បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា

ដោយ ច័ន្ទ ដារ៉ូ
2024.02.23
បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា គណបក្សនយោបាយដែលចូលរួមឃោសនាថ្ងៃបិទបញ្ចប់ការ​បោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកគណបក្សកម្លាំង គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាជនកម្ពុជា

គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ថ្លែង​សារ​នយោបាយ​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ឱ្យទៅ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ឈរឈ្មោះ​នៅ​តាម​ភូមិភាគ​នីមួយៗ​។ ចំណែក មន្ត្រី​គ..ប​អះអាង​ថា បរិយាកាស​ឃោសនា​នេះ​ដំណើរ​បាន​ដោយ​រលូន និង​មាន​សណ្ដាប់ធ្នាប់​ល្អ បើ​ទោះ​បី​អង្គ​បោះឆ្នោត​មួយ​ចំនួន​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​រង​ការ​កៀប​សង្កត់ គំរាមកំហែង​ក៏ដោយ។

ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មាន​រយៈពេល​ចំនួន​១៤​ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ។ ក្នុង​នោះ​គណបក្ស​នយោបាយ​បាន​រៀបចំ​ពិធី​ជួបជុំ​ហាម​ជន និង​ហែ​ក្បូន​ស្រែក​ជយោ​ឃោសនា​គគ្រឹកគគ្រេង​នៅ​តាម​ដងផ្លូវ ហើយ​មេដឹកនាំ​គណបក្ស​ទាំងនោះ​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ ជា​ពិសេស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះឆ្នោត​ដោយ​ផ្ទាល់។

មិន​ខុសគ្នា​ពី​ការ​បើក​យុទ្ធនា​ការឃោសនា​នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​ជួបជុំ និង​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ដងផ្លូវ​ដែល​មាន​យានជំនិះ និង​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​នៅ​បណ្តា​រាជធានី ខេត្ត​ចំណុះ​ឱ្យ ៨​ភូមិភាគ។

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង បាន​លើក​ឡើង​ពី​ស្នាដៃ និង​គុណសម្បត្តិ​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​នេះ​កន្លង​មក​នៅ​មុខ​អ្នកចូលរួម​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ខេត្ត​ព្រៃវែង។ លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​មាន​សារៈសំខាន់​សម្រាប់​បន្ត​កសាង​ជាតិ​ឱ្យ​រីកចម្រើន​ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ពលរដ្ឋ ពីព្រោះ​អង្គ​បោះឆ្នោត​ទាំងអស់​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ស ខេង៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ​ជា​តំណាងរាស្ត្រ និង​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំង​ខេត្តព្រៃវែង​សូម​អញ្ជើញ​ទៅ​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រូប​សញ្ញា​ទេវតា​បាចផ្តា និង​មាន​លេខ​រៀង​ទី​១ នៅ​លើ​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ធានា​នូវ​ជោគវាសនា​របស់​ជាតិ ប្រជាជន និង​ខ្លួនឯង​ផ្ទាល់»

ចំណែក​គណបក្សប្រឆាំង​វិញ ក៏​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែរ​។ គណបក្ស​កម្លាំង​ជាតិ​បាន​ជួប​ប្រជុំ និង​ហែ​ក្បួន​ឃោសនា​ដោយ​ដើរ​ថ្មើរ​ជើង​ជាមួយ​អ្នកគាំទ្រ​ប្រមាណ​៥​រយ​នាក់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦ ស្ថិតនៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ និង​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១ ប្រចាំ​ភូមិភាគ​៨ លោក ស៊ុន ចន្ធី ថ្លែង​សារ​ទៅ​កាន់​អ្នកគាំទ្រ​ថា គណបក្ស​នេះ​ធ្វើដំណើរ​ទៅមុខ​ជំនួស​ឱ្យ​គណបក្ស​ភ្លើងទៀន​ដែល​ជាប់​គាំង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន។ លោក​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះឆ្នោត​ទាំងអស់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​ទៅ​បោះឆ្នោត​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក ស៊ុន ចន្ធី៖ «មានតែ​គណបក្ស​កម្លាំង​ជាតិ​តែមួយគត់​ដែល​នឹង​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​រស់នៅ​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៧ និង​២០២៨ ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ចូលរួម​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​ចាប់​ពី​ពេល​នេះ​តទៅ​បងប្អូន»។​

