នៅក្នុងរយៈពេល ១២ខែក្នុងឆ្នាំ២០១២ នេះ មានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនកើតឡើងទាក់ទងនឹងដំណើរការជំនុំជម្រះនៃសាលាក្ដីកូនកាត់នេះ។
បាទ! ទីមួយ គឺទាក់ទងនឹងករណីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានចេញរបាយការណ៍មួយទាក់ទងនឹងសេចក្ដីបដិសេធរបស់តុលាការកំពូល ចំពោះសេចក្ដីសម្រេចរបស់ខ្លួនដែលឱ្យដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ។
តុលាការកំពូល បង្គាប់ដល់អង្គជំនុំជម្រះសាលាដំបូងឱ្យអនុវត្តនូវវិធានការមួយចំនួន ក្នុងអំឡុងពេលជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបន្តការឃុំខ្លួននោះ។ វិធានការទាំងនេះ បន្ថែមការព្យាបាលដល់ជនជាប់ចោទ ដើម្បីឱ្យសុខភាពស្មារតីរបស់គាត់ប្រសើរឡើងវិញ និងអាចចូលរួមសវនាការបាន។ ការព្យាបាលនេះ គឺនៅមន្ទីរពេទ្យ ឬកន្លែងណាមួយសមស្របក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅក្រោមការត្រួតពិនិត្យដោយគ្រូពេទ្យជំនាញផ្នែកវិកលចរិត និងជំងឺមនុស្សចាស់ចំនួន ៥រូប ដែលតែងតាំងដោយសាលាក្ដីខ្មែរក្រហម។
អ្នកជំនាញអន្តរជាតិក្នុងក្រុមរបស់សាស្ត្រាចារ្យ ចន ខាំប៊ែល (John Campbell) ដែលមានក្រុមវេជ្ជបណ្ឌិតជំនាញវិកលចរិត និងជំងឺមនុស្សចាស់ រាយការណ៍ជូនអង្គជំនុំជម្រះនៅថ្ងៃទី៣០ និង៣១ សីហា ថា អាការៈជំងឺវង្វេងស្មារតី ឬហៅថាជំងឺអាលហ្សៃមើរ (Alzheimer) របស់ជនជាប់ចោទ អៀង ធីរិទ្ធ វ័យ ៨០ឆ្នាំ មិនបានធូរស្រាលទេ ទោះជាបានព្យាបាលដោយប្រើកម្មវិធី និងថ្នាំបង្កើនបញ្ញាស្មារតីរយៈពេល ៦ខែក្ដី។ អ្នកជំនាញបញ្ជាក់ថា ការចុះខ្សោយនៃដំណើរការខួរក្បាលរបស់ជនជាប់ចោទ អៀង ធីរិទ្ធ មិនអាចវិលមកសភាពធម្មតាបានទេ និងអស់លទ្ធភាពព្យាបាលហើយ។
តាមរបាយការណ៍អ្នកជំនាញនេះ ទើបនៅថ្ងៃទី១៣ កញ្ញា អង្គជំនុំជម្រះសាលាដំបូង សម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ។ ការសម្រេចដោះលែងនេះ ត្រូវបានភាគីសហព្រះរាជអាជ្ញាជំទាស់ប្ដឹងទៅតុលាការកំពូល។ តុលាការកំពូលសម្រេចឱ្យដោះលែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា បើទោះជាដោះលែងតាមការសម្រេចរបស់សាលាដំបូងក្ដី ក៏តុលាការកំពូលភ្ជាប់លក្ខខណ្ឌបណ្ដោះអាសន្នមួយចំនួនដែរ៖ «ទី១ គឺជនជាប់ចោទត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែលខ្លួនត្រូវស្នាក់នៅ ហើយមិនត្រូវផ្លាស់ប្ដូរដោយមិនមានការអនុញ្ញាតពីអង្គជំនុំជម្រះឡើយ។ ទី២ ជនជាប់ចោទត្រូវប្រគល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចេញក្រៅព្រំប្រទល់នៃដែនដីព្រះរាជាណាចក្រកម្ពុជា ទេ ហើយនិងទី៣ គឺជនជាប់ចោទត្រូវគោរពតាមដីកាកោះ ដែលចេញដោយតុលាការ និងបង្គាប់ដល់ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវមានកាតព្វកិច្ចមិនជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាល»។
