១. ពីមុនភ្លៀងធ្លាក់ក្អាត់យំពេញស្រែ វស្សាដើមខែខ្មែរនៅចងចាំ
ស្រែកច្រៀងក្អាកក្អាយកាយផុតពីកម្ម ព្រោះមានទឹកត្រាំសប្បាយម្ល៉េះណា។
២. មិនថាយប់ថ្ងៃឮសំឡេងក្អាត់ ស្រែកយំកាត់ៗរួចហែលឆ្លេឆ្លា
សាសងញីឈ្មោលរាលរោលស្នេហា លែបខាយផ្លែផ្កាតាមភាសាសត្វ។
៣. ក្រោយពេលភ្លៀងធ្លាក់ក្អាត់យំអឺងកង សំឡេងឆ្លើយឆ្លងទំនងមានណាត់
បន្តិចក្រោយមកសំឡេងរាងស្ងាត់ ហាក់ដូចជាប់ហាត់ឬថ្នាក់ថ្នមបី។
៤. អស្សុជទឹកជន់ទឹកលិចភ្លឺស្រែ ពីដើមស្រុកខ្មែរសម្បូរណាស់ត្រី
គេចេញនេសាទទឹកមុខប្រិមប្រិយ ពួកគេឃ្មាតខ្មីជញ្ជាត់កូនក្អាត់។
៥. សប្បាយភ្លេចខ្លួនជួនចូលក្នុងឈ្នាង ចាប់ដាក់ប៉ោតពាងសំឡេងត្រូវស្ងាត់
គូថជាប់បង្កៃដៃហែលឆ្វែលឆ្វាត់ ក្រោយមកបង់បាត់ត្រីស៊ីចូលពោះ។
៦. ដល់ពេលឥឡូវទុក្ខកាន់តែធ្ងន់ ឈឺចាប់ពេកពន់គ្រោះអើយសែនគ្រោះ
គេចផុតពីត្រីនៅតែមិនរស់ គឺថាពីព្រោះថ្នាំពុលប្រហារ។
៧. មើលទៅកូនក្អាត់ទាំងធំទាំងទូច ថ្ងៃក្រោយផុតពូជពីលើលោកា
មិនយូរប៉ុន្មានលែងស្គាល់ហើយណា សែនអនិច្ចាសង្ខារពួកក្អាត់៕
