វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១៤ ខែឧសភា ពិភាក្សាជុំវិញបទពិសោធន៍ និងខ្សែជីវិតពិតរបស់លោក ព្រហ្ម វណ្ណៈ ដែលធ្លាប់ជាពលករចំណាកស្រុក ដែលប៊ិះនឹងស្លាប់ខ្លួនលើទូកនេសាទថៃ។
ស្របពេលដែលរដ្ឋមន្ត្រីក្រសួងការងារ នៃរបបលោក ហ៊ុន សែន បញ្ជោរ និង ប្រសិទ្ធនាមឲ្យពលករចំណាកស្រុក ដែលទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅប្រទេសគេ ថាជា “វីរជនរបស់ជាតិ” ព្រោះបានបញ្ជូនប្រាក់ ដែលបានមកពីការប្ដូរកម្លាំងញើសឈាមទាំងនោះ បញ្ជូនមកស្រុកខ្មែរវិញនោះ ពលករចំណាកស្រុកជាច្រើន នៅតែចាត់ទុកខ្លួនឯងថា ជាជនផ្សងព្រេង គ្មានជម្រើស និងអត់តម្លៃ ដោយសារខ្វះការងារធ្វើនៅស្រុកកំណើតខ្លួនឯង ទើបសុខចិត្តប្រថុយគ្រោះថ្នាក់ដល់ជីវិត ដើម្បីទៅស៊ីឈ្នួលគេនៅក្រៅប្រទេស ចិញ្ចឹមក្រពះ។ ពួកគាត់អះអាងថា បើមានជម្រើសការងារនៅស្រុកខ្មែរ បានប្រាក់ខែសមរម្យ ពួកគាត់មិនទៅធ្វើខ្ញុំគេនៅក្រៅប្រទេសនោះឡើយ។
ក្នុងនោះមានលោក ព្រហ្ម វណ្ណៈ ដែលធ្លាប់ជាពលករចំណាកស្រុក ទៅធ្វើការងារដូចជាទាសករ នៅលើទូកនេសាទនៅប្រទេសថៃ ព្រោះតែជីវភាពក្រីក្រ និង គ្មានប្រាក់សម្រាប់ភរិយាសម្រាលកូន។ លោក ព្រហ្ម វណ្ណៈ បានប្រថុយស្លាប់ ដោយលោតចោលទូកនេសាទ តោងប៊ីដុងទឹកត្រី ក្នុងសមុទ្រជ្រៅ ដើម្បីគេចផុតពីអំពើទាសភាព និង ការកេងប្រវ័ញ្ចកម្លាំងពលកម្មនេះ។
លោកបានរួចពីសេចក្ដីស្លាប់ និងបន្តតស៊ូមតិ ដើម្បីទប់ស្កាត់អំពើទាសភាពសម័យទំនើប។ ប៉ុន្តែ នៅមានពលករខ្មែរជាច្រើននាក់ផ្សេងទៀត ដែលកំពុងរងគ្រោះក្នុងស្ថានភាពដូចលោកដែរ និង កំពុងជាប់ផុងក្នុងការផ្សងព្រេងចំណាកស្រុកនេះ។
វាគ្មិន៖ លោក ព្រហ្ម វណ្ណៈ
អ្នកសម្របសម្រួល៖ លោក មួង ណារ៉េត
សូមចុចស្ដាប់សំឡេង
