ក្រុមអ្នកភូមិព្រិច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប បានអះអាងថា បុរសដែលជាកូនប្រសា និងឪពុកក្មេក បានថប់ដង្ហើមស្លាប់ភ្លាមៗ នៅពេលដែលចុះទៅក្នុងអណ្ដូងទឹករបស់គាត់នៅមុខផ្ទះ ជម្រៅប្រមាណជាង ៩ម៉ែត្រ បំណងដើម្បីស្ដារសំអាតអណ្ដូងយកទឹកមកប្រើប្រាស់ ហើយបន្ទាប់មកបុរសជាអ្នកជិតខាងម្នាក់ទៀតបានសន្លប់យ៉ាងធ្ងន់ធ្ងរ ដោយសារចុះទៅក្នុងអណ្ដូងដដែល ដើម្បីជួយយកសាកសពអ្នកស្លាប់ទាំងពីរនោះ។
បុរសឈ្មោះ ប៉ាត ធួង ដែលជាអ្នកមកទាន់ហេតុការណ៍ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទទី១០ ខែឧសភា ថា ហេតុការណ៍នោះ បានកើតឡើងកាលពីវេលម៉ោង ៤ល្ងាច ថ្ងៃអាទិត្យទី៩ ខែឧសភា នៅពេលដែលបុរសឈ្មោះ ពីង ម៉ាប់ អាយុ ៣០ឆ្នាំ បានចុះទៅក្នុងអណ្ដូងទឹកនៅមុខផ្ទះ ដើម្បីស្ដារសំអាត ដោយមានបញ្ឆេះម៉ាស៊ីនភ្លើងតូចមួយគ្រឿង ទៅក្នុងអណ្ដូងផងនោះ។ បុរសដដែលបានមានប្រសាសន៍ថា នៅពេលឈ្មោះ ម៉ាប់ ចុះទៅដល់បាតអណ្ដូង ក៏ប្រកាច់ស្លាប់ ដោយស្រែកហៅជួយ ហើយឪពុកក្មេកឈ្មោះ ជន មៀត អាយុជាង ៥០ឆ្នាំឃើញដូច្នេះក៏ចុះទៅជួយកូនប្រសា ហើយត្រូវស្លាប់ភ្លាមៗទាំង ២នាក់។
លោក ប៉ាត ធួន មានប្រសាសន៍បន្តថា ៖ «ខ្ញុំរត់ដល់ភ្លាម ឃើញអាកូននោះថ្ងូរហ៊ឺសៗ ពីក្នុងបាតអណ្ដូង។ ឪវានោះចុះទៅយកកូន ទៅដល់ កូនគាត់ក៏យកដៃទៅទ្រកូននោះ ហើយគាត់ថា ទម្លាក់ខ្សែឲ្យលឿនមក។ អាដែងខ្សែខ្លី តខ្សែម្ដងទៀត វារាងយូរបន្តិចណា ទម្លាក់ខ្សែឲ្យគាត់ដល់ចាប់តែខ្សែបាន ក៏គាត់ជួយខ្ញុំផងៗ ២ម៉ាត់ប៉ុណ្ណេះឯង បាត់មាត់ទាំងឪទាំងកូននោះតែម្ដង»។
បុរសម្នាក់ទៀត ឈ្មោះ ពីង សុមឿត ដែលត្រូវជាប្អូនបង្កើតរបស់អ្នកស្លាប់ក្នុងអណ្ដូងនោះ បានមានប្រសាសន៍ថា នៅពេលដឹងថា បងប្រុសរបស់គាត់ស្លាប់ក្នុងអណ្ដូង គាត់បានមកដល់កន្លែងកើតហេតុ ដោយឃើញសាកសពបងប្រុស និងឪពុកក្មេក ត្រូវបុរសម្នាក់ឈ្មោះ បូប ពេក ជាអ្នកជិតខាងបានចុះទៅយកពីក្នុងអណ្ដូង ប៉ុន្តែឈ្មោះ បូប ពេក ក៏បានពុលសន្លប់ក្នុងអណ្ដូងនោះដែរ ហើយលោក ក៏បានចុះក្នុងអណ្ដូងជួយសង្គ្រោះឈ្មោះ បូប ពេក ទើបលោកដឹងថា នៅក្នុងអណ្ដូងមានសភាពហប់ខ្លាំង គ្មានខ្យល់ដកដង្ហើម និងធំក្លិនផ្សែងសាំងខ្លាំងពិបាកទ្រាំ។