អង្គជំនុំជម្រះបញ្ជាក់ចុងក្រោយថា សេចក្ដីសម្រេចដែលថាជនជាប់ចោទមិនមានសម្បទាបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការនេះ មិនមែនជាការសម្រេចអំពីពិរុទ្ធភាពរបស់ជនជាប់ចោទ អៀង ធីរិទ្ធ ឡើយ ហើយជនជនជាប់ចោទក៏មិនរួចពីការចោទប្រកាន់ដែរ។
ទាក់ទងនឹងការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ បានធ្វើឱ្យភាគីជនរងគ្រោះ ទាំងមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី និងដើមបណ្ដឹងរដ្ឋប្បវេណីផ្ទាល់ មានប្រតិកម្មភ្លាមៗ ដោយការមិនពេញចិត្ត។
រីឯជនជាប់ចោទ អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យ វិញ ត្រូវបានទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី៧ ខែកញ្ញា ដោយសារបញ្ហាបេះដូង និងសួត។
ក្រឡាបញ្ជីតុលាការ លោក ឌុច ផារី បានអានរបាយការណ៍របស់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ថា ជនជាប់ចោទ អៀង សារី មានបញ្ហារលាកសួត៖ «លោក អៀង សារី ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោមរោគសញ្ញាក្អកជាប់ ពិបាកដកដង្ហើម និងវិលមុខ។ រយៈពេលនៃការព្យាបាល និងតាមដាន បញ្ជាក់ថា លោក អៀង សារី មានរោគវិនិច្ឆ័យរលាកទងសួតស្រួចស្រាវ បន្ថែមលើរោគដែលលោកមានស្រាប់ពីពេលមុន ជំងឺបេះដូង និងសរសៃឈាម»។
ពីរខែក្រោយមក អ្នកជំនាញផ្នែកជំងឺមនុស្សចាស់ លោកសាស្ត្រាចារ្យ ចន ខាំប៊ែល វាយតម្លៃថា ជនជាប់ចោទ អៀង សារី មិនសមស្របនឹងស្នាក់នៅក្នុងមន្ទីរពេទ្យទៀតទេ គឺអាចមកចូលរួមសវនាការបាន ព្រោះជនជាប់ចោទ អៀង សារី មានជំងឺផ្នែករាងកាយ ប៉ុន្តែមិនមានបញ្ហាសតិបញ្ញា និងស្មារតីទេ។ នៅថ្ងៃទី៧ វិច្ឆិកា ជនជាប់ចោទត្រូវបានបញ្ជូនមកមន្ទីរឃុំឃាំងវិញ។
សវនាការភាគច្រើននៅចុងឆ្នាំ២០១២ ជនជាប់ចោទ អៀង សារី លះបង់សិទ្ធិស្ដាប់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួន ដោយសារតែអង្គុយមិនបានយូរ។ មេធាវីការពារក្ដីជនជាប់ចោទ អៀង សារី គឺលោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) លើកឡើងថា កូនក្ដីលោកមានបញ្ហាផ្ចង់អារម្មណ៍តាមដានសវនាការដែរ ក្រៅពីបញ្ហាសុខភាពរាងកាយ។ លោកស្នើសុំឱ្យមានអ្នកជំនាញវាយតម្លៃបន្ថែម ក៏ប៉ុន្តែអង្គជំនុំជម្រះបដិសេធ។
ដោយឡែកទាក់ទងនឹងមន្ត្រីតុលាការអន្តរជាតិវិញ គឺក្រោយពីលោកចៅក្រម ម៉ាកសែល ឡឺម៉ុង (Marcel lemond) លាលែងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិទៅ មានមន្ត្រីមួយចំនួនទៀតបានលាលែងជាបន្តបន្ទាប់ដែរ។ ក្នុងនោះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ស៊ីក ហ្វ្រ៊ីដ ប្លាំង (Siegfried Blunk) បានលាលែងកាលពីចុងឆ្នាំ២០១១។
