ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​ទិញ​ទឹក​ចិត្ត​ឱ្យ​បោះឆ្នោត​បក្ស​កាន់​អំណាច

ដោយ ច័ន្ទ ដារ៉ូ
2024.02.24
ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​ទិញ​ទឹក​ចិត្ត​ឱ្យ​បោះឆ្នោត​បក្ស​កាន់​អំណាច សមាជិកសមាជិកានៃអង្គបោះឆ្នោត​របស់គណបក្សភ្លើងទៀន ចូលរួម​កម្មវិធី​បិទឃោសនាបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​អះអាង​ថា​អាជ្ញាធរ​យក​ទឹកលុយ​ទិញ​ទឹកចិត្ត គំរាមកំហែង​ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់អំណាច​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ខណៈ​អ្នក​ជំនាញ​បោះឆ្នោត​ថា ការ​ដាក់​សម្ពាធ ឬ​សូកប៉ាន់​ចំពោះ​អង្គ​បោះឆ្នោត គឺ​ជា​អំពើ​ខុស​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​លទ្ធផល​បោះឆ្នោត។

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​លើកឡើង​ថា បើ​ទោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​រក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​រយៈ​ពេល​​មួយ​ថ្ងៃ​មុន​ការបោះឆ្នោត ឬ​ថ្ងៃ​ស​យ៉ាង​ណា​ក្ដី ក៏​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន នៅតែ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់ ជាពិសេស​ប្រើ​ល្បិច​ទិញ​ទឹក​ចិត្ត​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​បក្ស​​ភ្លើង​ទៀន​បោះឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច។ ពួកគេ​យល់​ថា ករណី​នេះ​ប្រសិន​បើ​គណបក្ស​កាន់អំណាច​អនុវត្ត​បាន​ជោគជ័យ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ការបោះឆ្នោត។

ក្រុមប្រឹក្សា​ឃុំ​នៅ​ខេត្ត​តាកែវ​មក​ពី​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ប្រាប់​វិទ្យុ​អាស៊ីសេរីនៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ថា សកម្មភាព​ដើរ​អូស​ទាញ​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើង​ទៀន​ឱ្យ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ​កើតឡើង​គគ្រឹកគគ្រេង​ដោយ​គ្មាន​អាជ្ញាធរ​ចេញ​ទប់ស្កាត់​ទង្វើ​រំលោភ​បំពាន​ច្បាប់​ទាំង​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា ជាក់ស្ដែង​កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​ដែល​ជា​ថ្ងៃ​ស​​​​ហាម​ធ្វើ​សកម្មភាព​ឃោសនា មាន​សមាជិក​បក្ស​កាន់អំណាច​មួយ​ក្រុម​​បាន​ចូល​ដល់​ផ្ទះ​របស់​លោក​ដោយ​ត្រៀម​ប្រគល់​លុយ​ជាង​៣ពាន់(៣.៥០០)ដុល្លារ​ឱ្យ​លោក ហើយ​សន្យា​ផ្ដល់​ប្រាក់​បន្ថែម និង​ប្រគល់​ឡាន​មួយ​គ្រឿង​តាម​ក្រោយ ប៉ុន្តែ​លោក​បាន​បដិសេធ​ភ្លាមៗ​ដោយ​លោក​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ​ទេ។

មន្ត្រី​បក្ស​ភ្លើង​ទៀន​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «​យប់​មិញ​គេ​យក​លុយ​៣ពាន់​៥រយ​ដុល្លារ​អាមេរិក​ឱ្យ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទទួល​លុយ​នេះ​បាន​ទេ បើ​យក​លុយ​មុខ​ជា​​យមរាជ​នឹង​ថ្កោល​ទោស​ខ្ញុំ​ហើយ។ ការ​រំលោភ​សិទ្ធិ ដាក់​សម្ពាធ​ខ្លាំង​មិន​ត្រឹម​តែ​ខ្ញុំ​ទេ​គឺ​សម្ពាធ​គ្រប់​កន្លែង​ទាំង​អស់​បើ​តាម​ខ្ញុំ​ស្ដាប់​ក្រុម​ប្រឹក្សា​ឃុំ​ជាមួយ​ខ្ញុំ​ហ្នឹង​ដាក់​សម្ពាធ​បុក​​មក​​លើ​​គណបក្ស​ភ្លើង​ទៀន​ទាំង​​អស់ »។