លោកមានប្រសាសន៍ថា ៖ «ម្នាក់ដែលខ្ញុំស្រង់នោះ គេស្រង់បងខ្ញុំ គេចង់បងខ្ញុំឡើងមកបាន ហើយហ្នឹងស្រាប់តែម្នាក់នោះអស់ស្មារតីខ្លួនឯងបណ្ដោយ ទម្លាក់ខ្សែឲ្យចាប់ ក៏ចាប់មិនជាប់ ទន់អស់បានតែស្រែក អ៊ូក អ៊ូកទេពេលខ្ញុំទៅចាប់ស្រង់គេមក ទៅដល់តែពាក់កណ្ដាលអណ្ដូងទៅក្រោម វាមានតែភាពថប់ខ្លាំង ហើយធំពោរពេញទៅដោយជាតិផ្សែងសាំងបណ្ដោយ ហើយខ្ញុំស្រែកថា កុំយូរណារហ័សបន្តិចខ្ញុំឡើងមិនបានទេ»។
អធិការនគរបាលស្រុកស្រីស្នំ លោក មាស ពិដោរ បានមានប្រសាសន៍ថា ការស្លាប់របស់បុរស ២នាក់ឪពុកក្មេក និងកូនប្រសា ហើយម្នាក់ទៀតបានសន្លប់ធ្ងន់ធ្ងរនោះ តាមលោកសន្និដ្ឋាន បណ្ដាលមកពីក្នុងអណ្ដូងនោះ ពុំមានខ្យល់អុកស៊ីហ្សែនរួមនិងផ្សែងម៉ាស៊ីនមានជាតិពុល បញ្ឆេះនៅក្នុងអណ្ដូងនោះទៀតផង។
លោកមានប្រសាសន៍បន្ថែមថា ៖ «អណ្ដូងវាជ្រៅជម្រៅ ៩ម៉ែត្រ នៅពេលគាត់ស្ដារអណ្ដូង ម៉ាស៊ីនតូច អាម៉ាស៊ីនសាំងនោះណា ទុយយោបូបខ្លីគេចង់បន្តោងម៉ាស៊ីនទៅពាក់កណ្ដាលអណ្ដូង។ បញ្ឆេះម៉ាស៊ីនបូមទៅ អាកូនប្រសាចុះទៅរៀបចំក្បាលបូមក្រោម។ យើងមើលទៅឃើញបញ្ហាវាចេញផ្សែងទៅ វាអត់មានអុកស៊ីហ្សែនផង ពុលឈ្លក់ផ្សែងទៅ ដល់ពេលប្រកាច់ស្លាប់ទៅ ឪពុកក្មេកចុះទៅជួយចងតែខ្មោចកូនប្រសាគេយោងឡើងមកលើទៅ ខ្លួនឯងប្រកាច់ស្លាប់មួយទៀត ដល់អ្នកក្រោយចុះទៅយកប៊ិសស្លាប់អ្នកទី៣ ប៉ុន្តែបានរស់មកវិញ»។
មន្ត្រីប៉ូលិសស្រុកស្រីស្នំ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អ្នកស្រុករបស់លោកចំនួន ៥នាក់ហើយ ដែលបានចុះស្ដារអណ្ដូងត្រូវស្លាប់ ដោយកាលពីឆ្នាំ២០០៨ អ្នកភូមិចំនួន ៣នាក់ ដែលជាកម្មករសំណង់ បានចំណាកស្រុកទៅធ្វើកម្មករនៅទីរួមខេត្តសៀមរាប គឺបានស្លាប់ដូចគ្នានេះ នៅពេលចុះស្ដារអណ្ដូងទឹកមួយ នៅជិតសាលាគរុកោសល្យ៕
