ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

អង្គការ​ខុមហ្វ្រែល​ប្រចាំ​ខេត្ត​កំពង់ចាម​បាន​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣ ក្រោម​ប្រធានបទ​គាំទ្រ​ស្ត្រី​ដើម្បី​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​យើង ដែល​មាន​ស្រ្តី​តំណាង​គណបក្ស​នយោបាយ​ចំនួន​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សមរង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ និង​ស្រ្តី​មក​ពី​៥​ឃុំ​ក្នុង​ស្រុក​កំពង់សៀម​បាន​មក​ចូលរួម ។

វេទិកា​សាធារណៈ​នេះ​ធ្វើឡើង​នៅ​ឃុំ​អំពិល​ក្នុង​បរិវេណ​សាលា​មតេ្តយ្យ​ភ្នំ​ប្រុស នា​ពេល​យប់​ថ្ងៃ​ទី២៩ មិថុនា ចំ​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​គ្រប់​គណបក្ស​នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ ក្នុង​គោលបំណង​ដើម្បី​លើក​ទឹកចិត្ត​ស្រ្តី​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នយោ​បាយ​និង​ស្វែងយល់​អំពី​ការបោះ​ឆ្នោត​និង​លទ្ធិ​ប្រជាធិបតេយ្យ ។

ប្រធាន​សមាគម​អាដហុក​និង​ជា​មន្រ្តី​សម្រប​សម្រួល​ឃ្លាំមើល​ការបោះ​ឆ្នោត​អង្គការ​ខុមហ្វ្រែល លោក នាង សូវាត បាន​មាន​ប្រសាសន៍​ថា ការធ្វើ​វេទិកា​នៅ​ពេល​យប់​គឺ​លោក​យល់ឃើញ​ថា ស្រ្តី​ទាំងអស់​ទំនេរ​ពី​ការងារ​ផ្ទះ​មាន​ឱកាស​មក​ចូលរួម​បាន​ច្រើន​គ្នា ហើយ​ក្នុង​វេទិកា​នេះ​ដែរ​គឺ​មាន​ស្រ្តី​ជាង​៣០០​នាក់ ។

លោក នាង សូវាត បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​ជំរុញ​ស្ត្រី​ឲ្យ​មាន​ការបោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​នោះ​យើង​ឃើញ​ថា ស្ថានភាព​ស្ត្រី​ឬក៏​បញ្ហា​ស្រ្តី​នឹង​ត្រូវ​បាន​ដោះសា្រយ»

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​ជួយ​រៀបចំ​វេទិកា​សាធារណៈ​នេះ​ដែរ​នោះ អ្នកស្រី អិន វណ្ណា មក​ពី​ឃុំ​អំពិល បាន​មាន​ប្រសាសន៍​ថា​វេទិកា​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​លើក​តម្កើង​ស្រ្តី​ឲ្យ​មាន​សេចក្តី​ក្លាហាន និង​ធ្វើ​ឲ្យ​ស្ត្រី​យល់ពី​តម្លៃ​របស់​ខ្លួន​ថា​អាច​ធ្វើ​អ្វីៗ​បាន​ដូច​បុរស​នោះ​ដែរ ។

អ្នកស្រី អិន វណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​តាម​ភូមិ​ឃុំ​នានា​ក៏ដោយ ទាល់តែ​មាន​ស្ត្រី​គឺ​ជា​បង្គោល បើ​គ្មាន​ស្ត្រី​គិត​អី​អត់​ចេញ​ដែរ»

តំណាង​គណបក្ស​សមរង្ស៊ី អ្នកស្រី លី គីមហ៊ាង បាន​មាន​ប្រសាសន៍​ថា​គណបក្ស​នយោបាយ​គួរតែ​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឲ្យ​បាន​ច្រើន​ដូច​បុរស​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​មិន​រើសអើង​ចំពោះ​ស្រ្តី ។

អ្នកស្រី លី គីមហ៊ាង បាន​បញ្ជាក់​ថា ៖ «ហើយ​ស្ត្រី​ហ្នឹងឯង​ខ្ញុំ​គិត​ថា​គាត់​មាន​សមត្ថភាព​ដែរ ប៉ុន្តែ​បុរស​គាត់​អាច​ប្រជែង»

តំណាង​គណបក្ស​ពីរ​ទៀត​គឺ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិចប៉ិច មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ស្រ្តី​មាន​ការយល់​ដឹង​គួរសម​នៅ​ក្នុង​សង្គម ។ ទន្ទឹម​នឹង​នោះ​ដែរ​ដើម្បី​កែប្រែ​ស្រ្តី​ឲ្យ​មាន​សេចក្តី​ក្លាហាន​និង​ភាព​វៃ​ឆ្លាត មាតា​បិតា​ត្រូវ​បញ្ជូន​កូនៗ​ជា​ស្រ្តី​ទៅ​សាលា​សាធារណៈ​ឲ្យ​បាន​ច្រើន ។

ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ដែរ​នោះ កញ្ញា ស្រី ល័ក្ខណ៍ បាន​មាន​ប្រសាសន៍ថា ទោះជា​យ៉ាងណា​ស្រ្តី​មួយចំនួន​នៅតែ​ទទួល​រង​នូវ​ការមាក់ងាយ​ពី​បុរស ដូច​ជា​គ្រួសារ​ខ្លះ​បុរស​ជា​មេ​គ្រួសារ​អាង​ថា​ជា​អ្នក​រក​លុយ ចង់​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ពេល​ណា​ក៏​បាន ដូចេ្នះ​បើ​ស្ត្រី​ភាគ​ច្រើន​បាន​ចូលរួម​ក្នុង​សង្គម និង​បាន​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្រ្តី​មាន​សមត្ថភាព​ដូច​បុរស​ដែរ ។

សូម​បញ្ជាក់​ថា​វេទិកា​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល​នេះ មាន​កម្មវិធី​សំណួរ​ចម្លើយ​និង​មាន​ការផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែល​បាន​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​នោះ​មាន​ដូចជា​ក្រមា​និង​អាវ​យឺត​ជាដើម ៕