ប្រធានបទសម្រាប់ឆ្នាំ២០០៩គឺ «ឧទ្យានសិល្បៈក្នុងក្ដីស្រមៃ» ឆ្នាំ២០១០ «លំនៅឋានក្នុងក្ដីស្រមៃ» ហើយនិស្សិតដែលចូលរួមប្រកួតប្រជែងក្នុងឆ្នាំនេះត្រូវគិតស្រមើស្រមៃលើប្រធានបទ «សារមន្ទីរសិល្បៈសហសម័យ» សម្រាប់រាជធានីភ្នំពេញ ។
លទ្ធផលនៃការប្រកួតប្រជែងត្រូវបានប្រកាសកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ តែការតាំងពិព័រណ៍ស្នាដៃទាំងអស់នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ ហើយជ័យលាភីចំណាត់ថ្នាក់លេខ៣ បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន (Norton) ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជ័យលាភីចំណាត់ថ្នាក់លេខ១ស្ទួន បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យលឹមកុកវីង។
និស្សិតនៃសាកលវិទ្យាល័យលឹមកុកវីង និងជាជ័យលាភីចំណាត់ថ្នាក់លេខ ១ ស្ទួន កញ្ញា សុខ មួយហ្គេច ថ្លែងថា កញ្ញានិងដៃគូរបស់កញ្ញាបានខិតខំគិតដោយផ្អែកលើមូលដ្ឋានស្ថាបត្យកម្មនិងសិល្បៈបុរាណខ្មែរគួបផ្សំនឹងស្ថាបត្យកម្មសម័យទំនើប ហើយក៏មានការផ្ដល់គំនិតនិងការជួយជ្រោមជ្រែងពីសាស្ត្រាចារ្យព្រមទាំងមិត្តភ័ក្ដិរបស់កញ្ញាផង ទើបទទួលបានជោគជ័យយ៉ាងនេះ។
កញ្ញា សុខ មួយហ្គេច បានឲ្យដឹងបន្ថែមថា មជ្ឈមណ្ឌលវប្បធម៌បារាំងបានផ្ដល់ដល់បេក្ខជនបេក្ខនារីនូវប្រាក់សម្រាប់សម្ភារៈក្នុងការប្រកួតប្រជែង ហើយថា ជោគជ័យដែលក្រុមរបស់កញ្ញាទទួលបាន គឺជាទុនដ៏សំខាន់សម្រាប់អនាគត។
លោក ឡាំ សុខលី ជាដៃគូនិងជាមិត្តរួមថ្នាក់របស់ កញ្ញា សុខ មួយហ្គេច សម្ដែងសេចក្ដីរំភើបចំពោះជោគជ័យដែលទទួលបាន។
សារមន្ទីរសិល្បៈសហសម័យសម្រាប់រាជធានីភ្នំពេញ គឺជាកន្លែងដែលមានអគារមួយ ឬច្រើន។ ចំនួនអាគារនិងចំនួនជាន់របស់អគារគឺអ្នកចូលរួមប្រកួតជាអ្នកសម្រេច។
សារមន្ទីរសិល្បៈសហសម័យសម្រាប់រាជធានីភ្នំពេញមានទីតាំងនៅមាត់ទន្លេសាប ដោយឈរលើបណ្ដោយអ័ក្សត្រង់ ដែលរត់ពីស្ថានីយរថភ្លើងកាត់តាមផ្សាររាត្រីទៅមាត់ទន្លេសាប។ សារមន្ទីរនេះនឹងត្រូវសាងសង់នៅលើទីធ្លាដែលមានបណ្ដោយ ១០០ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ។ បេក្ខជនក៏មានលទ្ធភាពសង់អគារនៅលើច្រាំងទន្លេ បាន ៦ ម៉ែត្រទៀតដែរ ដោយប្រើសសរខ្ពស់ៗ៕