ដោយឡែក​គណបក្ស​ដែល​នៅក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​បាន​រៀបចំ​កម្ម​វិធី​សំណេះសំណាល​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ជាមួយ​អង្គ​បោះឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន​នៅ​ភូមិភាគ​៤​ក្នុង​ខេត្ត​បាត់ដំបង។

ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុក ហាច និង​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១ ប្រចាំ​ភូមិភាគ​២ ថ្លែង​ទៅកាន់​អ្នកគាំទ្រ និង​សមាជិក​ថា​គោលដៅ​ដែល​គណបក្ស នេះ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​ដើម្បី​ត្រៀមកម្លាំង​ទៅ​ចូលរួម​ប្រកួត ប្រជែង​ការ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០២៧ និង​២០២៨ ដោយ​ឈរ​លើ​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​រីកចម្រើន​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត។

លោក សុក ហាច៖ «គោលដៅ​របស់​យើង​គឺ​នៅ​ឆ្នាំ​២០២៧ និង​២០២៨ អាហ្នឹង​ដូចជា​ធ្វើដំណើរ​មួយ​ដែល​យើង​ឆ្លងស្ពាន​។ យើង​មាន​បេសកកម្ម​ទីមួយ​របស់ខ្ញុំ គឺថា​រក្សាទ្រព្យ​របស់​យើង​២១៩៨ (អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ភ្លើងទៀន) ឱ្យ​បាន តើ​យើង​ថែ​បាន​អត់​ដល់​ថ្ងៃ​ហ្នឹង បាទ​ទេ​! បាន»

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ឃោស​បោះឆ្នោត​ជ្រើសរើស​សមាជិក ព្រឹទ្ធសភា​រយៈពេល​១៤​ថ្ងៃ​មកនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​តម្លាភាព គ្មាន​អំពើ​ហិង្សា និង​មិន​មាន​ពាក្យ​បណ្តឹង​នោះ​ទេ បើ​ទោះបី​អំឡុង​ពេល​ឃោសនា​កើតមាន​សកម្មភាព​អវិជ្ជមាន​ទាក់ទង​ការរំលោភ​សិទ្ធិ ឬ​ការ​បង្ខិតបង្ខំ​អង្គ​បោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ណាមួយ​យ៉ាង​ណា​ក្តី។

លោក ហង្ស ពុទ្ធា៖ «គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ គឺ​បាន​ចូលរួម​តាម​រូបភាព​ផ្សេងៗ​គ្នា និង​តាម​លទ្ធភាព​របស់​គណបក្ស​សាមី​ដែល​អាច​ធ្វើ​បាន ហើយ​សន្តិសុខ សណ្ដាប់ធ្នាប់​ទូទៅ​ល្អ​ប្រសើរ គឺ​ខ្ញុំ​ចង់​និយាយ​កិច្ចសហការ​ល្អ​រវាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ខេត្ត ហើយ​រវាង​គណបក្ស​នយោបាយ និង​រវាង​អាជ្ញាធរ​ដែនដី»

ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ចាប់​ពី​ម៉ោង ១០​យប់​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ដល់​ម៉ោង​១២​យប់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឬ​ហៅថា ថ្ងៃស ដើម្បី​កុំឱ្យ​ភាន់​ច្រលំ ឬ​បាត់​ទំនុកចិត្ត​លើ​ការ​បោះឆ្នោត។

ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ​ដែល​មាន​អង្គ​បោះឆ្នោត​ជិត ១​ម៉ឺន ២​ពាន់​នាក់​(១១.៧៤៧) ក្នុង​នោះ​តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៥​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន​ជាង ១​ម៉ឺន ១​ពាន់ (១១.៦២២)​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។