តំណាងរបស់ប្រជាពលរដ្ឋមកពីភូមិ២២ អ្នកស្រី បេ ផារ៉ុម បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់កំពុងតែពិភាក្សាគ្នាពីគម្រោងតវ៉ាសុំឲ្យក្រុមហ៊ុនផ្អាកសកម្មភាពបូមខ្សាច់លុបបឹងដើម្បីចរចាពីការផ្ដល់សំណងសមរម្យដល់ពួកគាត់ជាថ្នូរនឹងការចាកចេញពីលំនៅឋាន។
ទោះជាយ៉ាងណា លោកស្រី បេ ផារ៉ុម បានឲ្យដឹងថា ប្រជាពលរដ្ឋនៅមិនទាន់កំណត់កាលបរិច្ឆេទពីការតវ៉ានោះទេដោយសារតែថ្ងៃបុណ្យចូលឆ្នាំសកលកំពុងឈានចូលមកដល់។
លោកស្រី បេ ផារ៉ុម បានមានប្រសាសន៍ថា ៖ «ចាំមើលពិភាក្សាជាមួយមេធាវីយើង តើយើងដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលឬក៏យើងទៅចូលព្រះមហាក្សត្រឬក៏យើងចូលទៅផ្ទះសម្ដេច ហ៊ុន សែន។ តាមមតិភាគច្រើនដែលបានប្រជុំលើកឡើងថា យើងបម្រុងទៅផ្ទះសម្ដេច ហ៊ុន សែន។ គម្រោងការក្នុងពេលឆាប់ៗ ប៉ុន្តែដោយយើងជិតដាច់ឆ្នាំសកលផង ចូលឆ្នាំសកលអ៊ីចឹង តាមសហគមន៍ខ្ញុំគេថាឥឡូវឲ្យយើងរង់ចាំពន្យារបន្តិចទៅ»។
គម្រោងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់បានធ្វើឡើងបន្ទាប់ពីតុលាការសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៥ ធ្នូ បានសម្រេចបដិសេធបណ្ដឹងរបស់ប្រជាពលរដ្ឋដែលសុំឲ្យក្រុមហ៊ុនផ្អាកសកម្មភាពបូមខ្សាច់នោះ ហើយក្រុមប្រឹក្សាជំនុំជម្រះបានកាត់សេចក្តីថា ប្រជាពលរដ្ឋត្រូវប្តឹងនៅសាលាក្រុង មិនត្រូវប្តឹងក្រុមហ៊ុនស៊ូកាគូទេ។
បន្ទាប់ពីសាលាឧទ្ធរណ៍បានចេញសេចក្ដីសម្រេចប្រជាពលរដ្ឋបឹងកក់ប្រមាណ១០០នាក់នៅមុខសាលាឧទ្ធរណ៍បាននាំគ្នាដុតធូបដាក់បណ្តាសាហើយស្រែកតិះដៀលតុលាការថាអយុត្តិធម៍។
មេធាវីតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់ លោក ជូង ជូងី បានឲ្យដឹងថា លោកកំពុងរង់ចាំសាលាឧទ្ធរណ៍ចេញសាលដីកាដែលសម្រេចឲ្យក្រុមហ៊ុនស៊ូកាគូបន្តបូមខ្សាច់លុបបឹងកក់នោះ ហើយថាលោកកំពុងតែស្វែងរកនីតិវិធីផ្សេងទៀតដើម្បីធ្វើឲ្យក្រុមហ៊ុនស៊ូកាគូផ្អាកសកម្មភាពបូមខ្សាច់លុបបឹងកក់ រង់ចាំពេលមានការផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋសិន។
មេធាវីរបស់ក្រុមហ៊ុនស៊ូកាគូ លោក ចេង ប៉េងហាប់ ធ្លាប់បានបញ្ជាក់ថា ការបូមខ្សាច់បញ្ចូលបឹងកក់នេះគឺជាការទទួលខុសត្រូវរបស់សាលាក្រុងមិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ូកាគូនោះទេ៕
