ចំណាប់អារម្មណ៍ដំបូងរបស់លោក កឹម សុខា ថ្លែងទៅកាន់សមាជិកនិងតំណាងកសិករដែលមកពី២៤ខេត្តក្រុង ចំនួនជិត ១០០០នាក់ ដើម្បីចូលរួមសមាជនៅទីស្នាក់ការកណ្តាលរបស់បក្ស ប្រធានគណបក្សសិទ្ធិមនុស្សរូបនេះ បែរជាបង្ហាញនូវជំនឿបារមី ដែលលោកអះអាងថាបានជួយឲ្យគណបក្សរបស់លោកចាប់បានលេខរៀងចុងក្រោយគេទៅវិញ លទ្ធផលនេះលោកចាត់ទុកថា គឺជាប្រផ្នូលដ៏ល្អរបស់គណបក្សសិទ្ធិមនុស្ស សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «ម្សិលមិញនេះក៏ខ្ញុំបាននិយាយដែរហើយ ខ្ញុំបានបន់ស្រន់ដល់បារមីវត្ថុស័ក្តិសិទ្ធដែលការពារទឹកដីខ្មែរ ហើយជាពិសេសបារមីដែលបានជួយខ្ញុំរាល់ដងនេះ សុំធ្វើម៉េចឲ្យយើងចាប់បានល្អ គឺលេខចុងក្រោយគេ ឥឡូវបានដូចសេចក្ដីប្រាថ្នាមែន វាបង្ហាញនូវដំណើរឆ្ពោះទៅរកជ័យជម្នះហើយ» ។
លោក ឈា សុផល គណៈប្រតិបត្តិប្រចាំស្រុកកោះធំមកពីខេត្តកណ្តាល បានអះអាងថា ធ្លាប់ចូលរួមគ្រប់សមាជនិងពេញចិត្តចំពោះគោលនយោបាយជួយកសិកររបស់គណបក្សសិទ្ធិមនុស្ស ក៏បានបន់ស្រន់សូមឲ្យគណបក្សសិទ្ធិមនុស្សជាប់ឆ្នោតនាពេលខាងមុខដែរ ហើយលោកមានជំនឿថា ការបន់ស្រន់នឹងជួយឲ្យគណបក្សសិទ្ធិមនុស្សអាចឈ្នះឆ្នោត ។
លោក ឈា សុផល បានឲ្យដឹងថា ៖ «ខ្ញុំដើរច្រើនកន្លែងណាស់ តាមផ្លូវងងឹតដែលលោកតាលោកអីដែលនៅតាមវត្ត បើសិនយើងអាចបានជោគជ័យ គឺយើងស្វាគមន៍ ហើយយើងធ្វើទៅតាមយើងសន្យា» ។
លោក ប្រាក់ ស៊ីវុត្ថា ជាបេក្ខជនតំណាងរាស្រ្តលំដាប់លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលមានវ័យក្មេងជាងគេ ទើបតែ២៥ឆ្នាំ យល់ថាគណបក្សសិទ្ធិមនុស្សជាបក្សតែមួយគត់ដែលអាចផ្តល់ឱកាស និងបើកទូលាយជូនដល់កសិករនិងយុវវ័យ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ។
លោកបានមានចំណាប់អារម្មណ៍ថា ៖ «បានជាខ្ញុំសម្រេចចិត្តចូលក្នុងគណបក្សសិទ្ធិមនុស្ស ដោយសារខ្ញុំមើលឃើញថា គណបក្សសិទ្ធិមនុស្ស មានរចនាសម្ព័ន្ធមួយច្បាស់លាស់ ហើយប្រធានគណបក្សបានកំណត់អាណត្តិខ្លួនឯង ដូចចងជើងខ្លួនឯងអ៊ីចឹង គឺ២អាណត្តិ ដូច្នេះយុវជនពីក្រោយៗមកទៀត អាចឈរជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីដឹកនាំប្រទេសកម្ពុជា» ។
ក្នុងសមាជកសិកររបស់គណបក្សសិទ្ធិមនុស្ស ដោយលើកយកប្រធានបទ "កសិកម្មជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិ" លោក កឹម សុខា បេក្ខជននាយករដ្ឋមន្រ្តីនៃគណបក្សសិទ្ធិមនុស្ស ក៏បានបង្ហាញនូវយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងប្រទេសរបស់គណបក្សសិទ្ធិមនុស្ស នៅពេលឈ្នះឆ្នោតដោយសន្យាផ្តល់ដីធ្លីនិងអំណាចជូនប្រជាកសិករ ។
នៅថ្ងៃជាមួយគ្នានេះផងដែរ គណៈកម្មការចំពោះកិច្ចដើម្បីរៀបចំចលនាកសិកររបស់គណបក្សសិទ្ធិមនុស្ស ក៏បានអនុម័តបង្កើតឡើងក្រោមការបោះឆ្នោតជាឯកច្ឆ័នរបស់សមាជិកដែលបានចូលរួម ដោយលោក កឹម សុខា សន្មត់ថាវាជាជំហានថ្មីមួយទៀត ដើម្បីសម្រេចជាសភាកសិករ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ៨៥% ក្នុងចំណោមប្រជាពលរដ្ឋជាង ១៤លាននាក់ ប្រកបរបរកសិកម្ម ហើយប្រហែល ២០% មិនមានដីសម្រាប់បង្កបង្កើនផលទេ ៕
