​នាក់ (១ ១.៣៧៩) ជូន​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្នើសុំ​ឱ្យ​លោក​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​» ឬ​ហៅ​កាត់​ថា EBA​។

ក្នុង​លិខិត​នោះ​បង្ហាញ​ថា កម្មករ​ទាំងអស់ ចង់​រក្សា​ការងារ​ធ្វើ​សម្រាប់ ជីវភាព​រស់នៅ មិន​ចង់​ឱ្យ​មាន​ការ​បាត់បង់​ណាមួយ ដោយសារតែ​រដ្ឋាភិបាល​បដិសេធ​សំណើ​ដ៏​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប ដែល​ស្រប​នឹង​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ ។ កម្មករ​ទាំងនោះ​បន្ត​ថា បើ​ពួកគេ​បាត់បង់​ការងារ​ធ្វើ​ដោយសារតែ​ការ​ដកហូត EBA គឺ​ពួកគាត់​នឹង​ចាត់​ទុក​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការ​នាំ​ទុក្ខ​លំបាក​ដល់​ពួកគេ​ជា​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន បាន​បដិសេធ​មិន​ទទួលយក​សំណើ​របស់​ក្រុម​កម្មករ​ទាំងនេះ​ឡើយ។

កម្មករ​មួយ​ចំនួន​លើកឡើង​ថា ជួប​គេ​កំពុង​ជួបប្រទះ​បញ្ហា​រក​ការងារ​ធ្វើជា​បណ្តើៗ​ហើយ​។

​កម្មការិនី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​លើកឡើង​ថា ពេលនេះ​នាង​កំពុង​រក​ការងារ​ថ្មី​ធ្វើ បន្ទាប់ពី​បាន​ឈប់​ពី​ការងារ​ចាស់​។ នាង​ថា ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​គឺ​កាន់តែ​ខ្សត់​នៅ​ពេល​នេះ ទាំង​នៅមុន​ពេល​កម្ពុជា​បាត់បង់ EBA៖ «ពិបាក​មែនទែន ពីមុន​ខ្ញុំ​ធ្លាប់​មាន​ការងារ ពឹង​លើ​ការងារ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ជីវិត ប៉ុន្តែ​ឥឡូវ​ការងារ​គឺ​ពិបាក​រក ពិបាក​រក​មែនទែន»។

កម្មការិនី​លោកស្រី ម៉ែន ចាន់ណា វិញ​ប្រាប់​ថា ការងារ​នៅ​ក្នុង​រោងចក្រ ដែល​លោកស្រី កំពុង​ធ្វើការ​នៅ​ពេល​នេះ​ក៏​ចាប់ផ្ដើម​ថយ​ចុះ​ដែរ ដោយសារតែ​ពុំ​មាន​អ្នកបញ្ជា​ទិញ។ លោកស្រី ថា​គ្រួសារ​លោកស្រី​នឹង​ជួប​បញ្ហា​ជាច្រើន​ប្រសិនបើ​បាត់បង់​ការងារ​ក្នុង​វិស័យ​កាត់ដេរ ដែល​លោកស្រី​ធ្លាប់​ធ្វើ​ការ​ជិត ២០​ឆ្នាំ​មកនេះ៖ «អត់​មាន​ទំនិញ​ធ្វើ ឥឡូវនេះ​គឺ​ភាគច្រើន​កម្មករ​ចេញ​ត្រឹម​ម៉ោង​៤ អត់​មាន​ថែម​ម៉ោង ហើយ​ភាគច្រើន​ធ្វើ​តែ​ខោ អាវ ដែល​ចេញពី​រោងចក្រ​គេ​មក​ដេរ​ទេ​។ បើ​និយាយ​ពី​នៅ​រោងចក្រ​យើង​នេះ​គឺ​អត់​មាន​ទេ មិនដឹង​ថា មក​ពី​មូលហេតុ​អី?»

ក្រៅពី​មិនសូវ​សំបូរ​ការងារ​ធ្វើ​ហើយ ក្នុង​វិស័យ​កាត់ដេរ ក៏​មាន​ករណី​រោងចក្រ​មួយ​ចំនួន​បិទទ្វារ​បណ្ដើរៗ​ដែរ។

កម្មការិនី អៀម បូនី អះអាង​ថា រោងចក្រ ជូស៊ីង ដែល​នាង​បម្រើ​ការងារ​នោះ​ទើបនឹង​បិទទ្វារ​នៅ​ដើម​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​លែង​មាន​ការ​បញ្ជាទិញ​។ រោងចក្រ​នេះ​ផលិត​សំលៀកបំពាក់​ម៉ាក​ល្បីៗ សម្រាប់​នាំទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក។ ស្ត្រី​កម្មករ​ដដែល​នេះ​ចាត់​ទុក​ការ​បិទទ្វារ​រោងចក្រ ដែល​នាង​ធ្វើការ​នោះ​ថា ជា​ឥទ្ធិពល​នៃ​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ទីផ្សារ​អន្តរជាតិ​នោះ​ឯង​។

