ពួកគេបានចោទប្រកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានថា ធ្វេសប្រហែសមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាអសន្តិសុខក្នុងភូមិ ប៉ុន្តែបានចំណាយពេលវេលាតាមដានសកម្មភាពពលរដ្ឋ ដែលព្យាយាមស្វែងរកដំណោះស្រាយទាក់ទិននឹងបញ្ហាដីធ្លីទៅវិញ។
ក្រុមអ្នកភូមិបានហៅសកម្មភាពតាមដានពួកគេពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយមិនបានចាត់វិធានការដោះស្រាយបញ្ហាអសន្តិសុខក្នុងតំបន់បឹងកក់ថា កំពុងបង្ហាញដល់សាធារណៈមតិជាតិ អន្តរជាតិ អំពីអសមត្ថភាព និងការខ្លាចប៉ះពាល់មុខមាត់ជាកម្ពុជា ដែលជាប្រធានអាស៊ាន។
ពួកគេបានដាក់លិខិតទៅក្រសួងមហាផ្ទៃ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងបណ្ដាស្ថានទូតប្រទេសធំៗមួយចំនួន។ ក្នុងនោះបញ្ជាក់ថា តំណាងអ្នកភូមិបឹងកក់ ៥នាក់ កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែមានមនុស្សការឃ្លាំមើលសកម្មភាពរបស់ពួកគេគ្រប់ពេលវេលា។
តំណាងទាំង ៥នាក់នោះមាន អ្នកស្រី ទេព វន្នី អ្នកស្រី តុល ស្រីពៅ អ្នកស្រី បូ ឆវី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី ផាន់ ឈុនរ៉េត។
តំណាងអ្នកភូមិបឹងកក់អ្នកស្រី ហេង មុំ អោយដឹងថា ការព្រួយបារម្ភបានកើតឡើងនៅពេលដែលបញ្ហាអសន្តិសុខជាច្រើនបានកើតឡើងចំពោះតំណាងអ្នកភូមិបឹងកក់ ក៏ដូចជាក្រុមគ្រួសារពួកគេ។
អ្នកស្រីបន្តថា ក្នុងពេលថ្មីៗនេះមានអំពើចោរកម្មកើតឡើងក្នុងភូមិជាញឹកញាប់ ប៉ុន្តែមិនឃើញអាជ្ញាធរកាត់វិធានការអោយមានប្រសិទ្ធភាពទេ។ ផ្ទុយទៅវិញគេបានចំណាយពេលវេលា និងមនុស្សជាច្រើននាក់ក្នុងការតាមដានតំណាងអ្នកភូមិបឹងកក់។
អ្នកស្រីបន្តថា នេះជារូបភាពនៃការគំរាមកំហែងថ្មីមួយទៀតចំពោះ អ្នកតស៊ូក្នុងជម្លោះដីធ្លី៖ «អ្នកដែលលួចប្លន់ខ្ញុំមិនដែលឃើញអាជ្ញាធរណាចាប់បានជនហ្នឹងយកមកផ្ដន្ទាទោសសោះ! បែរជាមកចាប់តែអ្នកទោសដីធ្លី អ្នកទោសដែលគេប្លន់ដីធ្លីទៅវិញ។ រស់នៅក្នុងតំបន់បឹងកក់សព្វថ្ងៃភ័យខ្លាច។ ភ័យខ្លាចគំនាបពីរដ្ឋាភិបាលពីអាជ្ញាធរផង ភ័យខ្លាចចោរឆក់ចោរប្លន់វ៉ៃដំច្រំធាក់»។
តំណាងអ្នកភូមិបឹងកក់ម្នាក់ទៀត អ្នកស្រី ទេព វន្នី បានទទូចអោយអាជ្ញាធរបញ្ឈប់ការតាមដានអ្នកភូមិបឹងកក់ ហើយងាកមកផ្ដល់ដំណោះស្រាយដល់ពួកគេវិញ។ អ្នកស្រីបន្តដោយព្រមានជាមុនថា ប្រសិនបើមានគ្រោះថ្នាក់ចៃដន្យណាមួយបានកើតឡើងចំពោះពួកគេទាំង ៥រូប នោះគឺពិតជាមានពាក់ព័ន្ធនឹងអាជ្ញាធរដែលព្យាយាមរារាំងពួកគេមិនអោយទាមទារដំណោះស្រាយសម្រាប់អ្នកភូមិបឹងកក់៖ «ប្រជាពលរដ្ឋបានយល់អស់ហើយ មិនចាំបាច់មកបំបាក់ស្មារតីរបស់ពួកខ្ញុំទៀតទេ។ បើសិនជាពួកខ្ញុំខ្លាចស្លាប់ គឺពួកខ្ញុំមិនបានតវ៉ាដល់ថ្ងៃនេះទេ។ ពួកខ្ញុំនៅតែតវ៉ាដល់ថ្ងៃស្លាប់បើនៅតែគ្មានដំណោះស្រាយ»។
ក្រុមអ្នកភូមិប្រទេចផ្ដាសាដល់មន្ត្រីស្លៀកពាក់ស៊ីវិលជាច្រើននាក់ ដែលចូលទៅឃ្លាំមើលសកម្មភាពពួកគេ។ មន្ត្រីម្នាក់ក្នុងចំណោមនោះដែលអ្នកភូមិស្គាល់ថា ជាមេប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ឈ្មោះ លោក តាន់ វណ្ណៈ មិនឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់របស់អ្នកភូមិ ដោយនិយាយយ៉ាងខ្លីថាលោកជាប់រវល់។
ស្របគ្នានេះក្រុមអ្នកភូមិបឹងកក់បានសរសេរបដាមួយចំនួន ដែលជាការអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានកិច្ចប្រជុំអាស៊ាន ចាត់វិធានការបោះព្រំដីទំហំ ១២,៤៤ហិកតារ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃក្នុងតំបន់នេះ។ ជាមួយគ្នានេះក៏បានស្នើអោយបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងការបណ្ដេញពលរដ្ឋពីលំនៅឋានតាមគ្រប់រូបភាព។
មន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត។ លោកមានប្រសាសន៍ថា នេះជារូបភាពថ្មីមួយទៀតនៃការគំរាមកំហែងរបស់អាជ្ញាធរទៅលើសកម្មជនទាមទារសិទ្ធិដីធ្លី៖ «ការពារសន្តិសុខសុវត្ថិភាពជាកាតព្វកិច្ចរបស់សមត្ថកិច្ច នៅកន្លែងណាដូចកន្លែងណាគាត់ត្រូវតែការពារប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ឬក៏មានការគំរាមកំហែងណាមួយដល់ប្រជាពលរដ្ឋទេ»។
អ្នកភូមិបឹងកក់បានតវ៉ាជាច្រើនខែមកហើយបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ១២,៤៤ហិកតារ អោយពួកគេអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ ពួកគេទាមទារអោយអាជ្ញាធរបោះបង្គោលព្រំដីបញ្ជាក់តំបន់ដែលពួកគេត្រូវទទួលបាន ព្រមទាំងដកឈ្មោះក្រុមហ៊ុន និងអ្នកពាក់ព័ន្ធដទៃទៀត ចេញពីតំបន់នេះ និងបញ្ចូលប្រជាពលរដ្ឋជាង ៩០គ្រួសារដែលត្រូវកាត់ចេញអោយទទួលបានចំណែកដីដែលរដ្ឋាភិបាលប្រគល់អោយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
