ពិធីបាញ់សាកល្បងនេះ បានចូលរួមជាអធិបតីដោយមន្ត្រីយោធាជាន់ខ្ពស់ ព្រមទាំងកងទ័ពសរុបជាង ១០០នាក់ ក្នុងនោះមានមន្ត្រីយោធាជាន់ខ្ពស់វៀតណាម មកចូលរួមដែរ។
ស្នូរគ្រាប់កាំភ្លើងធំប្រភេទ ១០៥មម ចំនួន ១០១ណាត់ ឬ ១០១គ្រាប់នេះ ត្រូវបានបាញ់សាកល្បងចេញពី ១៤កាណុងបន្តបន្ទាប់គ្នានៅមុនពេលការបាញ់ជាផ្លូវការ ក្នុងឱកាសព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១ ខែកុម្ភៈ និងបាញ់ក្នុងឱកាសនៃព្រះរាជពិធីតម្កល់ព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ។
ប្រភេទគ្រាប់កាំភ្លើងធំ ១០៥មម ដែលយកមកបាញ់នេះ ត្រូវបានផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដោយភាគីវៀតណាម ជាច្រើនរយគ្រាប់ តាមសំណើរបស់ភាគីកម្ពុជា កន្លងមក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងឱកាសនៃព្រះរាជពិធីដង្ហែព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើងខាងមុខនេះ នឹងប្រព្រឹត្តដោយអធិកអធមជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៖ «នៅថ្ងៃទី១ ខែកុម្ភៈ នេះ វាមានក្នុងមួយថ្ងៃបាញ់ដល់ ២លើក។ លើកទី១ នៅលើកដំបូងនៅពេលចាប់ផ្ដើមចេញដង្ហែ និងលើកទី២ នៅពេលដែលព្រះបរមសព គឺត្រូវបានយើងយកទៅតម្កល់នៅព្រះវាលមេរុ នោះឯង គឺរំលឹកទុកជាមុនទេ គឺធ្វើម៉េចការសហការក្នុងការរៀបចំឲ្យច្បាស់នៅត្រង់ពេលវេលាប៉ុណ្ណឹង។ ពេលវេលាដែលយើងត្រូវបាញ់ ដូច្នេះរៀបចំហ្នឹង គឺសហការឲ្យបានច្បាស់លាស់»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកកត់ត្រានូវព្រឹត្តិការណ៍សំខាន់នៃប្រវត្តិសាស្ត្រនេះ ពីព្រោះលោកធ្លាប់បានកត់ត្រាប្រវត្តិសាស្ត្រអំពីព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កន្លងមក៖ «រឿងព្រះករុណា ព្រះអង្គបានចេញពីព្រះរាជបល័្លង្កហើយ ព្រះអង្គបានចេញហើយ ព្រះអង្គអត់បានគ្រងរាជទេ។ ប៉ុន្តែដោយសារតែវីរភាពរបស់ព្រះអង្គហ្នឹង ដែលរាជរដ្ឋាភិបាលលោកដក់ជាប់ ឬប្រជាជនកម្ពុជា លោកដក់ជាប់ហ្នឹងទុកលោកនៅជាប្រមុខរដ្ឋដដែល អីចឹងទេការបាញ់បែបហ្នឹង មានតែប្រមុខរដ្ឋទេ»។
គេបានរំពឹងថា ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ ឬជាង ១លាននាក់ នឹងមកចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសព និងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងខាងមុខនេះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រោងប្រើប្រាស់កងកម្លាំងចំនួនជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនៃព្រះរាជពិធីទាំងនោះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
