បុគ្គលិក​សុខាភិបាល​បន្ត​ការតាមដាន​ករណី​ផ្ដាសាយ​បក្សី​នៅ​ខែត្រ​កណ្ដាល

មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​កំពុង​តែ​បន្ត​ការតាមដាន​លើ​មនុស្ស​ដែល​មាន​ការប៉ះពាល់​មាន់​ទា​និង​អ្នក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី នៅ​ឯ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

ការតាមដាន​នេះ​គឺ​បង្កា​ក្រែងលោ​អាច​មាន​ការផ្ទុះ​ឡើង​នូវ​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​សា​ជា​ថ្មី។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា ក្រុម​មន្ត្រី​សុខាភិបាល​នឹង​បន្ត​ត្រួត​ពិនិត្យ​ស្ថានភាព​នៃ​ការផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នោះ​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​ទៀត ដើម្បី​ធានា​ថា​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​លែង​មាន​នៅ​តំបន់​នោះ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ៖ «យើង​នៅ​បន្ត​ទៀត​ក្រែង​អាច​មាន​អ្នក​ខ្លះ​ទៀត។ យើង​នៅ​បន្ត​៨​ថ្ងៃ​ទៀត​រុករក​អ្នក​សង្ស័យ​និង​ប៉ះពាល់​ដដែល»

ការរក​ឃើញ​ករណី​មេរោគ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​ខេត្ត​កណ្តាល​គឺ​បន្ទាប់ពី​មាន​យុវជន​មួយ​រូប​ឈ្មោះ តេង សុភ័ក្រ្ត អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល​និង​រស់នៅ​ខេត្ត​កំពង់ស្ពឺ​បាន​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ហើយ​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទាន់​ពេល​វេលា កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា​កន្លង​ទៅ​នេះ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ តេង សុភ័ក្រ្ត មាន​ស្ថានភាព​ធូរ​ស្រាល​ច្រើន​ហើយ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ចំនួន​៩៥​នាក់​ដែល​គេ​មាន​សង្ស័យ​ថា​អាច​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ហើយ​ជា​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ឈ្មោះ តេង សុភ័ក្រ្ត ប៉ុន្តែ​លទ្ធផល​បង្ហាញ​ថា​ពួក​គាត់​មិន​មាន​ឆ្លង​នោះ​ឡើយ។

រហូត​មក​ទល់​ពេល​នេះ​សត្វ​បក្សី​ចំនួន​៣៤៤​ក្បាល​ហើយ​ត្រូវ​បាន​គេ​សម្លាប់​នៅ​កន្លែង​ដែល​អ្នក​ជំងឺ​បាន​ទទួល​ទាន​សាច់​មាន់​ឈឺ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​នោះ៕