មន្ត្រី​បក្ស​ប្រឆាំង​ថា សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បាន​ទេ

ដោយ ទីន ហ្សាការីយ៉ា
2024.03.02
មន្ត្រី​បក្ស​ប្រឆាំង​ថា សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បាន​ទេ កិច្ចប្រជុំ​វិសាមញ្ញរដ្ឋសភា​ ​បោះឆ្នោត​ជ្រើសតាំង​លោក សុខ ឥសាន និង​លោក ហេង ហាលីម ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុករដ្ឋសភា

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១ មីនា បាន​បោះឆ្នោត​ជ្រើសរើស​លោក សុខ ឥសាន និង​លោក ហេង ហាលីម ជា​សមាជិក​ព្រឹទ្ធសភា។ មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​បាន​នោះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច នឹង​ក្លាយ​ជា​អ្នក​ចាំ​ប្រថាប់ត្រា​ឱ្យ​ក្រុម​គ្រួសារ លោក ហ៊ុន សែន ច្រើន​ជា​ការ​ពារ​ផលប្រយោជន៍​ពលរដ្ឋ។

អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១ ខែ​មីនា ថា លោក​គ្មាន​ជំនឿ​ថា សមាជិក​ព្រឹទ្ធសភា​ថ្មី​មាន​ឆន្ទៈ​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​កន្លងមក​នៅពេល​ពលរដ្ឋ​រង​ការរំលោភ​សិទ្ធិមនុស្ស តែង​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​មិន​អើពើ​។ លោក​បន្ត​ថា សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រួសារ លោក ហ៊ុន សែន ក្ដោប​ក្ដាប់​អំណាច។

លោក អ៊ំ សំអាន៖ «បក្ខពួក​របស់​លោក ហ៊ុន សែន ហ្នឹង​នៅក្នុង​រដ្ឋសភា​ផង នៅ​ក្នុង​ព្រឹទ្ធសភា​ផង​នៅក្នុង​រដ្ឋាភិបាល​សុទ្ធតែ​បក្ខពួក​លោក ហ៊ុន សែន ទៀត អ៊ីចឹង​ទាំង​ស្ថាប័ន​ជាតិ ទាំង​រដ្ឋាភិបាល ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ត្រកូល ហ៊ុន ហើយ អ៊ីចឹង​នៅ​ពេល​ដែល​បក្ខពួក​និយម​គ្រួសារនិយម​នៅ​ក្នុង​ព្រឹទ្ធសភា អ៊ីចឹង​សមាជិក​ព្រឹទ្ធសភា​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ទេ អ៊ីចឹង​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ​កាន់តែ​ក្រីក្រ​ទៅៗ ទៅ​ធ្វើ​ការ​ខ្ញុំគេ​នៅ​ប្រទេស​ថៃ»

រដ្ឋសភា​បាន​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃទី​១ ខែ​មីនា ដោយ​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង លោក សុខ ឥសាន និង​លោក ហេង ហាលីម ឱ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ។ ក្នុង​ចំណោម​បេក្ខជន​ចំនួន​៤​រូប លោក សុខ ឥសាន ទទួល​បាន​សន្លឹកឆ្នោត​យល់ព្រម ចំនួន ១១៣​សំឡេង និង​លោក ហេង ហាក់លីម ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១១២​សំឡេង ខណៈ​ដែល លោក អ៊ា ឃីម៉េង និង​លោក ឌី ទេពកោសល្យ ទទួល​បាន​ត្រឹម​២​សំឡេង​ប៉ុណ្ណោះ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល សង្កេត​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​គឺ​តែង​ចេញមុខ​ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ។ ដូច្នេះ ប្រាកដ​ណាស់ ស្ថាប័ន​ព្រឹទ្ធសភា នឹង​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន​ច្រើនជាង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ និង​ប្រទេសជាតិ ខណៈ​លោក ហ៊ុន សែន ក៏​នឹង​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេល​ខាងមុខ។

លោក ខឹម មុនីកុសល៖ «ការ​រើស​មនុស្ស​ទៅ​ធ្វើ​ការ​ហ្នឹង​មិន​ផ្អែក ទៅលើ​ឆន្ទៈ​ឧត្ដមគតិ​របស់​ប្រជារាស្ត្រ​គឺ​ផ្អែក​ទៅ​ភក្ដីភាព​ទៅលើ​បុគ្គល​ជាពិសេស​គណបក្ស​ប្រជាជន តែ​ប៉ុណ្ណឹង អ៊ីចឹង​ទេ​ការ​គិតគូរ​ការ​ថ្លឹងថ្លែង​អំពី​ផល​ប្រយោជន៍​ជាតិ​ជាធំ​ហ្នឹង​គឺ​ពួកគាត់ មិន​បាន​ផ្ដល់​តម្លៃ​មិនបាន​យកចិត្តទុកដាក់​ទេ»

ច្បាប់​ស្ដីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា មាត្រា​២ ចែងថា សមាជិក​ព្រឹទ្ធសភា​គឺជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពុំ​មែន​គ្រាន់តែ​ជា​តំណាង ឱ្យ​ភូមិភាគ​របស់​ខ្លួន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ ខែ​មីនា។

ទាក់ទិន​រឿង​នេះ​អ្នក​សិក្សា​កិច្ចការ​នយោបាយ​លោក ប៉ោ មករា យល់​ឃើញ​ថា រដ្ឋសភា​គួរតែ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​សក្ដានុពល​ជាជាង​តែងតាំង​មន្ត្រី​ចាស់ៗ​ឱ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​។ លោក​បន្ត​ថា ប្រសិនបើ​សមាជិក​ព្រឹទ្ធសភា​ជាប់ឆ្នោត​ទាំងនោះ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ នោះ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅតែ​បន្ត​កើត​មាន។

លោក ប៉ោ មករា៖ «​អ្នក​ដែល​យក​ខ្លួន​ជាប់​ជាមួយ​គណបក្ស​នៅ​ពេល​ដែល​ជាប់​ជា​តំណាងរាស្ត្រ​ហ្នឹង​វា​ធ្វើ​ឱ្យ​ការ​បំពេញ​តួនាទី​វា​អត់​បាន​គ្រប់​ជ្រុងជ្រោយ​មាន​ប្រសិទ្ធភាព​ល្អ ការ​ដោះស្រាយ​ការងារ​ហ្នឹង​វា​នៅ​មាន​កម្រិត​មាន​ន័យ​ថា ការ​យឺតយ៉ាវ​នៃ​ការអភិវឌ្ឍន៍​ហ្នឹង​យើង​ឃើញ​មាន​បញ្ហា​ច្រើន ហើយ​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់​ប៉ុន្មាន​ទេ ជាពិសេស​ប្រជាពលរដ្ឋ គាត់​អាច​ដឹង​ពី​ប្រសិទ្ធភាព​ការងារ​របស់​តំណាងរាស្ត្រ​មាន​កម្រិត​ណា»

ព្រឹទ្ធសភា​កម្ពុជា​មាន​សមាជិក​ទាំងអស់​ចំនួន ៦២​រូប ក្នុង​នោះ ៥៨​រូប​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ដោយ​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា ២​រូប​ជ្រើសរើស​ដោយ​រដ្ឋសភា និង​២​រូប​ទៀត​ត្រូវ​បាន​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​។ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៥៥ អាសនៈ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តំណាង​ឱ្យ​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​ទទួល​បាន ៣​អាសនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។