ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា រថយន្តពេទ្យសង្គ្រោះទាំង១៣គ្រឿងប្រគល់ឲ្យមន្ត្រីថ្នាក់ស្រុកបក្សប្រជាជននេះគឺជាការឆ្លើយតបមួយទៅលទ្ធផលបោះឆ្នោតក្នុងខេត្តបាត់ដំបងដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ថា ៖ «ឡានពេទ្យនេះវាចេញមកពីសមិទ្ធផលនៃការប្រឡងប្រណាំងពេលបោះឆ្នោត។ ឡាននេះចុះបញ្ជីសារពើពន្ធនៅគណបក្សខេត្ត ហើយក្រុមការងារចុះជួបស្រុកនិងគណបក្សស្រុកត្រូវដោះស្រាយប្រេងឥន្ធនៈអ្នកបើកបរដោះស្រាយការជួសជុលធំៗដើម្បីថែរក្សារថយន្តនោះប្រើប្រាស់បម្រើប្រជាពលរដ្ឋក្នុងឃុំក្នុងខេត្តបាត់ដំបង»។
ការផ្តល់រថយន្តទាំង១៣គ្រឿងនេះបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូភ្ជាប់ពីផ្លូវជាតិលេខ៥៧ ឆ្ពោះទៅអាងកំពីងពួយក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូនេះ។
អភិបាលស្រុកបាត់ដំបង លោក អ៊ុយ រី បានថ្លែងថា រថយន្តពេទ្យសង្រ្គោះបន្ទាន់ទាំង១៣នេះអាចជួយសម្រួលសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា រថយន្តពេទ្យនេះនឹងជួយប្រជាពលរដ្ឋទូទៅមិនប្រកាន់គណបក្សនយោបាយទេ។
លោក អ៊ុយ រី បានឲ្យដឹងថា ៖ «ជាប្រជាពលរដ្ឋអ្នកណាក៏ដោយឲ្យតែត្រូវការសុំសេវាដឹកជញ្ជូនទៅមន្ទីរពេទ្យអីគឺយើងដោះស្រាយទាំងអស់»។
លោក ខៀវ ទន់ អាយុ៧០ឆ្នាំ រស់នៅភូមិឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក៏បានមានចំណាប់អារម្មណ៍របស់ខ្លួនផងដែរថា ៖ «គ្នាអត់ឃា្លនគ្មានលុយកាក់ជិះឡានជួលឈ្នួលអីទៅ បានឡានហ្នឹងជួយឧបត្ថម្ភទៅ បានល្អ»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា រថយន្តទាំង១៣គ្រឿងនោះមានតម្លៃប្រមាណ១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកគឺជាអំណោយរបស់បក្សប្រជាជនកម្ពុជា។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានស្វាគមន៍ការផ្តល់អំណោយជារថយន្តទាំង១៣គ្រឿងនោះ ប៉ុន្តែលោកបានបញ្ជាក់ថាការងារសំខាន់ៗនៃផ្នែកសុខាភិបាលនិងការអប់រំគួរតែរដ្ឋាភិបាលប្រមូលធនធានផ្តល់តាមរយៈថវិកាជាតិឲ្យបានត្រឹមត្រូវចៀសវាងរំពឹងអំណោយបុគ្គលឬគណបក្សនយោបាយ។
ជាមួយគ្នានេះ លោក សុន ឆ័យ ក៏បានរិះគន់ពីការប្រើប្រាស់តួនាទីក្នុងរដ្ឋបាលរបស់រដ្ឋទៅបម្រើឲ្យគណបក្សនយោបាយ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «យើងសោកស្តាយបើសិនណារដ្ឋមន្ត្រី ស ខេង គាត់មិនទាន់យល់នូវគោលការណ៍ទាំងនេះ ហើយសង្ឈឹមថាគាត់នឹងកែលម្អ ហើយក៏ដូចជាមន្ត្រីក្នុងរដ្ឋាភិបាលដទៃទៀតនឹងកែលម្អកំហុសឆ្គងនេះឲ្យបានឆាប់»។
អ្នកវិភាគឯករាជ្យនិងជាអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម លោកស្រី ជា វណ្ណាត បានមានប្រសាសន៍ថា ការយកម៉ោងរដ្ឋបាលរដ្ឋទៅបម្រើឲ្យគណបក្សនយោបាយមិនបានជួយបម្រើដល់ប្រជាពលរដ្ឋបានគ្រប់ជ្រុងជ្រោយទេ តែផ្ទុយទៅវិញវាបង្ករឲ្យមានការប្រកាន់បក្សពួកកាន់តែច្រើនឡើង៕
