កិច្ច​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ពូជ​ស្រូវ​នៅ​កម្ពុជា

កាល​ពី​ពេល​ថ្មីៗ​នេះ លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​មាន​ផែន​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​ចាប់​ពី​ឆ្នាំ​២០១៥ ទៅ។ ក៏​ប៉ុន្តែ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​អះអាង​ថា ផែនការ​នេះ​អាច​​សម្រេច​ជោគជ័យ​ទៅ​បាន ​អាស្រ័យ​ដោយ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​ការ​ច្រើន​ថែម​ទៀត។

0:00 / 0:00

មន្ត្រី​មក​ពី​អង្គការ​នានា​ដូច​ជា អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ ហៅ​កាត់​ថា FAO និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម​មួយ​ចំនួន​ទៀត កាល​ពី​ថ្មីៗនេះ បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​ ស្ដី​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ ជា​ពិសេស​ពូជ​ស្រូវ​នៅ​កម្ពុជា ដើម្បី​ផលិត​អង្ករ​នាំ​ចេញ។

ក្រុម​មន្ត្រី​បាន​អះអាង​ថា ការ​ពិភាក្សា​នេះ បាន​ផ្ដោត​លើ​ការ​សម្រិត​សម្រាំង​ពូជ​ដំណាំ​នៅ​កម្ពុជា ជា​ទូទៅ​ដូច​ជា​គ្រាប់​ពូជ​បន្លែ​ផ្លែ​ឈើ​កម្ពុជា ក៏​ប៉ុន្តែ ក៏បាន​ពិភាក្សា​អំពី​ការ​បង្កាត់ និង​ផលិត​ពូជ​ស្រូវ​ឲ្យ​មាន​គុណ​ភាព​ល្អ​ តាម​និយាម​អន្តរជាតិ ដែល​អាច​នាំ​ចេញ​ទៅ​លក់​លើ​ផ្សារ​អន្តរ​ជាតិ ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​បាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​កម្មវិធី​របស់ អង្គការ​ស្បៀង និង​កសិកម្ម​សហ​ប្រជា​ជាតិ ហៅ​កាត់​ជា​ភាសា បរទេស​ថា FAO លោក ពេជ្រ រម្យនា មាន​ប្រសាសន៍​ថា ដើម្បី​នាំ​អង្ករ​ចេញ​លក់​នៅ​ទី​ផ្សារ​បរទេស​បាន កម្ពុជា​ត្រូវ​ការ​ឯកសារ​ច្បាប់​ច្រើន​ទៀត​ដូច​ជា ច្បាប់​កម្មសិទ្ធិ​ពូជ​ដំណាំ ជា​ពិសេស​ពូជ​ស្រូវ​កម្ពុជា​ជា​ដើម ៖ «ការពារ​សិទ្ធិ​អ្នក​បង្កាត់ពូជ​នឹង ​​ឧទាហរណ៍​ដូច​គាត់​បង្កាត់​ពូជ​ណា​ម្នាក់​នៅ​ស្រុក​ខ្មែរ ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា​បង្កាត់​ពូជ​អ៊ីចឹង គឺ​កុំ​ឲ្យ​គេ​លួច​របស់​គាត់ ដូច​ជា​សិទ្ធិ​អ្នក​និពន្ធ​បទ​ចម្រៀង​អ៊ីចឹង គេ​មាន​សិទ្ធ​រក្សា បើ​សិន​គាត់​បង្កាត់​ពូជ​អី​មួយ​បាន​អ៊ីចឹង គាត់​យក​ទៅ​ចុះ​បញ្ជី​ដើម្បី​រក្សា​សិទ្ធិ​កុំ​ឲ្យ​គេ​លួច ឧបមា​ថា ​ប្រទេស​ណា​មួយ​យក​ពូជ​ស្រូវ​ខ្មែរ​យើង​ថា ​ផ្កា​រំដួល​អ៊ីចឹង​ទៅ​ចុះ ស្រាប់​តែ​មាន​ប្រទេស​ណា​មួយ​យក​ពូជ​យើង​ទៅ​ដាំ​រួច​ដាក់​ឈ្មោះ​គេ រួច​យើង​ពិនិត្យ​ឃើញ​ថា​ពូជ​ស្រូប​មក​ខ្មែរ​យើង យើង​អាច​​មាន​សិទ្ធិ​ប្ដឹង ​អា​នឹង​វា​អាច​មាន​សិទ្ធិ​គ្រប់គ្រង​ការ​បង្កាត់​ពូជ​វា​អាច​ការពារ​អ្នក​បង្កាត់​ពូជ អ៊ីចឹង​ណា»