បូនី មាន​ប្ដី​ជា​កម្មករ​រោងចក្រ​ដែរ ហើយក៏​បាត់បង់​ការងារ​ដំណាលគ្នា​នឹង​នាង​ដែរ​។ ពេលនេះ​គ្រួសារ​បូនី បាន​ពិចារណា​ថា​នឹង​បង្កើត​មុខរបរ​លក់ដូរ​នៅ​ក្នុង​តំបន់ ដែល​សំបូរ​កម្មករ​ធ្វើ​ការ ប៉ុន្តែ បាន​ប្ដូរ​ចិត្ត​វិញ​បន្ទាប់ពី​សង្កេតឃើញ​ថា កម្មករ​អាច​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន ប្រសិនបើ​ការងារ​ពួកគេ​រង​ផល​ប៉ះពាល់​។ បូនី​និង​ប្ដី​សម្រេច​ទៅ​រក​ទីតាំង​លក់ដូរ​ផ្សេង​ឆ្ងាយ​ពី​កន្លែង​ប្រជុំ​កម្មករ ហើយ​ប្ដី​របស់​នាង​កំពុង​រក​ការងារ​ធ្វើ​បន្ត​ទៀត៖ «ការងារ​នៅ​តាម​រោងចក្រ​វា​កាន់តែ​ខ្សត់​ទៅ ហើយ​ឥឡូវ​ខ្ញុំ​លក់ដូរ​ជា​របស់​ហូបចុក​វិញ​។ អាច​នឹង​ឱ្យ​គ្រួសារ​ (​ ប្ដី​ )​ គាត់​ទៅ​ធ្វើ​កម្មករ​សំណង់​អី​ខ្លះ មួយ​រយៈពេល ដើម្បី​យើង​ជួយ​ទប់ទល់​គ្នា មួយ​រយៈ​ហ្នឹង​សិន រង់ចាំ​មើល​ថា តើ​វា​នៅ​ទៅជា​យ៉ាងណា​ទៀត»។

ក្រៅពី​ប្រឈមមុខ​នឹង​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​សហភាព​អឺរ៉ុប​របប​ក្រុងភ្នំពេញ​ក៏​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSPពី​អាមេរិក​ដែរ។ ប្រសិនបើ​បញ្ហា​ការ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ទាំងនេះ​កើត​មាន​មែន កម្មករ​កំពុង​បំពេញការងារ​សរុប​ប្រមាណ ៩​សែន នាក់ វិស័យ​រោងចក្រ​នៅ​កម្ពុជា នឹង​រង​ផល​ប៉ះពាល់​ក្នុង​នោះ​នៅ​ក្នុង​ផ្នែក​កាត់ដេរ និង​ដេរ​ស្បែកជើង​មាន​ជាង ៧​សែន​នាក់​ដែល​ភាគ​ច្រើន​បំផុត​នោះ​គឺជា​ស្ត្រី។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ដែល​បារម្ភ​ពី​ផល​ប៉ះពាល់​ពី​ការ​ព្យួរ​ការ​លើកលែង​ពន្ធ ពី​ទីផ្សារ​អឺរ៉ុប​បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​នឹង​ជះ​ទៅ​ដល់​មនុស្ស​ជាច្រើន​លាន​នាក់​ផ្សេងទៀត ដែល​ជា​សមាជិក​គ្រួសារ​នៅ​ក្រោម​បន្ទុក​របស់​កម្មករ​ក្នុង​វិស័យ​នេះ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​នៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ពី​ផល​ប៉ះពាល់ ដែល​កំពុង​កើតមាន​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​នេះ​បាន​នៅឡើយ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លងទៅ​មាន​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​ម៉ាក​ល្បីៗ​មួយ​ចំនួន​បាន​ព្រមាន​ថា នឹង​ឈប់​ផលិត​រាល់​ទំនិញ និង​ផលិតផល​របស់​ខ្លួន​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​យីហោ H&M របស់​ប្រទេស​ស៊ុយអែត ដែល​មាន​រោងចក្រ​ប្រមាណ ៥០ នៅ​កម្ពុជា​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ករណី​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ធ្វើ​ឱ្យ​កើតមាន​វិបត្តិ​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច ក្នុង​នោះ​មាន​ដូចជា ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី និង​ក្រុម​គ្រួសារ​របស់​ពួកគេ៖ «ការ​ទទួល​យក​នូវ​សំណើ​របស់​សហភាព​អឺរ៉ុប​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ឡើង​វិញ»។

សហភាព​អឺរ៉ុប​នឹង​សម្រេច​ជា​ចុងក្រោយ​ថា ត្រូវ​ព្យួរ EBA ឬ​យ៉ាងណា​នោះ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើងវិញ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។