ស្រដៀង​គ្នា​នេះ​ដែរ ក្រុម​ប្រឹក្សា​ឃុំ​នៅ​ខេត្ត​ក្រចេះ​មក​ពី​បក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា ប៉ូលិស​នៅ​ថ្នាក់​ឃុំ និង​ស្រុក​បាន​ដើរ​អូសទាញ​លោក​មិន​ឱ្យ​ទៅ​បោះឆ្នោត ចំណែក​ក្រុម​ប្រឹក្សា​ផ្សេងទៀត​បង្ខិត​បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សន្យា​រក្សា​តួនាទី និង​ផ្ដល់​លុយ​កាក់​ជា​ដើម។ លោក​ឱ្យ​ដឹង​ថា ករណី​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពួក​លោក​ដែល​ជា​អង្គ​បោះឆ្នោត​ភិត​ភ័យ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដោយ​ខ្លាច​អាជ្ញាធរ​ទាំង​នោះ​បង្កើត​រឿង​ធ្វើ​បាប និង​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​រឿង​​ណា​មួយ​ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ឃុំ​របស់​ប្រឆាំង​ មិន​ព្រម​លក់​ឧត្ដម​គតិ​តាម​ការ​អូសទាញ​។

មន្ត្រី​បក្ស​ភ្លើង​ទៀន​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «រូបភាព​ឱ្យ​ប៉ូលិស អធិការ មេ​ប៉ុស្តិ៍​អ៊ី​មក​ទាក់ទង ទាក់​ទាញ​តាម​គ្រប់​រូប​ភាព​ទាំងអស់​ដែល​ធ្វើ​ឱ្យ​អង្គ​បោះឆ្នោត​មក​ពី​កូតា​​គណបក្ស​ភ្លើង​ទៀន​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន ធ្វើ​ឱ្យ​ពួកគេ​​រារែក​សព្វ​បែប​យ៉ាង​បើ​មិន​ធ្វើ​តាម​គេ​ទៅ​មាន​ការ​ភ័យ​ទៅ​អនាគត »។

ការ​ដាក់​សម្ពាធ ឬ​ទិញ​ចិត្ត​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ភ្លើង​ទៀ​នេះ​កើតឡើង​មួយ​ថ្ងៃ​មុន​ពេល​ពួកគេ​ចេញ​​ទៅ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អាទិត្យ​ទី២៥ ខែ​កុម្ភៈ ដែល​មាន​អង្គ​បោះឆ្នោត​ជិត​១ម៉ឺន​២ពាន់​នាក់(១១.៧៤៧) ក្នុង​នោះ​តំណាង​រាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៥នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន​ជាង១ម៉ឺន​១ពាន់​(១១.៦២២)នាក់។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​ថា បក្ស​កាន់អំណាច​មាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់​ដែល​អាច​យក​ឈ្នះ​ការបោះឆ្នោត​ដើម្បី​ឈាន​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ​បាន ដូច្នេះ​លោក​ថា​ គណបក្ស​លោក​គ្មាន​ហេតុផល​ណា​ដើរ​គំរាម​កំហែង ឬ​ទិញ​ទឹក​ចិត្ត​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​ដទៃ​នោះ​ទេ។

លោក សុខ ឥសាន៖ «ផ្អែក​តាម​មូលដ្ឋាន​នេះ​ខ្ញុំ​ហ៊ាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​ទិញ​ទឹក​ចិត្ត អត់​មាន​គំរាម​កំហែង អត់​មាន​ប្រើ​មធ្យោបាយ​ណា​ដើម្បី​សម្លុត ឬ​គ្រប​ដណ្ដប់​លើ​សតិ​អារម្មណ៍​របស់​បង​ប្អូន​ដែល​ជា​អង្គ​បោះឆ្នោត​របស់​គណបក្ស​គណបក្ស​ប្រឆាំង​នោះ​ទេ »។

ចំណែក អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា​ បរិយាកាស​មួយ​ថ្ងៃ​មុន​ការបោះឆ្នោត​ព្រឹទ្ធសភា ឬ​ហៅ​ថា​ថ្ងៃ​ស​មាន​ភាព​សភាព​ស្ងប់ស្ងាត់​ល្អ។ លោក​បន្ត​​ថា​ ករណី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ភ្លើង​ទៀន​លើក​ឡើង​ពី​ការ​គំរាមកំហែង ឬ​ទិញ​ទឹក​ចិត្ត​នោះ​គ្រាន់​តែ​ជា​ដំណឹង ដូច្នេះ​លោក​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដាក់​ពាក្យ​បន្តឹង​​មក គ.ជ.ប ដើម្បី​ពិនិត្យ​ដោះ​ស្រាយ និង​ចាត់​​វិធានការ​តាម​នីតិ​វិធី​ច្បាប់។

លោក ហង្ស ពុទ្ធា៖ «បើ​សិន​ឃើញ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត​នេះ​សូម​ឱ្យ​ធ្វើ​ជា​ពាក្យ​បណ្ដឹង​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី គ..ប មាន​មូលដ្ឋាន​ក្នុង​ការពិនិត្យ​ពិចារណា ដោយសារ​បញ្ហា​ខ្លះ​វា​គ្រាន់​តែ​ជា​សម្ដី​នោះ​ទេ អ៊ីចឹង​គ..ប លើក​ទឹក​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត​ដាក់​ពាក្យ​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ »។

ទោះជាយ៉ាងណាក៏ដោយ ​ក្រុម​ប្រឹក្សា​បក្ស​ភ្លើង​ទៀន​អះអាង​ថា មូលហេតុ​ដែល​ពួកគេ​មិន​ដាក់​ពាក្យ​បណ្ដឹង​ដោយសារ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាពិសេស គ.ជ.ប បំពេញ​តួនាទី​មិន​ឯករាជ្យ និង​លម្អៀង​ទៅ​រក​បក្ស​កាន់អំណាច។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុមហ្វែ្រល​(COMFREL) លោក កន សាវាង្ស មានប្រសាសន៍​ថា​បើ​សិន​សមាជិក​បក្ស​នយោបាយ ឬ​អាជ្ញាធរ​ណា​ម្នាក់​ធ្វើ​សកម្មភាព​អូស​ទាញ​ក្រោម​រូបភាព​គំរាម​កំហែង ឬ​បំភិត​បំភ័យ​គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​បើ​សិន​បញ្ហា​នោះ​កើត​ឡើង​ធ្វើ​ឱ្យ​ប៉ះពាល់​លទ្ធផល​បោះឆ្នោត ដូច្នេះ​ជំហរ​របស់​អង្គ​បោះឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​សារៈសំខាន់​សម្រាប់​ការបោះឆ្នោត​អសកល​នេះ។

លោក កន សាវាង្ស៖ « ការឃោសនា​វា​មាន​គោល​ការណ៍​នៃ​ការឃោសនា​របស់​គេ អ៊ីចឹង​បើ​សិន​ជា​អង្គ​បោះឆ្នោត​ហ្នឹង​មាន​អារម្មណ៍ ឬ​ការ​តាំង​ចិត្ត​របស់​គាត់​មិន​ច្បាស់​លាស់ ហើយ​គាត់​​ទោរ​ទន់​ទៅ​តាម​ការទិញ​ទឹក​ចិត្ត វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​សន្លឹក​ឆ្នោត ឬ​រហូត​ដល់​ការប្រែប្រួល​អាសនៈ​នៅ​ក្នុង​ការបោះឆ្នោត​ទៀត​ដែរ »។

គណបក្ស​ភ្លើងទៀន​ដែល​មាន​អង្គ​បោះឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ​ជាង២ពាន់​(២១៩៨)នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​អាជ្ញាធរ​មូលដ្ឋាន​នៅ​រាជធានី ខេត្ត​មួយ​ចំនួន​បាន​ជួប​លួង​លោម​បញ្ចុះបញ្ចូល​ឱ្យ​អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​បោះឆ្នោត​ឱ្យ​គណបក្ស​ដទៃ​ដើម្បី​ជា​ថ្នូរ​នឹង​ទទួល​បាន​ថវិកា​មួយ​ចំនួន។ គណបក្ស​នេះ​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា​ជា​ការរំលោភ​ច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា។ គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​បញ្ឈប់​សកម្មភាព​បំភិត​បំភ័យ និង​លួង​លោម​ទិញ​ទឹក​ចិត្ត​អង្គ​បោះឆ្នោត ហើយ​ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​ចាត់​វិធានការ​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​គ្រប់​ទម្រង់​មក​លើ​អង្គ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។