កម្ពុជា​-​ថៃ​គ្រោង​ជួប​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​១០ វិច្ឆិកា

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​ខ្មែរ​-​ថៃ​នឹង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​បន្ត​ទៀត​តាម​ការគ្រោង​ទុក ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

0:00 / 0:00

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា កិច្ច​ជំនួប​រវាង​មន្ត្រី​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​ខ្មែរ​-​ថៃ ដែល​ភាគី​ខ្មែរ​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ គឺ​លោក វ៉ា គឹមហុង គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ថៃ​តាម​ការស្នើសុំ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​នោះ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ថ្ងៃ​ទី​១០​ហ្នឹង​ហើយ។ បើ​ថ្ងៃ​ទី​១០ តាម​កាលកំណត់ គឺ​គណៈកម្មការ​ព្រំដែន​ចម្រុះ JDC គឺ​នៅ​ប្រទេស​ថៃ ថៃ​សុំ​ធ្វើ​ជា​ម្ចាស់​កិច្ចប្រជុំ​ហ្នឹង»

លោក កុយ គួង បាន​ឲ្យ​ដឹង​ផងដែរ​ថា គេ​នៅ​មិន​ទាន់​អាច​កំណត់​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ​បាន​នៅ​ឡើយ​នោះ​ទេ។

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​ថៃ នេះ​ត្រូវ​បាន​កំណត់​ពេល​ច្បាស់លាស់​បន្ទាប់ពី​រដ្ឋសភា​ថៃ កាលពី​ថ្ងៃ​ទី​២៨ តុលា​កន្លង​ទៅ​នេះ បាន​អនុម័ត​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ធ្វើការ​ចរចា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​តាម​ការស្នើសុំ​របស់​ភាគី​ខ្មែរ​នោះ។

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា រហូត​មក​ទល់​ពេល​នេះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ថៃ​ត្រូវ​បាន​រក​ឃើញ​ចំនួន​៥០​បង្គោល​ហើយ ហើយ​គេ​នៅ​បន្ត​ស្វែងរក​បង្គោល​ចំនួន​២៣​ផ្សេង​ទៀត។

លោក ហោ ណាំហុង ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា ក្នុង​ចំណោម​៥០​បង្គោល​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ ភាគី​ថៃ​និង​ខ្មែរ​បាន​ឯកភាព​លើ​៣៣​បង្គោល​ហើយ នៅ​សល់​១៧​បង្គោល​មិន​ទាន់​ឯកភាព​នៅ​ឡើយ។

គួរ​ជម្រាប​ថា ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​មាន​ការប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​នោះ​បាន​ផ្ទុះ​ឡើង​តាំងពី​ពាក់​កណ្ដាល​ខែ​កក្កដា​មក​ម៉្លេះ គឺ​នៅ​បន្ទាប់ពី​អង្គការ​យូណេស្កូ​បាន​សម្រេច​ចុះ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​មក ហើយ​ភាព​តានតឹង​ក៏​បាន​ឈាន​ដល់​ការផ្ទុះ​អាវុធ​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​១៥ តុលា ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​បី​នាក់​និង​ទាហាន​ថៃ​មួយ​នាក់​ស្លាប់​បាត់បង់​ជីវិត។

ចាប់​តាំង​ពី​មាន​ការប្រឈម​មុខ​ផ្នែក​យោធា​ជុំវិញ​ជម្លោះ​ព្រំដែន​នោះ​មក មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​ចរចា​គ្នា​ចំនួន​ប្រាំ​លើក​រួច​មក​ហើយ ប៉ុន្តែ​ការជួប​ប្រជុំ​ចរចា​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​លទ្ធផល​ជា​ដុំកំភួន​ទេ៕