បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ករណីគ្រូ​ពេទ្យ​បដិសេធ​មិន​ជួយ​សម្រាល​កូន

ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​លៀស​ហាល ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ជួយ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​សម្រាល​កូន​ដោយ​ខ្លួន​ឯង​នៅ​លើ​ផ្លូវ​រថភ្លើង កាល​ពី​ថ្ងៃ​ទី១២ កុម្ភៈ។
ដោយ ខែ សុណង
2013.02.13
Share on WhatsApp
Share on WhatsApp
ស្ត្រី​កើត​កូន​លើ​ផ្លូវ​រថភ្លើង ៣០៥ គ្រូពេទ្យ​សាក​សួរ​ស្ថានភាព​ជំងឺ​របស់​នាង ជា ចែត ដែល​សម្រាល​កូន​លើ​ថ្នល់​រថភ្លើង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Khe Sonorng

អ្នក​ម្ដាយ​រូប​នោះ បាន​សម្រាល​កូន​យ៉ាង​អាសន្ន​នៅ​តាម​ផ្លូវ​ដោយ​ខ្លួន​ឯង​នេះ ក្រោយ​ពេល​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ បាន​បដិសេធ​មិន​ជួយ​បង្កើត​កូន​ឲ្យ ពេល​គាត់​ខំ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​តាម​ម៉ូតូ​ឌុប​នោះ។

ក្រសួង​សុខាភិបាល​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ស្ថិត​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុង​ករណី​ចោទ​ប្រកាន់​ថា គ្រូពេទ្យ​បដិសេធ​មិន​ទទួល​សម្រាល​កូន​ឲ្យ​ស្ត្រី​អ្នក​លក់​លៀស​ហាល​ម្នាក់។

ការ​បង្កើត​គណៈកម្មការ​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ជា ចែត អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ មាន​មុខរបរ​ជា​អ្នក​ស៊ី​ឈ្នួល​បោក​ខោអាវ និង​លក់​លៀស​ហាល បាន​ឈឺ​ពោះ​គ្រប់​ខែ​សម្រាល​កូន​ទី៣ ទៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ហើយ​គ្រូពេទ្យ​ប្រចាំ​ការ​បាន​ដេញ​ឲ្យ​នាង​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ផ្សេង ទើប​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​សម្រាល​កូន​ស្រី​ម្នាក់​នៅ​លើ​ថ្នល់​រថភ្លើង កាល​ពី​ថ្ងៃ​ទី១២ កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ផ្អើល ក៏​ជួយ​សង្គ្រោះ ហើយ​នាំ​នាង​មក​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ករណី​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ចំពោះ​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដល់​អ្នក​ជំងឺ​នេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ ថា ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​គ្រប់​សមាសភាព​ជំនាញ ដើម្បី​រក​កំហុស​ជាក់ស្ដែង​ចាត់​វិធានការ​ជា​បន្ទាន់ ជៀសវាង​កុំ​ឲ្យ​មាន​គ្រូពេទ្យ​មិន​គោរព​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។

លោក សុខ សុគន្ធ៖ «ឆ្មប​ហ្នឹង កន្លែង​ហ្នឹង វា​មាន​បញ្ហា​ពីរ​ដង​រួច​មក​ហើយ។ ខ្ញុំ​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​ហ្នឹង​មិន​ឲ្យ​ចេះ​តែ​កើត​ទេ។ ឃើញ​ស្ត្រី​ហ្នឹង​គាត់​ធម្មតា ស្ត្រី​ដែល​ឆ្លង​ទន្លេ គាត់​ឈឺ​ពោះ គាត់​តែងតែ​ប្រឹង​បបូរ​មាត់​ស្លេក មាន​ការ​ធ្លាក់​ឈាម​អីចឹង វា​មាន​ស្លាក​ស្នាម​ពីរ​ដង​រួច​មក​ហើយ។ មន្ត្រី​ហ្នឹង​ចេះ​តែ​ភ័យ​បារម្ភ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ហ្នឹង​គួរ​តែ​ហៅ​គ្រូពេទ្យ​ហៅ​អី ដើម្បី​ត្រួត​ពិនិត្យ​គាត់។ គាត់​ភ័យ គាត់​ខ្លាច គាត់​ទៅ​ជា​ឲ្យ​អ្នក​ជំងឺ​ទៅ​ភ្នំពេញ នែ​ជា​បញ្ហា​មួយ​ដែល​ខុស​ឆ្គង​កន្លែង​ហ្នឹង»