បន្ទាប់ពីការលាលែងរបស់លោក ស៊ីក ហ្វ្រ៊ីដ ប្លាំង សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ លោក ឡូរ៉ង់ កាស្ពើ អង់ស៊ើម៉េ (Laurent Kasper Ansermet) បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់លោកក្នុងការផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់សាធារណជន ទាក់ទងនឹងដំណើរការវិវឌ្ឍន៍សំខាន់ៗក្នុងសំណុំរឿងលេខ០០៣ និង ០០៤។ ក៏ប៉ុន្តែ លោកថាលោកសោកស្ដាយ ព្រោះសហចៅក្រមស៊ើបអង្កេតជាតិ មិនឯកភាព។ ចំណែកសហចៅក្រមស៊ើបអង្កេតជាតិ តបវិញថា ទង្វើរបស់លោក ឡូរ៉ង់ កាស្ពើ អង់ស៊ើម៉េ ជាការខ្វះការយោគយល់ ខ្វះការពិចារណាគោលការណ៍ច្បាប់ និងបំពេញការងារដូចជាអ្នកផ្សព្វផ្សាយព័ត៌មាន ជាជាងមន្ត្រីតុលាការ។
បន្ទាប់ពីការលាលែងសហចៅក្រមស៊ើបអង្កេតអន្តរជាតិមួយរូប គឺលោក ស៊ីក ហ្វ្រ៊ីដ ប្លាំង កាលពីចុងឆ្នាំ២០១១ ទៅ ធ្វើឱ្យតំណែងសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅទំនេរជាច្រើនខែ។ ខាងភាគីអន្តរជាតិប្រកាសថា លោកចៅក្រម ឡូរ៉ង់ កាស្ពែរ អានសឺម៉េ ដែលជាចៅក្រមបម្រុងត្រូវតែទទួលតំណែងនេះពេញសិទ្ធិ ក៏ប៉ុន្តែភាគីកម្ពុជា ជំទាស់។ បញ្ហានេះ ធ្វើឱ្យមានភាពចម្រូងចម្រាសរវាងភាគីកម្ពុជា និងអន្តរជាតិ។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ថ្លែងថា មានការយល់ច្រឡំច្រើនទាក់ទងនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ រឿងតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលចែងថា ក្នុងករណីមានកន្លែងទំនេរ អ្នកដែលត្រូវតែងតាំងឱ្យបំពេញកន្លែងនោះ ត្រូវតែជាចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងនោះតែម្ដង៖ «វាជាការពិត កាលណាមានចៅក្រមលាលែង គឺចៅក្រមបម្រុងនឹងចូលមកជំនួសកន្លែងទំនេរនេះ។ ប៉ុន្តែមិនមែនបានន័យថា ចៅក្រមបម្រុងរូបនោះ ក្លាយទៅជាចៅក្រមស៊ើបអង្កេតអន្តរជាតិស្វ័យប្រវត្តិឡើយ គឺត្រូវឆ្លងកាត់ការតែងតាំងពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីមានការចាត់តាំងពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ នេះគឺជានីតិវិធីដែលត្រូវធ្វើ»។
បញ្ហាមិនចុះសម្រុងគ្នាលើការតែងតាំងលោកចៅក្រម ឡូរ៉ង់ កាស្ពែរ អានសឺម៉េ ជាចៅក្រមស៊ើបអង្កេតពេញសិទ្ធិ បានអូសបន្លាយអស់ពេលកន្លះឆ្នាំ បើទោះជាមានជំនួបពិភាក្សាគ្នារវាងអ្នកជំនាញពិសេសនៃអង្គការសហប្រជាជាតិ លោក ដេវីដ សែហ៊្វើ (David Scheffer) និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏ដោយ។
ទីបំផុត នៅខែឧសភា ឆ្នាំ២០១២ លោកចៅក្រម ឡូរ៉ង់ កាស្ពែរ អានសឺម៉េ ដែលជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង បានលាលែងទៀត។
