បញ្ហានេះ អាចបណ្ដាលមកពីបញ្ហាជាច្រើន ក្នុងនោះពាក់ព័ន្ធនឹងការពង្រឹងគោលនយោបាយគ្រប់គ្រងមិនទាន់បានល្អ ការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមិនបានស្មើភាពគ្នា។
ក្រុមអ្នកឃ្លាំមើលលើវិស័យនេសាទបានវាយតម្លៃលើផលត្រីទឹកសាបធម្មជាតិនៅដើមរដូវនេសាទនៅចន្លោះចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ នេះ កំពុងបង្ហាញសញ្ញាណថយចុះជាងឆ្នាំ២០១១។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សុចែត មានប្រសាសន៍នៅថ្ងៃទី២ មករា ថា តាមការសង្កេតជាក់ស្តែងរបស់ប្រជានេសាទនៅបឹងទន្លេសាប ឃើញថាប្រភេទត្រីតូច ឬគេហៅថាត្រីប្រហុក អាចថយចុះប្រមាណជា ៥០% បើប្រៀបធៀបនឹងរដូវនេសាទកាលចុងឆ្នាំ២០១១ កន្លងទៅ។
លោក ឡុង សុចែត៖ «ពីព្រោះកន្លងមកឆ្នាំ២០១១ ត្រីនៅក្នុងទន្លេមានទាំងហ្វូងៗ ផុតម៉ាហ្វូងឡើងម៉ាហ្វូង ហើយឆ្នាំ២០១១ ត្រីប្រហុកមានសម្បើមច្រើន ប៉ុន្តែដល់ឆ្នាំនេះឃើញថាថយច្រើន ដោយសារក្នុងភូមិទាក់ទងដល់ ២ខ្នើតហើយអត់ឃើញមាន ហើយយើងសង្ឃឹមខ្នើតខាងមុខមួយទៀតទេ ក្នុងរង្វង់ខែមួយ ដាច់ខែមួយនេះទៀតអត់ បានន័យថាវាចុះអស់ហើយ វាមានដែរតែមានតិចវាត្រូវចុះបង្ហើយ»។
លោកកត់សម្គាល់ថា ការថយចុះនេះអាចមានកត្តារួមផ្សំមួយចំនួន ក្នុងនោះមានបញ្ហាទឹក គឺកម្រិតទឹកទន្លេតូចជាងកាលពីឆ្នាំ២០១១ ដែលធ្វើឲ្យត្រីពិបាកស្វែងរកជម្រកពងកូនពុំបានទូលំទូលាយ ក្រៅពីនេះ បញ្ហាបទល្មើសនេសាទដែលនៅតែកើតមានយ៉ាងអនាធិបតេយ្យនៅតាមតំបន់សំខាន់ៗមួយចំនួននៅក្នុងបឹងទន្លេសាប ដៃទន្លេ និងបឹងបួរនានា។
លោកបន្តថា ការបង្ក្រាបបទល្មើសនេសាទនេះមិនអាចទប់ស្កាត់បានទេ ដោយសារសមត្ថកិច្ចពាក់ព័ន្ធពុំបានចុះអនុវត្តជាប្រចាំ ម្យ៉ាងអ្នកអនុវត្តច្បាប់ពុំបានដាក់ទោសទណ្ឌចំពោះអ្នកល្មើសច្បាប់ និងអ្នកទទួលខុសត្រូវលើតំបន់នេសាទនោះទេ៖ «កន្លងមក ទាល់តែប្រមុខរដ្ឋាភិបាលស្រែកខ្លាំងអ៊ីចឹងទៅ បានមានមាផឹងខ្លាំងអ៊ីចឹងទៅ ដូចកាលកន្លងមកថ្មីៗ នាយករដ្ឋមន្ត្រីស្រែកម៉ាក្រាំងនៅខេត្តកំពង់ធំ អ៊ីចឹងទៅ ប៉ុន្តែម្តងនេះឃើញមានរៀបកម្លាំងត្រួតពិនិត្យបទល្មើសតាមខេត្តតាមអី អាហ្នឹងបើធ្វើតាំងពីដំបូងមក ក៏វាអត់ធ្លាក់ដល់ប៉ុណ្ណឹងដែរ»។
សកម្មជនឃ្លាំមើលវិស័យជលផល បានបង្ហាញថា ស្ថានភាពផលនេសាទនៅឆ្នាំនេះ គឺផ្ទុយពីការរំពឹងទុករបស់រដ្ឋាភិបាលដែលគិតថា ក្រោយពីចេញសារាចរប្រកាសរំលាយឡូត៍នេសាទសំខាន់ៗពីឈ្មួញឯកជន នោះផលត្រីនឹងកើនឡើង។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតឡូត៍ចំនួន ៣៧កន្លែងនៅជុំវិញបឹងទន្លេសាប មកទុកជាសម្បត្តិរដ្ឋកាលពីឆ្នាំកន្លងទៅ។
ទាក់ទងបញ្ហានេះដែរ សមាជិកគណៈកម្មការនៃសម្ព័ន្ធទន្លេកម្ពុជា ដែលធ្វើការអភិវឌ្ឍបរិស្ថាន និងធនធានជលផល លោក យុគ សេងឡុង មានប្រសាសន៍ថា លោកគាំទ្រចំពោះនយោបាយកែទម្រង់របស់រដ្ឋាភិបាលលើវិស័យនេះ ប៉ុន្តែរដ្ឋាភិបាលពុំបានយកចិត្តទុកបង្កើតយន្តការគ្រប់គ្រងដែលមានប្រសិទ្ធភាពចំពោះតំបន់ឡូត៍ដែលបានដកហូតពីក្រុមឈ្មួញនោះ នាំឲ្យកើតមានភាពអនាធិបតេយ្យលើបទល្មើសនេសាទធ្ងន់ធ្ងរទៅវិញ។
លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋក្រីក្រនៅតែពុំទទួលបានផលពីនយោបាយកាត់ឡូត៍នេសាទនេះ ហើយអ្នកដែលមានអំណាចមានលុយនៅតែមានឱកាសគ្រប់គ្រងតំបន់នេសាទនោះដដែល តាមរយៈអំពើពុករលួយ ការរំលោភច្បាប់ ឬបម្រាមនានា៖ «វាជារឿងអត់ប្រយោជន៍ ពេលខ្លះវាមិនខុសពីយើងឲ្យត្រពាំង ឲ្យបឹងទៅគ្នា តែទីបំផុតយើងបូមយកត្រីអស់ វាអត់ប្រយោជន៍ វាគ្រាន់តែជារូបភាពមួយល្អមើលតែវាមិនល្អស៊ី។ ពលរដ្ឋជាក់ស្តែងគាត់នៅតែរងគ្រោះដដែល គាត់គិតថាជារបស់គាត់ហើយ តែទីបំផុតគាត់មានកម្លាំងមានអំណាចណាទៅការពារឈ្មួញទុច្ចរិត ជាមួយអាជ្ញាធរមួយចំនួន ដែលគាត់ទទួលបានលាភសក្ការៈ គាត់បើកដៃឲ្យឈ្មួញប្រមូលផលត្រីក្នុងទឹកអ៊ីចឹង។ ប្រជាពលរដ្ឋគាត់ឃើញគាត់ឈឺចាប់ ដែលមានឱកាសពួកគាត់អត់មានឱកាស»។
ទោះយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ បានព្រមានថា ការទុកឲ្យកើតមានភាពអនាធិបតេយ្យនេសាទ គឺជាចរិតរុញឲ្យខ្លោចរោចឲ្យឆៅចំពោះគោលនយោបាយលុបឡូត៍របស់រាជរដ្ឋាភិបាល៖ «ខ្ញុំអាចគិតបានថា បើសិនជាអស់លោកមិនអាចធ្វើរឿងនេះបាន គឺអស់លោកកំពុងតែរុញឲ្យខ្លោចរោចឲ្យឆៅ។ មានន័យថាម៉េច? អស់លោកចង់ផ្ចាញ់ផ្ចាលខ្ញុំ ថាខ្ញុំកាត់ឡូត៍នេសាទជូនប្រជាពលរដ្ឋនេះ នាំឲ្យមានបញ្ហាអនាធិបតេយ្យលើបញ្ហានេសាទទៅវិញ ដើម្បីឲ្យរដ្ឋាភិបាលទ្រាំមិនបានបង្កើតឡូត៍នេសាទឡើងវិញ។ មើលអស់លោកដាក់មើល វាអត់មានអីខ្លាំងទេ! បញ្ហាវាស្ថិតនៅត្រង់យើងទេ តើយើងមើល ឬមិនមើល។ ដល់តែតឹងៗជ្រុល ដល់តែធូរៗហួស!»។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កំណែទម្រង់ឡូត៍នេសាទជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែទីបំផុតបញ្ហានេះមិនបានដូចបំណង ហើយផលនេសាទកាន់តែថយចុះ ភាពអានាធិបតេយ្យក្នុងវិស័យនេសាទបានកើនឡើង៖ «ជាបញ្ហាមួយដែលយើងឃើញថាជាគោលនយោបាយមួយល្អ ក៏ប៉ុន្តែការរក្សាការពារគោលនយោបាយអត់មានយន្តការណាមួយល្អ។ យើងត្រូវគិតថា បើយើងដាក់អ៊ីចឹង យើងត្រូវសិក្សាថាតើម្ចាស់ឡូត៍ត្រូវប្រើកម្លាំងប៉ុន្មាន ហើយតើយើងត្រូវបង្កើនបុគ្គលិកជលផលប៉ុន្មាន ហើយត្រូវបង្កើនថវិកាប៉ុន្មាន ដើម្បីទប់ទល់នូវការដកចេញអ្នករក្សាឡូត៍នេសាទនេះ យើងត្រូវសិក្សា»។
សកម្មជនឃ្លាំមើលវិស័យជលផល បានបង្ហាញថា បើចង់ឲ្យការកែទម្រង់ឡូត៍នេសាទឲ្យមានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងផលនេសាទកើនឡើងបាននោះ ទាល់តែរដ្ឋាភិបាលមានយន្តការច្បាស់លាស់ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់តាំងពីថ្នាក់លើដល់ក្រោម និងត្រូវអនុវត្តច្បាប់នោះស្មើគ្នារវាងអ្នកមានអំណាច ឬមានលុយ ជាមួយនឹងប្រជាពលរដ្ឋក្រីក្រ។ ចំពោះការអនុវត្តនោះទៀតសោត ត្រូវធ្វើឡើងជាប្រចាំ ដោយមិនត្រូវធ្វើតាមរបៀបទឹកជោរ ទឹកនាច ឬចាំតែនាយករដ្ឋមន្ត្រីព្រមានទើបមានសកម្មភាពនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។