ទន្ទឹមនឹងគ្នានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William Todd) ឲ្យដឹងថា មន្ត្រីថ្នាក់ខ្ពស់អាមេរិកចំនួន ៣រូប នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកបន្តចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា ជារឿងដ៏មានសារសំខាន់ ហើយលោកក៏នឹងជំរុញឲ្យមានឱកាសវិនិយោគនៅកម្ពុជា ឲ្យបានច្រើនថែមទៀត។
ការអះអាងរបស់លោក វីល្លៀម ថត គឺជាការឆ្លើយតបទៅនឹងសំណួរជាច្រើនដែលបានសរសេរចោទសួរលោកតាមគេហទំព័រ (Website) អំពីតួនាទីជាអន្តរជាតិរបស់ប្រទេសកម្ពុជា ក្រោយពីបញ្ចប់តួនាទីជាប្រធានអាស៊ានកាលពីឆ្នាំមុន។ មានមតិជាច្រើនហាក់នៅស្រពេចស្រពិលចំពោះដំណើររបស់កម្ពុជា លើឆាកអន្តរជាតិ។
ក្នុងខ្ទង់សារព័ត៌មានប្រចាំសប្ដាហ៍របស់លោក វីល្លៀម ថត លោកមានជំនឿថា បើអន្តរជាតិបន្តយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា នោះកម្ពុជានឹងមានការផ្លាស់ប្ដូរជាវិជ្ជមានថែមទៀត។
ទន្ទឹមគ្នានោះ មន្ត្រីថ្នាក់ខ្ពស់ ៣នាក់ រួមមានអ្នកស្រី ម៉ារី ឡេនឌ្រូ (Mary Landrieu) សមាជិកព្រឹទ្ធសភា លោក ថូម៉ាស ខណាត់ (Thomas Conant) មេបញ្ជាការរងប្រចាំនៅបញ្ជាការដ្ឋាននៃកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (PACOM) និងលោក ម៉ៃខល ផូសនើ (Michael Posner) ប្រធានការិយាល័យផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅពេលខាងមុខដ៏ខ្លី ដើម្បីជួយជំរុញការវិនិយោគបរទេសនៅកម្ពុជា កែលំអប្រព័ន្ធនៃប្រទេសកម្ពុជា ទាក់ទងនឹងការស្មុំកូនចិញ្ចឹមទៅក្រៅប្រទេស លើកកម្ពស់ជំនាញឯកទេសនៃកងយោធានៃប្រទេសកម្ពុជា ដោយផ្ដោតលើសកម្មភាពថែរក្សាសន្តិភាព និងការងារដោះមីនរបស់អង្គការសហប្រជាជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងតាមរយៈការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ អភិបាលកិច្ចល្អ និងគោរពនីតិរដ្ឋ។
លោក វីល្លៀម ថត៖ «យើងជឿថា អន្តរជាតិនឹងនៅតែផ្ដោតការយកចិត្តទុកដាក់មកលើប្រទេសកម្ពុជា ដដែល ក្នុងពេលដែលប្រទេសកម្ពុជា អនុវត្តការផ្លាស់ប្ដូរវិជ្ជមាន និងបន្តការអភិវឌ្ឍរបស់ខ្លួន។ ហេតុដូច្នេះហើយបានជាបុគ្គលិករបស់ខ្ញុំ ហើយនិងរូបខ្ញុំ កំពុងខិតខំធ្វើការដើម្បីជួយជំរុញវិនិយោគបរទេសនៅកម្ពុជា កែលំអប្រព័ន្ធនៃប្រទេសកម្ពុជា ទាក់ទងនឹងការសុំកូនចិញ្ចឹមទៅក្រៅប្រទេស លើកកម្ពស់ជំនាញឯកទេសនៃកងយោធានៃប្រទេសកម្ពុជា ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា»។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាកំពុងឋិតក្នុងសភាពការពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមមានការពង្រឹងទប់ស្កាត់បទល្មើសភេរវកម្ម ការជួញដូរ ទប់ស្កាត់ការពារគ្រឿងញៀន ការរំលោភសិទ្ធិមនុស្សជាដើម។
លោក ផៃ ស៊ីផាន បន្ថែមទៀតថា ការបាត់បង់ទំនាក់ទំនងផ្នែកការទូតមួយរយៈក្នុងសម័យសង្គ្រាម និងការផ្ដើមទំនាក់ទំនងជាមួយប្រទេសលោកខាងលិចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ជាការកសាងមុខមាត់កម្ពុជា ឡើងវិញ ក្នុងឆាកអន្តរជាតិ។
លោកបន្តថា៖ «កម្ពុជាដើរតួនាទីយ៉ាងសំខាន់បន្ទាប់ពីដៃគូជាមួយអន្តរជាតិក្នុងការសំអាតដីចេញពីមីន និងគ្រឿងមិនទាន់ផ្ទុះ និងកម្ពុជា បានបញ្ជូនប្រជាជនពួកយើងមួយចំនួនធំចូលរួមសកម្មភាពស្តារ ដើម្បីឲ្យដីហ្នឹងក្លាយជាដីផលិតផលវិញ។ ជាមួយគ្នានេះដែរ សកម្មភាពសហរដ្ឋអាមេរិក កំពុងតែពង្រឹងបន្ថែម ហើយបន្ថែមទៀត ការងារទូត សេដ្ឋកិច្ច និងការងារផ្សេង»។
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក គេឃើញមានការរីកចម្រើនច្រើន។ កន្លងមកលោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំប្រទេសកម្ពុជា ធ្លាប់ធ្វើដំណើរទៅប្រទេសសិង្ហបុរី និងប្រទេសថៃ ដើម្បីជំរុញឲ្យមានឱកាសវិនិយោគនៅកម្ពុជា។
លោក វីល្លៀម ថត សន្យាថា នឹងបន្តជជែកជាមួយក្រុមហ៊ុនអាមេរិក អំពីបរិយាកាសសេដ្ឋកិច្ចដ៏រស់រវើកនៅកម្ពុជា ហើយកម្ពុជានឹងមានភាពប្រសើរឡើងច្រើនសម្រាប់ការធ្វើជំនួញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
