វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុអ្វី​បាន​ជា​លោក កឹម សុខា ឆ្លើយ​ប្រៀបធៀប​លោក សម រង្ស៊ី ទៅ​នឹង ប៉ុល ពត នៅ​ក្នុង​សវនាការ?

0:00 / 0:00

សវនាការ​ជំនុំជម្រះ​ក្ដី លោក កឹម សុខា នៅ​ក្នុង​តុលាការ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ មាន​ភាព​ចម្រូងចម្រាស​ច្រើន។

អ្នក​ធ្វើ​អធិប្បាយ​ពី​បញ្ហា​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​ធ្លាប់​គាំទ្រ​លោក កឹម សុខា នោះ បាន​រិះគន់​ថា លោក កឹម សុខា បង្ហាញ​ពី​ភាព​ទន់ខ្សោយ នៅ​ក្នុង​សវនាការ។ លោក​បញ្ជាក់​ថា លោក កឹម សុខា មិន​ហ៊ាន​ឆ្លើយ​ការពារ​ដៃគូ​របស់​លោក គឺ​លោក សម រង្ស៊ី អំពី​ភាព​ស្អាតស្អំ​ប្រាប់​ទៅ​តុលាការ​នោះ​ទេ បែរ​ជា​​​​​​​​​​​​ឆ្លើយ​ក្នុង​គោលដៅ​យក​តែ​រួច​ខ្លួន ដោយ​ផ្ដល់​ចម្លើយ​លើក​ឧទាហរណ៍​ប្រៀបធៀប​ដល់ ប៉ុល ពត និង ស្នាដៃ​អហិង្សា​របស់ ប៉ុល ពត ទៅ​វិញ។

លោក គឹម សុខ លើក​ឡើង​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ ធ្លាក់​ឧត្ដមភាព ឬ​បាត់​ឥស្សរភាព ជា​មេ​ដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​កំពូល​ម្នាក់ របស់​ប្រទេស​ជាតិ។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក គឹម សុខ នេះ នៅ​បន្ទាប់​ពី​សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុធារី បាន​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ថា លោក កឹម សុខា បាន​ឆ្លើយ​សំណួរ​របស់​តុលាការ ដែល​ចោទ​សួរ​ថា លោក សម រង្ស៊ី ជា​បុគ្គល​ហិង្សា។ ហេតុអ្វី​បាន​លោក​ចង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី? លោក កឹម សុខា ឆ្លើយ​ថា ទោះបីជា ប៉ុល ពត ក៏​នៅតែ​មាន​អ្នក​ទៅ​ធ្វើការ​ជាមួយ ប៉ុល ពត ដែរ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​បណ្ឌិត សេង សារី និង​លោក គឹម សុខ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ កាល​ពី​យប់​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