ប្រធាន​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឪ លោក​វេជ្ជ​បណ្ឌិត ឡុង នី មាន​ប្រសាសន៍​ថា លោក​កំពុង​សាកសួរ​រក​មូលហេតុ​នៃ​បញ្ហា​នេះ។ ចំណែក​ការ​ចោទ​ប្រកាន់​ថា​គ្មាន​គ្រូពេទ្យ​ប្រចាំ​ការ​នោះ​មិន​ពិត​ទេ៖ «គ្រូពេទ្យ​នៅ​តែ​ទាំង​អស់ អ្នក​ឆ្លើយ​ក៏​ពេទ្យ​ដែរ ចាំ​មើល​ជួប​ពិភាក្សា​ជាមួយ​គាត់​សិន​ទៀត អត់​បាន​ជួប​មាត់​ជាមួយ​ឆ្មប​ហ្នឹង»

ស្ត្រី​ម្នាក់​ឈ្មោះ ជា ចែត ដែល​សម្រាល​កូន​ដោយ​ខ្លួន​ឯង​នោះ បាន​រៀបរាប់​ថា នាង​ខក​ចិត្ត​នៅ​ពេល​ដែល​គ្រូពេទ្យ​មិន​ទទួល​នាង ហើយ​នាង​មិន​នឹក​ស្មាន​ថា នៅ​ពេល​ចុះ​ពី​លើ​ម៉ូតូ​ឌុប​ដើរ​ទៅ​ផ្ទះ ស្រាប់​តែ​នាង​សម្រាល​កូន​ដោយ​ខ្លួន​ឯង​នោះ​ឡើយ៖ «ខ្ញុំ​ទៅ​ពេទ្យ​សម្ដេច​ឪ ជិត​ផ្ទះ​ហ្នឹង​ហ្មង គ្រាន់​ឡើង​ជិះ​ម៉ូតូ ដល់​ហើយ​ទៅ អ្នក​គ្រូ​គាត់​ឆ្លើយ​ថា​ទៅ​បុណ្យ អត់​ហើយ​អ្នក​គ្រូពេទ្យ គ្រូ​ថា​គាត់​អត់​ហ៊ាន​ទទួល​ទេ ព្រោះ​ឃើញ​យើង​រក​ប្រកាច់ ពេទ្យ​គាត់​ប្រាប់​ថា ទៅ​ពេទ្យ​ភ្នំពេញ​ទៅ គាត់​អត់​ហ៊ាន​ទទួល​ទេ ឃើញ​យើង​អ៊ីចឹង»

១៣-កុម្ភៈ-២០១៣៖ ទារិកា​របស់​នាង ជា ចែត ដែល​កើត​លើ​ថ្នល់​រថភ្លើង កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
១៣-កុម្ភៈ-២០១៣៖ ទារិកា​របស់​នាង ជា ចែត ដែល​កើត​លើ​ថ្នល់​រថភ្លើង កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Khe Sonorng

លោកស្រី​វេជ្ជ​បណ្ឌិត ជូ ពិន វេជ្ជ​បណ្ឌិត​ផ្នែក​រោគ​ស្ត្រី​សម្ភព និង​សុដន់ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែង​ថា សុខភាព​របស់​នាង និង​កូន មាន​ភាព​ល្អ​ប្រសើរ​បន្ទាប់​ពី​សម្រាល​កូន​រួច។ រី​ឯ​ថ្លៃ​សេវា​ព្យាបាល មន្ទីរពេទ្យ​ជួយ​នាង​ដោយ​សប្បុរសធម៌៖ «ខ្ញុំ​បាន​ជួប​គាត់​ព្រឹក​មិញ​នេះ គឺ​ថា​សុខភាព​គាត់​ល្អ ទឹក​ដោះ​ចេញ​ល្អ ស្បូន​ក៏​កន្ត្រាក់​ចុះ​មក​ល្អ​ដែរ សភាព​គាត់​ល្អ​ទាំង​អស់។ ឥឡូវ​នេះ យើង​ត្រូវ​ការ​ពិនិត្យ​គាត់ ថា​តើ​គាត់​ខ្វះ​គាត់​អី​ខ្លះ ឥឡូវ​យើង​យក​ឈាម​ទៅ​ពិសោធន៍​សិន»

យ៉ាង​ណា​ក៏​ដោយ ករណី​ស្ត្រី​សម្រាល​កូន​នៅ​លើ​ថ្នល់​រថភ្លើង​នេះ បាន​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ គ្រា​ដែល​នាង​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​នានា និង​កាកបាទក្រហម​កម្ពុជា បាន​ទៅ​សួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​អំណោយ​សប្បុរសធម៌​ទៅ​ឲ្យ​នាង និង​ក្រុម​គ្រួសារ​ជា​បន្ត​បន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។