តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​០០២​គ្រោង​ជួប​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម

តំណាង​អ្នក​ដាក់​ពាក្យ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿងក្ដី​ខ្មែរ​ក្រហម​លេខ​០០២ ចំនួន​ជាង ១០០​នាក់ គ្រោង​នឹង​ជួប​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​មីនា​នេះ ក្រោម​ការ​រៀបចំ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក។
ដោយ ឡេង ម៉ាលី
2010-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​តម្រង់​ជួរ​ចូល​ស្ដាប់​សវនាការ ឌុច នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​២២ កក្កដា ២០០៩។
ពលរដ្ឋ​តម្រង់​ជួរ​ចូល​ស្ដាប់​សវនាការ ឌុច នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​២២ កក្កដា ២០០៩។
Courtesy of ECCC

គម្រោង​ជួប​ជុំ​របស់​តំណាង​អ្នក​ដាក់​ពាក្យ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​ជាង ១០០​នាក់​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) តាមរយៈ​សេចក្ដី​ប្រកាស​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា ឆ្នាំ​២០១០។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម និង​តុលាការ​យុត្តិធម៌​អន្តរជាតិ របស់​សមាគម អាដហុក លោក ឡាត់ គី ថ្លែង​ឲ្យ​ដឹង​អំពី​គោល​បំណង​នៃ​ជំនួប​រវាង​តំណាង​អ្នក​ដាក់​ពាក្យ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង​ក្តី​ខ្មែរ​ក្រហម​លេខ​០០២ និង​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ថា​ជា​ការ​នាំ​ឲ្យ​មាន​ជួប​ជុំ​គ្នា​ជា​លើក​ដំបូង​នៃ​អ្នក​តំណាង​ដែល​ត្រូវ​សមាគម អាហុក ជ្រើសរើស​មក​ពី​គ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា។

លោក ឡាត់ គី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «ក្នុង​ឱកាស​ស្អែក​នេះ​ជា​ឱកាស​មួយ ដែល​ពួក​គាត់​ជួបជុំ​គ្នា​ទាំង​អស់​គ្នា គ្រប់​ទាំង​បួន​តំបន់ គ្រប់​ខេត្ត​ក្រុង​ទាំង​អស់។ ទី​ពីរ​ទៀត  ពួក​គាត់​នឹង​មាន​ឱកាស​មួយ​ទៀត នៅ​ក្នុង​ការ​លើក​សំណួរ​ចោទ​សួរ​ដោយ​ផ្ទាល់​ទៅ​ស្ថាប័ន​សាលាក្ដី​ខ្មែរ​ក្រហម ដែល​មាន​ការ​ចូលរួម​ពី​ចៅក្រម​ស៊ើប​អង្កេត, អង្គភាព​គាំទ្រ​ជន​រងគ្រោះ ហើយ​ក៏​ដូច​ជា​សហ​មេធាវី​ជាតិ និង​អន្តរជាតិ មាន​ការ​ចូលរួម​ផង​ដែរ»

តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ខេត្ត​តាកែវ​មួយ​រូប ឈ្មោះ យស ផល ថ្លែង​ឲ្យ​ដឹង​ពី​ការ​រំពឹង​ទុក​របស់​លោក ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី​២៦ មីនា ថា​ជា​ឱកាស​ល្អ​សម្រាប់​រូប​លោក ដើម្បី​សួរ​សំណួរ​ផ្សេងៗ​ទៅ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម ហើយ​លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «បង​ប្អូន​ជន​រងគ្រោះ​មក​ជួបជុំ​គ្នា ខ្ញុំ​សប្បាយ​ចិត្ត​ដែរ ព្រោះ​ថា គាត់​បាន​អញ្ជើញ​មក​ជួយ​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ ឲ្យ​ចៅក្រម និង​មេធាវី​គាត់​ដោះស្រាយ​ឲ្យ​យើង ដូច​ជា​ឲ្យ​បង​ប្អូន​ទូទាំង​ប្រទេស​បាន​ធូរ​ស្បើយ​ពី​អារម្មណ៍ ហើយ​និង​បាន​យុត្តិធម៌ ហើយ​ទុក​ជា​ឯកសារ កុំ​ឲ្យ​មេ​ដឹកនាំ​ក្រោយៗ​ទៀត​យក​តម្រាប់​តាម​ខ្មែរ​ក្រហម ព្រោះ​ថា ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អាក្រក់»

ក្នុង​សំណុំរឿង​ក្ដី​ខ្មែរ​ក្រហម​លេខ​០០២ ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ទើប​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ពេល​ថ្មី​ៗ​នេះ មាន​ជន​ត្រូវ​ចោទ​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន ៥​រូប មាន​ជា​អាទិ លោក នួន ជា, អៀង សារី, អៀង ធីរិទ្ធ, ខៀវ សំផន និង​ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។

ជន​ត្រូវ​ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​វ័យ ៧៩​ឆ្នាំ​ហើយ ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ព្រោះ​ជំងឺ​ផ្ដាសាយ​នោះ ត្រូវ​មន្ត្រី​ទំនាក់​ទំនង​ច្បាប់​សាលាក្ដី​ខ្មែរ​ក្រហម លោក ឡស អលសុន (Lars Olsen) ឲ្យ​ដឹង​ថា បាន​ត្រឡប់​មន្ទីរ​ឃុំឃាំង​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មីនា​នេះ៕

ព័ត៌មាន (0)
Share
An error occurred while generating this part of the page. (log)
គេហទំព័រ​ទាំងមូល