លោកវរសេនីយ៍ឯក នាក់ ពង់ មេបញ្ជាការកងពល៤២ដែលបានដាក់ទ័ពពង្រាយការពារនៅលើខ្នងភ្នំដងរែកបានថ្លែងថា ភាគីទ័ពឈុតខ្មៅថៃបានបដិសេធមិនឲ្យចូលទៅក្នុងបរិវេណប្រាសាទតាមាន់់ធំនោះឡើយ នាព្រឹកថ្ងៃទី៨ ខែ៨ ឆ្នាំ២០០៨នេះ ។
លោកបន្តថាភាគីថៃបានសំអាងថា នៅថ្ងៃនេះមេបញ្ជាការកងទាហានឈុតខ្មៅនោះមិននៅ ដូច្នេះហើយក្រុមកូនទាហានឈុតខ្មៅរបស់ថៃបានបដិសេធមិនឲ្យចូលនោះទេ ។
លោកវរសេនីយ៍ឯក នាក់ ពង់ បានមានប្រសាសន៍ថា ៖ «យើងបានសុំគេហើយ យើងបានជម្រាបគេមុនហើយ ក៏ប៉ុន្តែគេឆ្លើយថារង់ចាំបទបញ្ជាថ្នាក់លើគេពីរសប្ដាហ៍» ។
ទោះជាយ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក នាក់ ពង់ បានឲ្យដឹងថាថៃបានប្រកាសឲ្យរង់ចាំពីរសប្ដាហ៍ទៀតទើបអាចអនុញ្ញាតឲ្យពុទ្ធបរិស័ទខ្មែរចូលបាន ។
មនុស្សជាង៣០នាក់ដែលជាជនជាតិខ្មែរបាននាំគ្នាធ្វើដំណើរឡើងតាមជើងភ្នំដងរែក នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៨នេះ ដើម្បីប្រារព្ធពិធីបួងសួងតាមបែបព្រហ្មញ្ញសាសនា អន្ទងមហិទ្ធិឫទ្ធិនិងបារមីបុព្វបុរសដូនតាអតីតព្រះមហាក្សត្រនៅទីនោះ ឲ្យបណ្ដេញកងទ័ពឈ្លានពានរបស់ថៃចេញពីទឹកដីប្រាសាទតាមាន់ធំ ។
ការហាមឃាត់និងការឈ្លានពានរបស់ថៃបានធ្វើឲ្យពុទ្ធបរិស័ទខ្មែរមានការខកចិត្តនិងខឹងសម្បា ។
លោកស្រី ព្រាប ស៊ីនរ៉ា បានថ្លែងថាលោកស្រីមានការខកចិត្តយ៉ាងខ្លាំងព្រោះជនជាតិខ្មែរមិនអាចចូលទៅជាន់ឬប៉ះប្រាសាទរបស់ខ្មែរបាន ៖ «បងសប្បាយរីករាយដែលបានមកឃើញប្រាសាទរបស់ខ្មែរ តែបងមានការទោមនស្សយ៉ាងខ្លាំងដែលឃើញប្រាសាទខ្មែរហើយខ្មែរមិនអាចចូលបាន ។ សៀមអត់គោរពនូវសិទ្ធិរបស់ខ្មែរ អត់គោរពច្បាប់ អត់គោរពអន្តរជាតិ ព្រោះយើងស្ថិតនៅក្នុងអាស៊ានទាំងអស់គ្នា គួរណាស់តែសៀមហ្នឹងគោរពនូវច្បាប់របស់អាស៊ានផង» ។
ទាហានឈុតខ្មៅថៃជាង១០នាក់បានចេញមកពីបន្ទាយរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរារាំងខណៈពេលដែលពលរដ្ឋខ្មែរជាង៣០នាក់កំពុងដុតធូបដុតទៀននៅខាងក្រៅរបងដែលហ៊ុមព័ទ្ធដែលធ្វើឡើងដោយពួកថៃ ។
លោកអនុសេនីយ៍ឯក ស៊ុម ឃួន មេបញ្ជាការកងទាហានឈុតខ្មៅថៃបានបដិសេធមិនធ្វើអត្ថាធិប្បាយឬឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនោះទេ ។
យោងតាមក្រុមទាហានដែលឈរការពារនៅលើខ្នងភ្នំដងរែកនោះបានឲ្យដឹងថា ទាហានឈុតខ្មៅរបស់ថៃមិនមែនទើបតែចូលកាន់កាប់ហួសប្រាសាទតាមាន់ធំប្រវែង៣០០ម៉ែត្រ ទើបតែថ្ងៃទី៣ សីហា ប៉ុណ្ណោះទេ តាមពិតទាហានឈុតខ្មៅថៃបានបើកយុទ្ធសាស្ត្រដាក់ខ្សែត្រៀមចាប់តាំងពីថ្ងៃទី២៦ មុនថ្ងៃដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតមកម៉្លេះ ៕
