គ.ជ.ប​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ ភ្នាក់ងារ និង​អ្នកគាំទ្រ​គណបក្ស រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ដែល​ចាប់​អនុវត្ត​ពី​ម៉ោង​១០​យប់​ថ្ងៃ​សុក្រ ទី​២៣ កុម្ភៈ​នេះ​ទៅ រហូតដល់​ម៉ោង​១២​យប់ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ទាំងឡាយ​ណា ដែល​រំលោភច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បទបញ្ជា និង​នីតិវិធី​របស់​គ.ជ.ប។

នៅ​ទន្ទឹម​នេះ គ.ជ.ប​ក៏​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​ទទួលខុស​ត្រូវ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​សហការ​ជាមួយ​គ.ជ.ប និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ និង​របៀបរៀបរយ ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព ដែល​បំផ្លាញ​ការ​បោះឆ្នោត តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ការ​រំខាន​ដល់​ការ​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត​ជាដើម។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ មាន​គណបក្ស​នយោបាយ​ចំនួន ៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​ឆន្ទៈខ្មែរ និង​គណបក្ស​កម្លាំង​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។