ក្រៅ​ពី​ការ​រក្សា​សិទ្ធិ​បញ្ញា​ផលិត​ ឬ​បង្កាត់​ពូជ​ដំណាំ និង​ស្រូវ​ លោក​បន្ត​ថា កិច្ច​ពិភាក្សា​នេះ​ក៏​បាន​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​កសិករ​ផង​ដែរ ដែល​លោក​ថា កសិករ​ក៏​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ផល​ប្រយោជន៍ នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ​នេះ​ផង​ដែរ គឺ​កសិករ ​មាន​ទំនុក​ចិត្ត ហើយ​ ទទួល​ទិន្នផល និង​គុណភាព​ ផលិតផល​ខ្ពស់ អាច​លក់​បាន​ថ្លៃ​លើ​ទី​ផ្សា ៖ «យើង​ធានា​ថា​ អ្នក​ដែល​ផលិត​គ្រាប់​ពូជ​ សិទ្ធិ​ផលិត​គ្រាប់​ពូជ​ដំណាំ​ សិទ្ធិ​គ្រប់​គ្រង​គ្រាប់​ពូជ​ដំណាំ​​យើង​ធានា​គ្រាប់​ពូជ​ដំណាំ​នឹង ដែល​មុន​ដល់​ដៃ​កសិករ​គ្រាប់​ពូជ​ទាំង​អស់​នឹង​គឺ​វា​មាន​គុណភាព វា​ជួយ​ដល់​កសិករ កុំ​ឲ្យ​កសិករ​គាត់​ខាត​បង់ បើ​គាត់​ចំណាយ​លុយ ​ទិញ​គ្រាប់​ពូជ​ដាំដុះ​ទៅ វា​អាច​ជួយ​ធានា​ថា អាច​ដុះ​វា​ជួយ​បង្កើន​ទិន្នផល​អញ្ចឹង»

ក្រុម​មន្ត្រី​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​ផ្នែក​មួយ ជួយ​ជំរុញ​ក្នុង​ការ​ផលិត និង​នាំ​អង្ករ​ចេញ ​ដែល​មាន​គុណភាព​តាម​និយាម​អន្តរ​ជាតិ​ផង​ដែរ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក​ថា ប្រទេស​កម្ពុជា គ្រោង​នាំ​អង្ករ​ចេញ​លក់​ទៅ​បរទេស ឲ្យ​បាន​ មួយ​លាន​តោន ចាប់​តាំងពី​ឆ្នាំ​២០១៥ ទៅ។

ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​នេះ​នឹង​លើក​ទឹក​ចិត្ត និង​ទាក់ទាញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​គ្រាប់​ពូជ​កម្ពុជា​ផង​ដែរ​ ខណៈ​ដែល នា​បច្ចុប្បន្ន​នេះ គុណភាព​កសិផល​កម្ពុជា​នៅ​មិន​ទាន់​មាន​គុណភាព​នៅ​ឡើយ។ មន្ត្រី​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ​ពូជ​ស្រូវ​ចំនួន​ប្រហែល​១០​មុខ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ផលិត​នាំ​ចេញ។

ប្រធាន​ក្រុម​ហ៊ុន​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​ឈ្មោះ អាគីព (AQIP) លោក គង់ វីតាណៈ បាន​អបអរ​ការ​រៀបចំ​ឲ្យ​មាន​ច្បាប់​កម្មសិទ្ធិ​ពូជ​ដំណាំ​កសិកម្ម​កម្ពុជា​នេះ ហើយ​លោក​រំពឹង​ថា នឹង​ជួយ​កាត់បន្ថយ​ការ​នាំ​ចូល​ពូជ​ដំណាំ​កសិកម្ម​ពី​ប្រទេស​ជិត​ខាង ដែល​កំពុង​តែ​បង្ក​បញ្ហា​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ៖ «យើង​មាន​បញ្ហា​ថា​ ដោយ​សារ​តែ​គ្រាប់​ពូជ​ដែល​មិន​បាន​ពិនិត្យ​ត្រឹម​ត្រូវ វា​ហូរ​ចូល​មក​ស្រុក​យើង ហើយ​ទី​២​ទៀត បើ​សិន​ស្រុក​យើង​ចង់​នាំ​អង្ករ​ចេញ​ទៅ​បរទេស ​វា​ចាំ​បាច់​ណាស់​ត្រូវ​តែ​មាន​ពូជ​មួយ​ដែល​ដើម្បី​គ្រប់​គ្រង ​អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​អត់​មាន​ច្បាប់​ពូជ​ផ្សេងៗ វា​ចេញ​ចូល​មក​ស្រុក​យើង​ស្រេច​ចិត្ត បើ​មិន​មាន​ការ​គ្រប់​ត្រឹម​ត្រូវ​តែ វា​អាច​នាំ​ជំងឺ និង​កត្តា​ចង្រៃ​ផ្សេងៗ ​ក៏​អាច​មក​តាម​គ្រាប់​ពូជ​នឹង​បាន​ដែរ»

មន្ត្រី​កសិកម្ម​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រិះគន់​ថា គ្រាប់​ពូជ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​ នៅ​មិន​មាន​គុណភាព តាម​និយាម​អន្តរជាតិ​នៅ​ឡើយ​ទេ ដូច្នេះ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នៅ​ទន់​ខ្សោយ​នៅ​ឡើយ។

ក៏​ប៉ុន្តែ គង់​ វី​តាណៈ ប្រធាន​ក្រុម​ហ៊ុន​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​ឈ្មោះ អាគីព (AQIP) ដែល​ជា​ក្រុមហ៊ុន​លក់​ពូជ​ដំណាំ​កសិកម្ម​តែ​មួយ​គត់​នៅ​ក្នុង​ស្រុក​នោះ បាន​ជំទាស់ ៖ «យើង​បាន​ប្រឹង​ប្រែង​ដោយសារ​មុខ​របរ​របស់​យើង​មួយ​ដែល​ត្រូវ​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​គុណភាព អ៊ីចឹង​ចាំ​បាច់​ណាស់ គឺ​ផលិត​ផល​របស់​យើង​ដែល​បាន​កំណត់​ដោយ​ក្រុម​ហ៊ុន​របស់​យើង ហើយ​សូម​ជម្រាប​ផង​ដែរ​ថា ស្តង់ដារ​យើង​នេះ​យើង​អាច​ចាត់​ទុក​ថា ជា​ស្តង់ដារ​អន្តរជាតិ​ចុះ​ ពី​ព្រោះ​ខ្ញុំ​បាន​ឆែក​មើល​ស្តង់ដារ​​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ប្រទេស​​ហ្វីលីពីន (Philippines) ស្តង់ដារ​ខារឌី (CARDI) របស់​យើង​ហ្នឹង គឺ​ស្តង់ដារ​យើង​​ស្ថិត​នៅ​ក្នុង​រង្វង់​ស្តង់ដារ​ដែល​អាច​ទទួល​យក​បាន គឺ​ស្ថិត​នៅ​ក្នុង​ស្តង់ដារ​អន្តរ​ជាតិ»

