ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង បានអះអាងនៅថ្ងៃទី៣១ ខែតុលាថា លោកនឹងស្នើជាផ្លូវសុំឲ្យសហរដ្ឋអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់ជាច្រើនរយលានដុល្លារអាមេរិកនោះ ហើយថា កម្ពុជា និងសហរដ្ឋអាមេរិកកំពុងតែមានទំនាក់ទំនងល្អជាមួយគ្នាកន្លងមកនេះ។
សំណើជាផ្លូវការ និងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំង២នោះ នឹងធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយនិងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន នៅឯក្រសួងការបរទេសកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ក្រោយពីបានវិលត្រឡប់មកពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសវៀតណាមថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី គ្លិនតុន គឺបានធ្វើឡើងតាមការអញ្ជើញរបស់លោក ដើម្បីមកពង្រឹងចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកបន្តថា ៖ «ពិភាក្សាគ្នា គឺបញ្ហាលុបបំណុលរបស់កម្ពុជា និងលើកជំហរជាផ្លូវការរបស់កម្ពុជាយើង ជូនលោកស្រី ហ៊ីលឡារី គ្លិនតុន ពិនិត្យ។ ខ្ញុំបានជួបលោកស្រីនៅ ញូវយ៉ក ឆ្នាំទៅ។ ខ្ញុំបានលើកបញ្ហានេះហើយ។ យើងនឹងជម្រាបអំពីជំហរឲ្យបានច្បាស់លាស់របស់កម្ពុជាយើង»។
សេចក្ដីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន មកបំពេញទស្សនកិច្ចជាផ្លូវការផង និងមិនផ្លូវការផង រយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០។
កាលពីដើមខែតុលាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា បានប្រកាសជាជំហរថា លោកសុំឲ្យសហរដ្ឋអាមេរិកលុបបំណុលនោះចោល ដោយបានហៅថា ជាបំពុលកង្វក់ដែលរបបដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ បានខ្ចីមកធ្វើសង្គ្រាម កាលពីចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោក បណ្ឌិត សុខ ទូច និងជាអ្នកវិភាគនយោបាយនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប់កាតព្វកិច្ចក្នុងការសងបំណុលនោះ ប៉ុន្តែម្ចាស់បំណុលគួរតែពិចារណាផងដែរ ៖ «បង្វែរសំណងហ្នឹងទៅ ដូចជាខាងធារាសាស្ត្រ ឬខាងវប្បធម៌ គឺជារឿងមនុស្សធម៌ វាជារឿងមួយប្រពៃ»។
កន្លងមកមន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យសហរដ្ឋអាមេរិកបង្វែរបំណុលនោះ ទៅជាការអភិវឌ្ឍវិញ ដោយសារតែកម្ពុជា នៅមិនទាន់មានលទ្ធភាពក្នុងការសង ប៉ុន្តែមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកត្រូវបានអ្នកកាសែតដកស្រង់សំដីមកផ្សាយថា ការលុបបំណុលបែបនោះជាទម្លាប់មិនល្អ ហើយកម្ពុជាមានលទ្ធភាពក្នុងការសងបំណុលនេះ៕
