សភា​ជាតិ​អនុម័ត​ព្យួរ​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា សភា​ជាតិ​បាន​អនុម័ត​ជា​ផ្លូវ​ការ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​សមាជិក​សភា​ដែល​មក​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក៏ដោយ។

0:00 / 0:00

សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា នៅ​ថៃ្ង​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា បាន​បោះឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​ពី​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ហើយ តាម​សំណើ​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​នេះ​ស៊ើប​អង្កេត​និង​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​បោះ​ឆ្នោត​នោះ​បាន​ធ្វើ​ទ្បើង​ដោយ​សំឡេង​ឯកច្ឆន្ទ គឺ​៨៧​លើ​៨៧​សំឡេង នៅ​ក្នុង​ចំណោម​តំណាង​រាស្រ្ត​ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆកា​នេះ។

ក្រុម​អ្នក​កាសែត​នានា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សភា​ជាតិ​ដើម្បី​តាម​ដាន​ការ​បោះ​ឆ្នោត​នោះ​ទេ។

តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩។

តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ស្វាយរៀង ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ធ្វើ​នេះ​គឺ​គ្រាន់​តែ​អនុវត្ត​តាម​សំណើ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​តែ​ប៉ុណ្ណោះ ៖ «ធម្មតា​ទេ បោះ​ឆ្នោត​ព្យួរ​អភ័យ​ឯក​សិទ្ធិ។ សំខាន់​រឿង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត គេ​មាន​ការ​ប្ដឹងផ្ដល់​គ្នា​នោះ»

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ខាង​ក្រៅ​សភា​ជាតិ​ថា ៖ «ការ​ធ្វើ​នេះ​គឺ​ជា​ការ​ផ្ដន្ទាទោស​ប្រទេស​ជាតិ​ខ្លួន​ឯង និង​ផ្ដន្ទាទោស​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​បាត់​បង់​ដីធ្លី ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​វៀតណាម ភាគ​ខាង​កើត​នេះ»

ចំណែក​ឯ​លោក សម រង្ស៊ី ផ្ទាល់ ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា ៖ «គេ​ធ្វើ​នេះ​គឺ​តាម​បញ្ជា ព្រោះ​នាយក​រដ្ឋមន្រ្តី​ប្រទេស​វៀតណាម​ហ្នឹង​ចេញ​ឈ្មោះ​ខ្ញុំ ហើយ​បាន​ដាក់​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ឲ្យ​ចាត់​វិធានការ​ចំពោះ​ខ្ញុំ»

លោក ចន ចនសុន (John Johnson) ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​លោក​បាន​សន្យា​ថា នឹង​បន្ត​ការ​តាម​ដាន​សំណុំ​រឿង​នេះ​ជា​បន្ត​ទៀត។

ប្រភព​ពី​មន្រ្តី​គណបក្ស​សមរង្ស៊ី​បាន​ឲ្យ​ដឹង​ថា តំណាង​រាស្រ្ត​ទាំង​២៦​រូប​នឹង​តំណាង​រាស្រ្ត​៣​រូប​ទៀត នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា បាន​ធ្វើ​ពហិការ​មិន​បាន​ចូល​រួម​បោះ​ឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​លោក សម រង្ស៊ី នោះ​ទេ។ តំណាង​រាស្រ្ត​ប្រទេស​កម្ពុជា​សរុប​មាន​ចំនួន​១២៣​នាក់។

ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី ​ចំនួន​ជាង​២០​នាក់ បាន​ដង្ហែ​ក្បួន​អហិង្សា​មួយ​ចេញ​ពី​សភា​ជាតិ កាត់​តាម​ដង​ផ្លូវ​វិមាន​ឯករាជ្យ​ឆ្ពោះ​ទៅ​កាន់​គណបក្ស​នេះ​វិញ​នៅ​ក្រោម​ការ​តាម​ដាន ដោយ​ក្រុម​នគរបាល​ចម្រុះ​រាប់​សិប​នាក់​និង​នគរបាល​ស៊ីវិល​ផង​ដែរ។

ស្រ្តី​ម្នាក់​ឈ្មោះ មូរ សុខម ដែល​បាន​ចូល​រួម​ដង្ហែ​ក្បួន​នោះ​ដែរ​បាន​ថែ្លង​ថា ៖ «សម រង្ស៊ី ដើម្បី​ការពារ​បូរណភាព​ទឹក​ដី បែរ​ទៅ​ជា​គេ​ប្ដឹង​ដក​អភ័យ​ឯក​សិទ្ធិ ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់ ខ្ញុំ​ជា​ប្រជាជន»

សភា​ជាតិ​បាន​បោះ​ឆ្នោត​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​ពី​លោក សម រង្ស៊ី នៅ​ថៃ្ង​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា គឺ​ក្រោយ​ពី​មាន​សំណើ​ពី​តុលាការ​ខេត្ត​ស្វាយរៀង ប្ដឹង​ដោយ​អាជ្ញាធរ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ថ្មីៗ​នេះ។

ការ​ប្តឹង​ចោទ​នោះ​គឺ​ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី បាន​រង​ការ​ចោទ​ថា លោក​បាន​ដក​បង្គោល​ឈើ​តំណាង​ឲ្យ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា កន្លង​ទៅ​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​នឹង​ព្រំដែន​នោះ៕