យ៉ាង​ណា​ក្ដី លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​អង្ករ​កម្ពុជា រំលឹក​ថា គុណភាព​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​កម្ពុជា នៅ​ទាប​ឡើយ ជាពិសេស ពូជ​ស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ការ​នាំ​ចេញ ដែល​គេ​ត្រូវ​ជ្រើសរើស​ពូជ​ឲ្យ​បាន​ត្រឹមត្រូវ ៖ «យើង​ជួប​បញ្ហា​នឹង​ហើយ ដែល​យើង​ថា​ ដូច​បរិមាណ​សល់​រាប់​លាន​តោន​ តែ​វា​ច្រើន​មុខ អ៊ីចឹង​ការ​កំណត់​ទី​ផ្សារ​ដែល​គេ​មក​ទិញ​គេ​ត្រូវ​ការ​​ប្រភេទ​គ្រាប់​វែង ទន់​ ក្រអូប​ឆ្ងាញ់​ គេ​ត្រូវ​ការ​ច្រើន​តម្លៃ​ខ្ពស់ តែ​ដល់​យើង​អត់​មាន​អង្ករ​ទន់ ក្រអូប ឆ្ងាញ់ ពូជ​មិន​សុទ្ធ​យើង​បាន​តម្លៃ​ទាប​ជាង​គេ។ អ៊ីចឹង យើង​ចង់​បាន​ចំណុច​អ៊ីចឹង ចំណុច​ខ្ពស់​គុណភាព​ដូច​គេ អា​ហ្នឹង ​យើង​ត្រូវ​កែប្រែ​ពូជ​ និង​ការ​ផលិត​បច្ចេកទេស​ដល់​កសិករ ដើម្បី​យើង​ជួយ​ជំរុញ​ដល់​គាត់​ ដើម្បី​យើង​បាន​ទទួល​ផល​នាំចេញ»

លោក​បន្ត​ថា ពូជ​ស្រូវ​ដែល​មាន​តម្លៃ​នៅ​ទីផ្សារ​អន្តរ​ជាតិ​សព្វ​ថ្ងៃ​នេះ មាន​ដូច​ជា ពូជ​ស្រូវ​ក្រអូប ឈ្មោះ ផ្កា​រំដួល សែន​ពិដោរ សូម៉ាលី និង​រាំង​ជ័យ​ ជាដើម លោក ភូ ពុយ បន្ថែម ៖ «លក្ខណៈ​ពូជ​នឹង​ខ្ញុំ​គិត​ថា គួរ​តែ​ប្រើ​ពូជ​ ដែល​ត្រូវ​នឹង​ទីផ្សារ ​​ហើយ​បរិមាណ​ច្រើន​ កសិករ​ធ្វើ​បាន​លុយ​ច្រើន អា​នឹង​យើង​ត្រូវ​ជំរុញ ជំរុញ​ពីរ​មុខ ឬ​បី​មុខ។ ប៉ុន្តែ ពូជ​ផ្សេង​ទៀត​ដែល​គាត់​ធ្វើ​ ចង់​មាន​ច្រើន​មុខ​ក៏​ដោយ​គាត់​ធ្វើ​ក្នុង​ចំនួន​ណា​មួយ​។ ប៉ុន្តែ ចំនួន​ដែល​ត្រូវ​ការ​ចាំបាច់​ត្រូវ​ជំរុញ​គាត់​ឲ្យ​គាត់​ខំ​ផលិត ដើម្បី​ទទួល​ទី​ផ្សារ​មួយ​ច្បាស់​លាស់ ហើយ​គាត់​ក៏​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​មួយ​របស់​​គាត់​ក៏​កើន​ជាង​មុន​ដែរ អា​ហ្នឹង​ជា​ចំណុច​សំខាន់»

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​បាន​សម្រេច​បង្កើត​ជា​សេចក្ដី​ព្រាង​មួយ​ស្ដី​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ពូជ​ដំណាំ​កម្ពុជា ហើយ​​ដាក់​ជូន​ឲ្យ​ក្រសួង​កសិកម្ម សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ៕