ខ្មែរអ៊ិស្លាម២០៧នាក់ត្រូវថៃឃាត់ខ្លួននៅច្រកប៉ោយប៉ែត
2010.05.29
អនុប្រធានការិយាល័យព្រំដែនខ្មែរ-ថៃ ប្រចាំច្រកប៉ោយប៉ែត លោក ស៊ិម សារ៉េត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ឧសភា ថា ការឃាត់ខ្លួននោះគឺជាការភ័ន្តច្រឡំរបស់អាជ្ញាធរថៃទេ។
លោក ស៊ិម សារ៉េត បានបញ្ជាក់ថា ៖ «របស់ហ្នឹងមិនមែនជារបស់គាត់ផងហ្នឹង ព្រោះពួកគាត់ទៅហ្នឹង មានក្រុមហ៊ុន មានអី គេចេញមកធានា នៅពេលដែលមានបញ្ហា មានខាងក្រុមហ៊ុនដែលយកពួកគាត់ទៅ បងប្អូនខ្មែរអ៊ិស្លាមគាត់ទៅហ្នឹង គាត់ប្រើលិខិតឆ្លងដែន ដូច្នេះជួយអន្តរាគមន៍»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គង់ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ឧសភានេះដែរ ថា បងប្អូនចាមទាំងអស់ត្រូវបានដោះលែងទៅវិញនៅថ្ងៃដដែល បន្ទាប់ពីអាជ្ញាធរថៃបានស៊ើបទៅឃើញថា សម្ភារៈនោះមិនមែនយកចូលដោយបងប្អូនចាមនោះទេ។
លោក កុយ គង់ បានអះអាងថា ៖ «រឿងហ្នឹង គេបានដោះលែងវិញអស់ហើយ! ពីព្រោះគាត់ដាក់ទំនិញទៅហ្នឹង រទេះហ្នឹងគេមានដាក់របស់អស់ហ្នឹង ប៉ុន្តែមិនមែនរបស់គាត់ទេ ហើយទំនិញរបស់គាត់ក៏ដាក់នៅរទេះហ្នឹងដែរ ហើយទទួលគេអូសចូលទៅ គេភ័ន្តច្រឡំ គេក៏ឃាត់ខ្លួនគាត់ទៅណា៎! ដល់ពេលក្រោយពីឃាត់ខ្លួនទៅ អត់អីទេ ឥឡូវគេដោះលែងវិញអស់ហើយ!»។
លោកថា មន្ត្រីទូតខ្មែរប្រចាំស្រុកអារញ្ញបានចូលរួមក្នុងការការដោះលែងបងប្អូនចាមទាំងនោះ។
លោក ស៊ិម សារ៉េត អនុប្រធានការិយាល័យព្រំដែនខ្មែរ-ថៃ ប្រចាំច្រកប៉ោយប៉ែត មានប្រសាសន៍ថា បងប្អូនចាមទាំងនោះត្រូវបានក្រុមហ៊ុនថៃ ដែលពួកគេធ្វើការជាមួយនោះ បានដឹកយកទៅធ្វើការនៅប្រទេសថៃ បន្ទាប់ពីត្រូវបានដោះលែងរួចមក៕