ចាប់តាំងពីចុងឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៦ ខែតុលា ទើបមានលោកចៅក្រម ម៉ាក ហាម៉ុន (Mark Harmon) ធ្វើពិធីសម្បថចូលកាន់តំណែងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី នៅសាលាក្ដីខ្មែរក្រហម។
ក្រោយការចូលកាន់តំណែង លោកបានបន្តការងារលើសំណុំរឿង០០៣ និង ០០៤ ជាមួយនឹងសហភាតារបស់លោក គឺលោកសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង។
នៅខែឧសភា ឆ្នាំ២០១២ ដែរ ចៅក្រមអន្តរជាតិនៅសាលាក្ដីខ្មែរក្រហម គឺលោក ម៉ូតូអុ ណូហ្គុឈិ (Motoo Noguchi) លាលែងពីតួនាទីរបស់លោកជាចៅក្រមតុលាការកំពូល។
លោកចៅក្រម ម៉ូតូអុ ណូហ្គុឈិ លាលែងពីសាលាក្ដីខ្មែរក្រហម ទៅបម្រើការងារនៅក្រសួងយុត្តិធម៌ឯប្រទេសជប៉ុន វិញ។
កាលពីថ្ងៃទី១៩ ខែធ្នូ ក្រុមមេធាវីអន្តរជាតិការពារក្ដីឱ្យជនជប់ចោទ នួន ជា ចំនួន ៣រូប បានប្រកាសលាឈប់ពីតួនាទីរបស់ខ្លួននៅសាលាក្ដីខ្មែរក្រហម។ មេធាវីទាំង ៣រូបនោះ មានលោក ម៉ៃឃើល ផេសមែន (Michiel Pestman) លោក អែនឌ្រូ អ៊ីនូហ្ស៊ី (Andrew Ianuzzi) និងលោក ចាសស្ពើរ ប៉ាវ (Jasper Pauw)។ លោកទាំង៣ លើកហេតុផលថា លោកមិនអាចបំពេញការងារការពារក្ដីបានពេញលេញ ព្រោះតែមានការជ្រៀតជ្រែកនយោបាយពីរដ្ឋាភិបាលចូលក្នុងកិច្ចការរបស់សាលាក្ដីខ្មែរក្រហម។
ចំណែកឯរដ្ឋាភិបាល បានហៅការចោទប្រកាន់នេះថា មិនមែនជាការពិត ហើយថា ក្រុមមេធាវីទាំងនោះមានអាកប្បកិរិយាក្រអឺតក្រទម ច្រងេងច្រងាងក្នុងសវនាការ និងត្រូវអង្គជំនុំជម្រះដេញចេញពីសវនាការផង ហើយថា ការលាឈប់របស់ក្រុមមេធាវីអន្តរជាតិទាំងនោះ គឺដោយសារចប់អាណត្តិ និងបញ្ហាផ្ទាល់ខ្លួន។
ទាក់ទងនឹងបញ្ហាថវិកាវិញ សាលាក្ដីខ្មែរក្រហម តែងតែជួបការលំបាកជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ បុគ្គលិកបម្រើការនៅសាលាក្ដីខ្មែរក្រហមខាងភាគីខ្មែរ ប្រមាណ ៣០០នាក់ នៅតែមិនទាន់បានបើកប្រាក់ខែ សម្រាប់ខែធ្នូ ឆ្នាំ២០១២ នៅឡើយទេ។
ក៏ប៉ុន្តែ មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមលោក នេត្រ ភក្ត្រា ថ្លែងថា ថវិកាសម្រាប់ឆ្នាំ២០១២ នេះ គឺមិនចោទជាបញ្ហាទេ ពីព្រោះក្រុមប្រទេសផ្ដល់ជំនួយ បានសន្យាផ្ដល់គ្រប់ចំនួនហើយ គ្រាន់តែយឺតយ៉ាវបន្តិចបន្តួចប៉ុណ្ណោះ៖ «មានន័យថា វាអាចយឺតមួយសប្ដាហ៍ ឬពីសប្ដាហ៍ ដើម្បីបើកប្រាក់បៀវត្សជូនដល់បុគ្គលិកទាំងអស់ហ្នឹង។ តែឥឡូវហ្នឹង គេកំពុងដោះស្រាយបញ្ហាហ្នឹងហើយ ដើម្បីឱ្យប្រាក់ខែសម្រាប់ឆ្នាំ២០១២ ខែធ្នូ។ ដោយឡែកឆ្នាំ២០១៣ យើងអត់ដឹងនៅឡើយទេ»។
លោក នេត្រ ភក្ត្រា ថ្លែងឱ្យដឹងថា ថវិកាសម្រាប់ដំណើរការការជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសម្រាប់ឆ្នាំ២០១៣ នៅមិនទាន់ប្រាកដប្រជានៅឡើយទេ បើទោះជាគម្រោងថវិកាត្រូវបានដាក់ជូនប្រទេសផ្ដល់ជំនួយអស់រយៈពេលជិតមួយឆ្នាំមកហើយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។