កម្ពុជា​បន្ត​បង្ក្រាប​គ្រឿង​ញៀន​ដើម្បី​អាស៊ាន​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា យុទ្ធនាការ​ក្តៅ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន កំពុង​តែ​បន្ត​យ៉ាង​សកម្ម​នៅ​ឡើយ ដើម្បី​ឲ្យ​កម្ពុជា សម្រេច​ឈាន​ដល់​គោលដៅ​មួយ​ដែល​ថា​អាស៊ាន គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ នៅ​គ្រា​ដែល​គេ​គ្រោង​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ​២០១៥។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ បាន​អះអាង​ថា គ្រឿង​ញៀន​ភាគ​ច្រើន​ដែល​ត្រូវ​សមត្ថកិច្ច​រឹប​អូស​បាន​កន្លង​មក​នេះ គឺ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន (Heroin) មេតំហ្វេតាម៉ីន​ទឹក​កក (Metamphetamin Ice) និង​មេតំហ្វេតាម៉ីន​គ្រាប់ (Metamphetamin Pill) នាំ​ចូល​កម្ពុជា ពី​តំបន់​ត្រីកោណ​មាស។

ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១២ រហូត​ដល់​ពេល​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា បាន​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​ចំនួន ២​ករណី និង​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ៦​នាក់ នៅ​ទីក្រុង​ភ្នំពេញ។ នគរបាល​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​នោះ​ទៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ ដើម្បី​ចោទ​ប្រកាន់​រួច​ហើយ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ថ្មីៗ​នេះ។

អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ ថា ឧក្រិដ្ឋ​ជន​តែង​តែ​យក​ទីក្រុង​ភ្នំពេញ ជា​ទី​ប្រជុំ​ជន ដើម្បី​ធ្វើ​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន និង​ផលិត​គ្រឿង​ញៀន៖ «ជា​រួម យើង​សង្កេត​ឃើញ​បទ​ល្មើស​ទាំង​អស់​មាន​ការ​ថយ​ចុះ ទាំង​គ្រប់​ខេត្ត និង​រាជធានី។ លើក​នេះ​សមត្ថកិច្ច​ធ្វើ​អា​តូច​អស់​ហើយ ធ្វើ​អា​ធំ​ម្តង ធ្វើ​សុទ្ធ​តែ​ចំ​គោលដៅ»

ចំណែក​ឯ​ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​កម្ពុជា លោក មាស សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​បង្ក្រាប​ចំ​គោល​ដៅ​ធំៗ​កន្លង​មក៖ «កន្លង​មក ហើយ​មក​កន្លែង​ដែល​គេ​មិន​បាន​ធ្វើ​ការ​បង្ក្រាប​នោះ គេ​នឹង​ធ្វើ​ការ​បង្ក្រាប​ល្អ​ណាស់»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ដរាប​ណា​រដ្ឋាភិបាល​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នោះ លោក​សង្ឃឹម​ថា​កម្ពុជា អាច​សម្រេច​បាន​នូវ​គោល​ដៅ​ដែល​ថា កម្ពុជា គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥៖ «វិធានការ​ណា​មួយ ទោះ​ជា​តូច​ក្តី​ធំ​ក្តី យើង​ស្វាគមន៍ ក៏ប៉ុន្តែ​ការ​ដឹកនាំ​ប្រទេស​ដែល​នាំ​ឲ្យ​មាន​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​របៀប​នេះ ត្រូវ​តែ​មាន​វិធានការ​តឹងរ៉ឹង»

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៤​នាក់​ក្រោម​បទ​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន ក្នុង​នោះ​មាន​ឈ្មោះ កែវ សាវឿន អាយុ ៥២​ឆ្នាំ ជា​មន្ត្រី​យោធា​ផ្កាយ​បី​ក្លែង​ក្លាយ។

វត្ថុ​តាង​ដែល​នគរបាល​រឹប​អូស​បាន​នោះ មាន​ដូច​ជា ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ហេរ៉ូអ៊ីន ចំនួន ៤​ដុំ ម្សៅ​គ្រឿង​ញៀន​ចំនួន ៥​ថង់​ទៀត រឹប​អូស​បាន​អាវុធ​ខ្លី​មួយ​ដើម និង​វត្ថុ​តាង​ជាច្រើន​ទៀត។

នៅ​មុន​ការ​បង្ក្រាប​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​បទ​ល្មើស​គ្រឿង​ញៀន​ធំ​មួយ​ទៀត គឺ​នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៤​នាក់ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ ចំនួន ២​នាក់ និង​ជន​ជាតិ​ឡាវ ចំនួន ២​នាក់​ទៀត។ សមត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​ញៀន​មេតំហ្វេតាម៉ីន​គ្រាប់ ចំនួន​ជាង ២ម៉ឺន​គ្រាប់ ស្មើ​នឹង​ជិត ២​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។