សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ម្សិលមិញនេះ បានឲ្យដឹងថា គណៈកម្មាធិការរបស់ពានរង្វាន់ «ភាពថ្លៃថ្នូរនៃមនុស្សជាតិ» បានសម្រេចប្រគល់រង្វាន់ដែលមានតម្លៃជាទឹកប្រាក់ ចំនួន ១លានអឺរ៉ូនេះ ដល់លោកស្រី ម៉ម សុម៉ាលី ជាការទទួលស្គាល់ចំពោះសកម្មភាពតស៊ូប្រឆាំងនឹងការជួញដូរមនុស្សដើម្បីលុបបំបាត់ទាសភាពក្នុងពិភពលោក។
លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការជួយស្រ្តីរងគ្រោះដោយអំពើជួញដូរមនុស្សនិងទាសករផ្លូវភេទ ហៅកាត់ជាភាសាបារាំងថា «AFESIP» មានដើមកំណើតជាស្រ្តីជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនិងធ្លាប់ជាស្រី្តរងគ្រោះដោយអំពើជួញដូរផ្លូវភេទមួយរូបផងដែរ។
ក្រោយពីមានភ័ព្វវាសនារំដោះខ្លួនរួចពីទាសីផ្លូវភេទនេះមក លោកស្រី ម៉ម សុម៉ាលី ជាមួយនឹងអ្នកគាំទ្រជាច្រើននាក់ បានជួយស្រ្តីនិងកុមារីរាប់ពាន់នាក់ឲ្យរួចផុតពីទាសករផ្លូវភេទនៅក្នុងទ្វីបអាស៊ី។
លោកស្រី ម៉ម សុម៉ាលី នឹងទទួលពានរង្វាន់ «ភាពថ្លៃថ្នូរនៃមនុស្សជាតិ» ដោយផ្ទាល់ពីប្រធានាធិបតីអាល្លឺម៉ង់ លោក Horst Kohler នៅក្នុងពិធីជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ ក្នុងទីក្រុងប៊ែរឡាំង៕
