វត្តមាន​បេសកជន​យូណេស្កូ​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា?

តើ​ការ​ពិភាក្សា​រវាង​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ (UNESCO) និង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា យ៉ាង​ណា​ខ្លះ?

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ​មក​កម្ពុជា ស្រប​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ ស្ថិត​នៅ​មាត់​ច្រក​នៃ​ភ្លើង​សង្គ្រាម​ព្រំដែន​ខ្មែរ-​ថៃ។

ក្រុម​អ្នក​តាមដាន​ស្ថានភាព​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​សម្ដែង​ការ​យល់​ឃើញ​ថា វត្តមាន​របស់​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) នៅ​ពេល​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា គឺ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​កម្ពុជា ឬ​ធ្វើ​ឲ្យ​កម្ពុជា មាន​ប្រៀប​លើ​ភាគី​ថៃ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ខ្មែរ-​ថៃ និង​កិច្ច​ការពារ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​ភាគី​ថៃ ចិញ្ចឹម​ចិត្ត​ចង់​ដណ្ដើម​កាន់កាប់ និង​ជា​ចំណុច​បង្ក​ជម្លោះ​ព្រំដែន។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ទោះ​បី​លទ្ធផល​មិន​បាន​ដូច​ការ​ដែល​ពលរដ្ឋ​កម្ពុជា រំពឹង​ទុក​ក្ដី ដូចជា​ករណី​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា មិន​បាន​ទៅ​មើល​ការ​ខូចខាត​នៅ​ប្រាសាទ​ព្រះវិហារ​ផ្ទាល់​តាម​ការ​គ្រោង​ទុក​ជាដើម ប៉ុន្តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​បាន​ផ្ដល់​សារសំខាន់​ដល់​កម្ពុជា ក្នុង​ការ​សម្រប​សម្រួល​ទាក់ទិន​ករណី​ដោះស្រាយ​ជម្លោះ​ថៃ ឈ្លាន​ពាន​មក​លើ​កម្ពុជា ក៏​ដូចជា​ករណី​ស្វែង​រក​ការ​ពិត​ដែល​ថៃ បាន​បាញ់​ផ្លោង​ដោយ​អាវុធ​ធុន​តូច និង​ធំ​មក​លើ​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​ប៉ះពាល់​ខូចខាត​ប្រាសាទ​យ៉ាង​ដំណំ។

លោក រ៉ុង ឈុន បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា តំណាង​យូណេស្កូ ត្រូវ​តែ​ចាប់​បង្ខំ ទី​១ គឺ​បង្ខំ​ឲ្យ​បញ្ឈប់​វាយ​ប្រហារ​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​វាយ​ប្រហារ​កម្ពុជា និង​ត្រូវ​តែ​បង្ខំ​ឲ្យ​ភាគី​សៀម ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត និង​ត្រូវ​តែ​ធ្វើការ​អភិវឌ្ឍន៍​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ»

លោក​បន្ត​ថា តំណាង​យូណេស្កូ ក៏​ជា​សាក្សី​សំខាន់​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ទៅ​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ ឲ្យ​គេ​យល់​ច្បាស់​អំពី​ជម្លោះ​ខ្មែរ-​ថៃ​នេះ។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ដែរ​ថា លោក​បាន​កត់​សម្គាល់​ឃើញ​នូវ​ចំណុច​៣​ដែល​ជា​ផ្លែផ្កា​ល្អ ជា​ប្រយោជន៍​សម្រាប់​កម្ពុជា ក្រោយ​ពី​មាន​វត្តមាន​របស់​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ​មក​កម្ពុជា ៖ «១​សំណើ​របស់​ទីក្រុង​បាងកក យើង​ឃើញ​ថា គឺ​ស្នើ​ឲ្យ​អង្គការ​យូណេស្កូ ដក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក ហើយ​យូណេស្កូ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​មិន​អាច​ដក​ប្រាសាទ​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក​បាន​ទេ ហើយ​ទី​ពីរ យូណេស្កូ​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​បរិបទ​សម្បត្តិ​វប្បធម៌​មនុស្ស​លោក»

លោក​សង្កេត​ឃើញ​ទៀត​ថា ការ​ដោះស្រាយ​របស់​យូណេស្កូ មាន​ភាព​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដូចជា​ករណី​មិន​លើក​បញ្ហា​ដាក់​បន្ទុក​ភ្លាមៗ​ទៅ​ភាគី​ទី​២ ដោយ​មិន​ដាក់​អ្នក​ជំនាញ​ទៅ​ត្រួត​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ភ្លាមៗ ដើម្បី​បំបាក់​ដៃគូ​ជម្លោះ​ម្ខាង​ទៀត​ទេ តែ​គេ​មាន​គម្រោង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​​ដែល​មាន​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ និង​មាន​ភាគី​ជម្លោះ​ចូល​រួម​ពិនិត្យ​ដោះស្រាយ ដើម្បី​បង្ហាញ​នូវ​ភាព​យុត្តិធម៌។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ត ៖ «គេ​ថា គេ​មិន​ចុះ​ទៅ​មើល​ទេ ប៉ុន្តែ​រឿង​នេះ​គេ​ដឹង​ច្បាស់​ណាស់ គ្រាន់តែ​ឯកសារ​មក​ដល់​ស្រុក​ខ្មែរ​ហ្នឹង គឺ​ខ្មែរ​គេ​បាន​យក​ទៅ​ឲ្យ​យូណេស្កូ​ហើយ ប៉ុន្តែ​គេ​មិន​អាច​និយាយ​បាន និង​ទៅ​មើល​ផ្ទាល់ បើ​មើល​ផ្ទាល់​ហាក់​ដូច​ជា​ផ្គើន ឬ​ផ្ចាញ់ផ្ចាល»

រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​២៨ កុម្ភៈ​ថា បេសកជន​របស់​អង្គការ​យូណេស្កូ មក​កម្ពុជា​នេះ គឺ​ផ្តោត​លើ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​ទេ ហើយ​អ្នក​ជំនាញ​ការ​ពិសេស​របស់​អង្គការ​យូណេស្កូ នឹង​មក​ដល់​ប្រាសាទ​ព្រះវិហារ ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​អាស្រ័យ​លើ​ស្ថានភាព​ធូរស្រាល​នៅ​តំបន់​ព្រះវិហារ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ក្រោយ​ពេល​ដែល​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ដែល​ចាត់​តាំង​ដោយ​អាស៊ាន​ហ្នឹង មក​ដល់​ពេល​ណា ក្រោយ​នោះ​ភ្លាម​គឺ​យូណេស្កូ ចាប់​ផ្ដើម​បញ្ជូន​អ្នក​ដែល​វាយ​តម្លៃ តើ​ការ​ខូចខាត​ហ្នឹង​មាន​ប៉ុណ្ណា? គឺ​ការ​ជួសជុល​ជា​បន្ទាន់​ភ្លាម ក្រោយ​ពេល​ដែល​មាន​ការ​វាយ​តម្លៃ​ថា ប្រាសាទ​ហ្នឹង​ខូច​ខាត​អស់​ប៉ុន្មាន​ភាគរយ? ហើយ​ជ្រើសរើស​អ្នក​ដែល​ជំនាញ​ខាង​ការ​ជួសជុល​ប្រាសាទ​មក​ជា​បន្ទាន់»

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ក្រោយ​ពី​ជំនួប​ជាមួយ​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា ថា ការ​បាញ់​ផ្លោង​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ដោយ​ភាគី​ថៃ គឺ​បាន​រំលោភ​លើ​អនុសញ្ញា​ឆ្នាំ​១៩៥៤ របស់​អង្គការ​យូណេស្កូ ដែល​ជា​អ្នក​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

លោក សុខ អាន មាន​ប្រសាសន៍​ដោយ​ចោទ​ប្រកាន់​ថា ថៃ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សាសនា ប្រឆាំង​វប្បធម៌ ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​កន្លង​មក​នោះ ថៃ​បាន​បាញ់​សំដៅ​បំផ្លាញ​ប្រាសាទ វត្តអារាម​ខ្មែរ ដែល​ជា​ទី​សក្ការៈ​របស់​ពុទ្ធបរិស័ទ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ច្រើន ៖ «អ៊ីចឹង​នេះ​ជា​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ពិត​ប្រាកដ ដែល​ថៃ បាន​ប្រព្រឹត្ត»

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រោយ​ការ​វាយ​តម្លៃ​ការ​ខូចខាត​ប្រាសាទ​ហើយ ជំហាន​ទី​ពីរ គេ​ត្រូវ​គិតគូរ​ពី​ការ​ទទួល​ខុស​ត្រូវ​ជា​អន្តរជាតិ ចំពោះ​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដូចជា​ប្រាសាទ​ព្រះវិហារ​ជា​ដើម​នេះ ៖ «មាន​ន័យ​ថា យូណេស្កូ​ត្រូវ​ដាក់​ផែនការ​ណា​មួយ​លើ​ភាគី​ថៃ ដែល​ថៃ បាន​ប្រើប្រាស់​កង​កម្លាំង​យោធា​មក​លើ​ទឹក​ដី​កម្ពុជា ពិសេស​មក​លើ​បេតិកភណ្ឌ​ពិភពលោក»

លោក ជុច ភឿន បាន​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​បាន​រង​ការ​បាញ់​ផ្លោង​ដោយ​កងទ័ព​ថៃ ចំនួន ៤១៤​គ្រាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ហើយ​លោក​បាន​វាយ​តម្លៃ​ថា ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ការ​ខូចខាត​ប្រមាណ​ពី ៧០% ទៅ ៨០% បើ​ទោះ​បី​គេ​ពុំ​ឃើញ​មាន​ការ​ដួល​រលំ​តួ​ប្រាសាទ​ធំ​ក៏ដោយ៕