ខ្មែរ​ក្រោម​នឹង​ប្រារព្ធ​ខួប​ទី​៦២ នៅ​ថ្ងៃ​១០ មិថុនា

អង្គការ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩ នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រោង​រៀបចំ​ខួប​លើក​ទី ៦២ ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ២១ ខេត្ត​ក្រុង នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១១ នៅ​ក្នុង​វត្ត​អង្គ​តាម៉ិញ ជាយ​ក្រុង​ភ្នំពេញ នៅ​គ្រា​ដែល​អាជ្ញាធរ​សាលា​ក្រុងភ្នំពេញ​យល់​ព្រម​​ផ្ទាល់​មាត់ ​គ្មាន​លាយ​លក្ខ​អក្សរ នៅ​​ថ្ងៃ​ទី ៩ ខែ​មិថុនា។
ដោយ សុខ សេរី
2011-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារ៉ូ និង​ជា​តំណាង​រាស្ត្រ គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា​ថា ព្រះចៅ​អធិការ​វត្ត​អង្គ​តាម៉ិញ នៅ​មាន​ការ​រារែក​មិន​ចង់​ឲ្យ​ធ្វើ​ពិធី​នេះ​ទេ ដោយសារ​តែ​គ្មាន​លិខិត​អនុញ្ញាត​ជា​ផ្លូវ​ការ។

គេ​បាន​រំពឹង​ទុក​ថា នឹង​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១.០០០ អង្គ​ចូលរួម និង​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជិត ១.០០០ នាក់​ចូលរួម​ក្នុង​ពិធី​នោះ។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​កន្លង​ទៅ​នេះ លោក យន្ត ថារ៉ូ បាន​ស្នើសុំ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា រៀបចំ​ធ្វើ​ពិធី​នេះ នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ២០១១ នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវតី នា​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ សាលា​ក្រុង​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​អង្គការ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេង​ទៀត រៀបចំ​ធ្វើ​ពិធី​នេះ​ជំនួស​វិញ។

ការ​រំលឹក​ខួប​លើក​ទី ៦២ ឆ្នាំ នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា ខាង​មុខ​នេះ គឺ​ជា​ការ​សម្ដែង​ការ​ឈឺ​ចាប់ និង​សោក​ស្ដាយ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ២១ ខេត្ត​ក្រុង ដែល​ត្រូវ​បាន​អាណានិគម​និយម​បារាំង កាត់​ប្រគល់​ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល