លោក យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី១៦ ខែមីនា ថា ប្រជាពលរដ្ឋខ្មែរឈ្មោះ ទូច ចិ អាយុជាង៣០ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកងការពារព្រំដែនថៃ បាញ់រះបណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី១៣ ខែមីនា ខណៈឆ្លងដែនចូលទៅកាប់ឈើនៅខ្នងភ្នំដងរែក ក្នុងទឹកដីថៃ ចន្លោះបង្គោលឡាក់លេខ២៧ និង ២៨ ក្នុងខេត្តបុរីរ៉ាំ។
លោក យ៉ត រ៉ាយ បន្តថា បុគ្គលិកត្រៀមបម្រុងប្រចាំប៉ុស្តិ៍ភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែន៨០៧ ក៏ត្រូវថៃបាញ់បណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា នៅចំណុចមួយក្នុងទឹកដីថៃ ចន្លោះបង្គោលឡាក់លេខ៣៦ និង ៣៧ ខណៈដែលបានឆ្លងដែនចូលក្នុងស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវ។
លោក យ៉ត រ៉ាយ បានឲ្យដឹងដូច្នេះ ៖ «សពដែលស្លាប់ពីថ្ងៃ១៣ ខាងក្រុមគ្រួសារបានចូលទៅទំនាក់ទំនងជាមួយខាងទំនាក់ទំនងព្រំដែនដើម្បីចូលទៅយក ប៉ុន្តែលទ្ធផលមិនទាន់បានដឹងទេ។ ដោយឡែកបញ្ហាយប់មិញនេះ (១៥ មីនា) ក៏ខាងគ្រួសារជនរងគ្រោះបានចូលមកដល់ប៉ុស្ដិ៍រដ្ឋបាលយើង»។
កងការពារព្រំដែនថៃ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញហេតុការណ៍បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនេះបានទេ ប៉ុន្តែបើតាមមន្ត្រីយោធាការពារព្រំដែនរដ្ឋាភិបាលខ្មែរបានថ្លែងថា កងការពារព្រំដែនថៃ បានបដិសេធថា ពួកគេមិនមែនជាអ្នកបាញ់ទេ ៖ «សួរទាហានថៃ គេថាអត់បានបាញ់ទេ ឮស្នូរកាំភ្លើងគេមកមើលឃើញខ្មោចហ្នឹងតែម្ដង។ សាកសពហ្នឹងនៅក្នុងមន្ទីរពេទ្យថៃ នៅស្រុកតាប់ព្រះយ៉ា»។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខ្មែរកំពុងធ្វើអន្តរាគមន៍ដើម្បីយកសពប្រជាពលរដ្ឋខ្មែរទាំងពីរនាក់មកវិញ។ លោកបានបន្តថា កម្ពុជាម្តងហើយម្តងទៀត បានស្នើភាគីថៃ កុំប្រើអំពើហិង្សាវាយដំឬបាញ់សម្លាប់មកលើប្រជាពលរដ្ឋខ្មែរ។
លោក ហ៊ុន ហ៊ាន មានប្រសាសន៍ដូច្នេះ ៖ «ការសំណូមពររបស់យើងហ្នឹង អ្នកដែលមកប្រជុំហ្នឹងចេះតែទទួលងក់តែក្បាលអ៊ីចឹងទៅ ហើយអ្នកដែលធ្វើចេះតែបំពានមើលងាយមើលថោកមកដល់ខ្មែរយើង»។
លោក ស៊ុំ ចាន់គា មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក បានហៅទង្វើបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃថា ជាការរើសអើងពូជសាសន៍។
លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា ៖ «ថៃជាប្រទេសគោរពច្បាប់ និងការគោរពសិទ្ធិមនុស្សដូចគ្នា មិនគួរណាបែរទៅជាយកកាំភ្លើងមកបាញ់ប្រជាពលរដ្ឋខ្មែរអ៊ីចឹងទេ។ បើសិនជាប្រជាពលរដ្ឋខ្មែរខុសត្រូវតែចាត់ការទៅតាមនីតិវិធីច្បាប់»។
ក្រុមអាជ្ញាធរខ្មែរបានថ្លែងថា រហូតមកទល់ពេលនេះពួកគេនៅមិនទាន់បានទទួលសាកសពប្រពលរដ្ឋខ្មែរដែលត្រូវគេបាញ់សម្លាប់ដោយសារតែការឆ្លងដែនចូលទឹកដីថៃខុសច្បាប់ទេ។
គេកត់សម្គាល់បានថា ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃ បានទទួលរងគ្រោះនិងរងរបួសជាបន្តបន្ទាប់ ដោយការវាយដំនិងការបាញ់ប្រហារពីសំណាក់កងការពារព្រំដែនថៃ ចំណែករដ្ឋាភិបាលខ្មែរតាមរយៈក្រសួងការពារបរទេសបានចេញសេចក្តីថ្លែងការណ៍ និងបានអំពាវនាវឲ្យភាគីអាជ្ញាធរថៃ មានការអត់ឱនដល់ប្រជាពលរដ្ឋខ្មែ ប៉ុន្តែការបាញ់សម្លាប់នៅតែកើតមាន៕