រដ្ឋមន្ត្រី​ការបរទេស​ថៃ​គ្រោង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន

រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី​របស់​ប្រទេស​ថៃ​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​និង​បន្ត​ការចរចា​រឿង​ប្រាសាទ​ព្រះវិហារ​បន្ត​ទៀត។
ដោយ សោភ័ណ
2008.12.30
Share on WhatsApp
Share on WhatsApp
ទាហានខ្មែរថៃ ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​ទទួល​ប្រាក់​ជំនួយ​កូរ៉េ​នៅ​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​ប្រទេស​ថៃ​មាន​គម្រោង​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នឹង​បន្ត​ធ្វើការ​ចរចា​រឿង​ប្រាសាទ​ព្រះវិហារ​ដោយ​សន្តិភាព​និង​មិត្តភាព។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា ៖ «យើង​នឹង​បន្ត​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​ក្នុង​សន្តិភាព​និង​មិត្តភាព​ជាមួយ​កម្ពុជា​នូវ​បញ្ហា​ព្រំដែន​នេះ។ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា អាច​និយាយ​ដល់​ការប៉ះ​ទង្គិច​យោធា​នេះ​គឺ​ហួស​សម័យ​ហើយ ប៉ុន្តែ​គ្រាន់តែ​មាន​ការយឺតយ៉ាវ​ដោយសារ​សភាពការណ៍​នៅ​ថៃ អស់​លោក​ជ្រាប​ស្រាប់​ហើយ អ្វីៗ​ត្រូវ​សុំ​ការអនុម័ត​ពី​សភា ហើយ​សភា​ប្រជុំ​មិន​ទាន់​បាន​ផង ព្រឹក​ហ្នឹង​ម៉ោង​៩​កន្លះ​មិន​ដឹង​ប្រជុំ​បាន​មិន​បាន​ផង​ដើម្បី​អនុម័ត​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី។ ដូច្នេះ​គឺ​សភាពការណ៍​ផ្ទៃ​ក្នុង​អ៊ីចឹង យើង​ត្រូវតែ​មាន​ការអត់ធ្មត់​រង់ចាំ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គង់ បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​គ្រាន់តែ​បាន​បង្ហាញ​ពី​ឆន្ទៈ​ថា​នឹង​បន្ត​ចរចា​រឿង​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​ណា​មួយ​នៅ​ឡើយ ហើយ​ទាំង​កម្ពុជា​និង​ថៃ​មិន​ទាន់​បាន​ដឹង​ថា​ត្រូវ​មាន​ប្រធានបទ​អ្វី​ផ្សេង​ទៀត​យក​មក​ជជែក​នៅ​ឡើយ​ដែរ។

អ្នក​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ថា កាលពី​ប្រជុំ​ចុង​ក្រោយ​រវាង​ភាគី​កម្ពុជា​ថៃ​នៅ​សៀមរាប​នោះ គឺ​ភាគី​ទាំង​ពីរ​បាន​យល់យោគ​គ្នា​ហើយ ដោយ​ត្រូវ​ទៅ​ពិនិត្យ​ជា​បន្ទាន់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ការពិនិត្យ​មើល​ការបោះ​បង្គោល​ព្រំដែន​សីមា​ផងដែរ គឺ​តាម​បច្ចេកទេស​និង​ការងារ​ច្បាប់។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «អា​ហ្នឹង​ការងារ​ត្រូវតែ​បន្ត ការងារ​ហ្នឹង​ជា​ការងារ​គេ​ហៅ​ថា កាតព្វកិច្ច​អន្តរជាតិ​ដែល​ទាក់ទិន​នឹង​ការចុះ​សន្ធិសញ្ញា​និង​អនុសញ្ញា​ដែល​យើង​មាន​ស្រាប់​អស់​ហើយ ដូច​ជា​ការអនុវត្ត​នូវ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ដែល​ជា​កញ្ចប់​នៃ​ការងារ​ផ្សព្វផ្សាយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ»

កាល​ពី​ពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ដែល​ទើប​នឹង​កាន់​តំណែង​ថ្មី លោក កាស៊ីត ភិរុម បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ថៃ​បន្ទាប់​ពី​ពិធី​ទទួល​តំណែង​ថា លោក​នឹង​ខិតខំ​រក​វិធានការ​ជា​គោលការណ៍​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​នឹង​កម្ពុជា។

សូម​ជម្រាប​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​តា​ទុំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ កង​រក្សា​ព្រំដែន​ខ្មែរ​កំពុង​មាន​ការប្រុង​ប្រយ័ត្ន​ដោយសារ​តែ​ថៃ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្បែរ​ៗ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។