ប្រធានគ.ជ.ប. លោក អ៊ឹម សួស្តី មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៦ ធ្នូ ថា កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខាងលើនេះដែលមានការិយាល័យបោះឆ្នោតនៅថ្នាក់ស្រុកតែប៉ុណ្ណោះ ហើយអ្នកដែលមានសិទ្ធិបោះឆ្នោតនោះគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
លោក អ៊ឹម សួស្តី បានមានប្រសាសន៍ថា ៖ «ការបោះឆ្នោតនោះគឺក្រុមប្រឹក្សាម្នាក់ៗដែលទៅបោះឆ្នោតហ្នឹងគឺថាមានពីរសន្លឹកដើម្បីទៅបោះឆ្នោត។ សន្លឹកទី១ហ្នឹងគឺសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ហើយសន្លឹកមួយទៀតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី តាមកន្លែងនីមួយៗនោះ ខុសគ្នាត្រង់ថាកន្លែងហ្នឹង»។
អគ្គលេខាធិការគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបញ្ជាក់ថា គម្រោងនៃការរៀបចំបោះឆ្នោតនៅថ្ងៃ១៧ ឧសភា ខាងមុខនេះ ត្រូវចំណាយថវិកាប្រមាណ១លានដុល្លារកន្លះ ហើយថវិកានេះជាចំណាយរបស់រដ្ឋាភិបាល។
លោក ទេព នីថា បានបញ្ជាក់ថា ៖ «តាមខ្ញុំដឹងគឺសម្ដេចនាយកបានចារយល់ព្រមលើគម្រោងនេះហើយ»។
នាយកគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការរៀបចំបោះឆ្នោតរបស់គ.ជ.ប.នេះជាការត្រឹមត្រូវប្រសើរជាងការតែងតាំង ហើយលោកក៏នឹងដាក់មន្ត្រីដើម្បីឃ្លាំមើលដំណើរការនេះចំនួន១៨៥នាក់។
តំណាងរាស្ត្រនិងជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀម មានប្រសាសន៍ថា ការរៀបចំរបស់គ.ជ.ប.គឺជាការគោរពតាមច្បាប់បោះឆ្នោតត្រឹមត្រូវ។
លោកបន្តថា ៖ «ខ្ញុំយល់ឃើញថាអ្វីដែលច្បាប់បានចែងគឺទោះបីចង់ឬមិនចង់ ថាល្អក៏ល្អអ៊ីចឹងហើយ ប៉ុន្តែគ្រាន់ថាការរៀបចំដំបូងវានៅមានការខ្វះខាតមិនអាចចៀសផុតបានទេ»។
ទោះជាយ៉ាងណាប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សរបស់លោកមិនបានចាប់អារម្មណ៍ចំពោះការបោះឆ្នោតនេះឡើយ ព្រោះលោកដឹងថាគេបានរៀបចំអ្នកឈ្នះរួចហើយ។
លោក កឹម សុខា បានថ្លែងថា ៖ «រឿងឲ្យមានលក្ខណៈប្រជាធិបតេយ្យ ឲ្យមានឆ្លុះបញ្ចាំងពីឆន្ទៈផ្ទាល់របស់ប្រជាពលរដ្ឋមែនទែននោះ វាមិនមានអីទេ»។
បើតាមប្រតិទិនរបស់គ.ជ.ប.សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០០៩ គឺការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោតមុនពេលចុះឈ្មោះបោះឆ្នោត និងមានដំណើរការជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៩ ខែឧសភា ជាថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតក្នុងករណីគ្មានការបោះឆ្នោតសាជាថ្មី។
មន្ត្រីគ.ជ.ប.ក៏បានឲ្យដឹងដែរថា នៅមិនទាន់បានកំណត់ចំនួនការិយាល័យបោះឆ្នោតបាននៅឡើយទេព្រោះក្រសួងមហាផ្ទៃកំពុងតែកំណត់ឋានៈនិងផ្លាស់ប្ដូរខេត្តក្រុងមួយចំនួនឡើងវិញ៕