អង្គការ​លើកលែង​ទោស​អន្តរជាតិ​​សុំ​​ឲ្យ​ដោះលែង​សកម្មជន​បក្ស​សមរង្ស៊ី

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដោយ​សុំ​ឲ្យ​តុលាការ​ប្រទេស​កម្ពុជា ​ដោះ​លែង​សកម្មជន​គណបក្ស សម រង្ស៊ី មួយ​រូប​ជា​អ្នក​ទោស​​មនសិការ ​​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។
ដោយ ខែ សុណង
2010-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)
គេហទំព័រ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)
http://www.amnesty.org

លោក ទួត សារ៉ន ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បារាយណ៍ គណបក្ស សម រង្ស៊ី និង​ជា​អតីត​មេ​ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ហៅ​គាត់​ថា ជា​អ្នក​ទោស​មនសិការ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០០៨។ លោក​ត្រូវ​តុលាការ​ខេត្ត​កំពង់ធំ កាត់​ទោស​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០០៩ ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ដោយ​កាត់​ឲ្យ​ជាប់​ទោស​ចំនួន ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាប់​ចំនួន ២.៥០០​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​សមាជិក​គណបក្ស សម រង្ស៊ី ម្នាក់​ផ្លាស់​ប្ដូរ​ភក្ដីភាព​របស់​ខ្លួន​ពី​គណបក្ស សម រង្ស៊ី ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​តស៊ូ​ដើម្បី​យុត្តិធម៌ ដើម្បី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ត​ទៅ​ទៀត ដោយសារ​ការ​តស៊ូ​នេះ​នឹង​មិន​ឯកោ​នោះ​ទេ ហើយ​អន្តរជាតិ​គេ​នឹង​វាយ​តម្លៃ​ខ្ពស់ និង​គោរព​នូវ​វីរភាព​របស់​អ្នក​នយោបាយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​អាច​មាន​អង្គការ​ក្រៅ​ប្រទេស​ណា​មួយ ដែល​អាច​មក​ដាក់​ការ​គំរាមកំហែង​លើ​រាជ​រដ្ឋាភិបាល ឬ​គំរាមកំហែង​ទៅ​លើ​តុលាការ​ជាតិ ឬ​គំរាមកំហែង​ទៅ​លើ​ស្ថាប័ន​ដទៃ​ទៀត ដូច​ជា​តុលាការ ឬ​ព្រះមហាក្សត្រ មិន​អាច​ប៉ះ​ពាល់​បាន ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ដែល​សមាជិក​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ»

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ដែល​ធ្លាប់​បាន​ជួប​សួរ​សុខ​ទុក្ខ​លោក ទួត សារ៉ន នៅ​ក្នុង​ពន្ធនាគារ​ក្នុង​នាម​អង្គការ​មនុស្ស​ធម៌​កាល​ពី​ពេល​កន្លង​មក បាន​គាំទ្រ​ចំពោះ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​សុំ​ឲ្យ​តុលាការ​ប្រទេស​កម្ពុជា ធ្វើការ​ដោះលែង​សកម្មជន​បក្ស សម រង្ស៊ី រូប​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ករណី​នេះ​ថា ការ​ចាប់​ខ្លួន​នេះ​មិន​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង និង​ពង្រត់​នេះ​ទេ។ ការិយាល័យ​នេះ​ក៏​បាន​ផ្ដល់​ការ​រក​ឃើញ​របស់​ខ្លួន​ទៅ​តុលាការ និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ផង​ដែរ តែ​នៅ​ពេល​ជំនុំ​ជម្រះ​ទោស គ្មាន​ភស្តុតាង​ស៊ី​សង្វាក់ និង​បទ​ល្មើស​ដែល​បាន​ចោទ​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល